លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Pence បានថ្លែងកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកនឹងប្តូរទីតាំងស្ថានទូតរបស់ខ្លួនទៅទីក្រុង Jerusalem ក្នុងប្រទេសអ៊ីស្រាអែលនៅចុងឆ្នាំ២០១៩។
នៅចំពោះមុខរដ្ឋសភាអ៊ីស្រាអែល លោក Pence បានថ្លែងថា «នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ រដ្ឋបាលរបស់យើងនឹងពន្លឿនដំណើរការប្តូរទីតាំងស្ថានទូតសហរដ្ឋអាមេរិកទៅទីក្រុងJerusalem ហើយស្ថានទូតអាមេរិក នឹងបើកដំណើរការនៅចុងឆ្នាំក្រោយ។
លោកបានបន្ថែមថា «ទីក្រុង Jerusalem គឺជារដ្ឋធានីរបស់អ៊ីស្រាអែល ហេតុដូច្នេះហើយ បានជាលោកប្រធានាធិបតីTrump បានបញ្ជាទៅក្រសួងការបទេស ឲ្យចាប់ផ្តើមរៀបចំប្តូរស្ថានទូតរបស់យើងពីទីក្រុង Tel Aviv ទៅទីក្រុង Jerusalem»។
លោកប្រធានាធិបតី Donald Trump បានធ្វើខុសពីគោលនយោបាយសហរដ្ឋអាមេរិកដែលមានរាប់ទសវត្សរ៍មកហើយ តាមរយៈការប្រកាសទទួលស្គាល់ទីក្រុង Jerusalem ថាជារដ្ឋធានីរបស់អ៊ីស្រាអែល និងកំពុងរៀបចំដំណើរការផ្លាស់ប្តូរទីតាំងស្ថានទូតអាមេរិកចេញពីទីក្រុង Tel Aviv ផងដែរ។
លោករដ្ឋមន្ត្រីការបរទេស Rex Tillerson ធ្លាប់បានថ្លែងកាលពីមុនថាការផ្លាស់ប្តូរទីតាំងស្ថានទូតអាចត្រូវការពេលជាច្រើនឆ្នាំ។ ប៉ុន្តែកាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Heather Nauert បានអះអាងថា រដ្ឋបាលរបស់លោក Trump «នឹងពន្លឿនដំណើរការប្តូរទីតាំងស្ថានទូតអាមេរិកទៅទីក្រុង Jerusalem និងបើកឲ្យស្ថានទូតនេះដំណើរការនៅមុនដំណាច់ចុងឆ្នាំក្រោយនេះ»។ លោកស្រី Nauert ក៏បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍នេះផងដែរថាលោក Tillerson បានដឹងយ៉ាងច្បាស់ហើយថា បញ្ហាសុវត្ថិភាព និងសន្តិសុខគឺជាការងារអទិភាពរបស់លោក»។
លោក Netanyahu បានថ្លែងអំណរគុណដល់លោក Trump និងលោក Pence សម្រាប់អ្វីដែលលោកបានហៅថាជា «សេចក្តីថ្លែងការណ៍ជាប្រវត្តិសាស្ត្រ» និងបានប្រកាសពីចំណងទាក់ទងរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលថា «មិនដែលរឹងមាំដូចពេលឥឡូវនេះនោះទេ»៕