លោក Pence និង​លោក Santos មាន​ទស្សនៈ​ផ្ទុយ​គ្នា​ចំពោះ​ការ​គំរាម​កំហែង​របស់​លោក Trump ក្នុង​ការ​ប្រើប្រាស់​សកម្មភាព​យោធា​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា

លោក​ប្រធានាធិបតី​កូឡុំប៊ី Juan Manuel Santos ស្វាគមន៍​លោក​អនុប្រធានាធិបតី​អាមេរិក Mike Pence បន្ទាប់​ពី​មាន​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង Cartagena ប្រទេស​កូឡុំប៊ី កាលពី​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧។

អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Mike Pence បាន​ប្រឈម​នឹង​ការ​ជំទាស់​ពី​ប្រធានាធិបតី​កូឡុំប៊ី​លោក Juan Manuel Santos កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ទាក់ទិន​នឹង​ការ​គំរាមកំហែង​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ក្នុង​ការ​ប្រើ​ជម្រើស​យោធា​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា។

ដោយ​ថ្លែង​នៅ​ឯ​សន្និសីទ​ព័ត៌មាន​រួម​គ្នា​ជាមួយ​នឹង​លោក Juan Manuel Santos នៅ​ក្នុង​ទីក្រុង Cartagena ប្រទេស​កូឡុំប៊ី លោក Mike Pence មិន​បាន​ជំទាស់​ទៅ​នឹង​ការ​ប្រើ​កម្លាំង​យោធា​នោះ​ទេ ប៉ុន្តែ​លោក​ក៏​មិន​បាន​លើក​ឡើង​ដោយ​ផ្ទាល់​អំពី​រឿង​នេះ​ផង​ដែរ។

ប៉ុន្តែ ទោះជា​យ៉ាង​នេះ​ក្ដី លោក Pence បាន​ប្រាប់​ប្រធានាធិបតី​ប្រទេស​កូឡុំប៊ី​ថា សហរដ្ឋ​អាមេរិក​ចង់​បាន​នូវ​អ្វី​ដែល​លោក​បាន​ហៅ​ថា ដំណោះស្រាយ «ដោយ​សន្តិវិធី» សម្រាប់​ប្រទេស​វ៉េណេស៊ុយអេឡា។

លោក​បាន​និយាយ​ថា មាន​ជម្រើស​ជា​ច្រើន​អាច​ប្រើប្រាស់​បាន​ក្នុង​ការ​ដាក់​សម្ពាធ​លើ​របប​ដឹកនាំ​របស់​លោក Nicolas Maduro នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា ដែល​ក្នុង​នោះ​មាន​ដូចជា ការ​បង្កើន​ការ​ដាក់​សម្ពាធ​ការទូត និង​សេដ្ឋកិច្ច​ជា​ដើម។ លោក Pence បាន​ធានា​ចំពោះ​លោក Santos ថា សហរដ្ឋ​អាមេរិក​នឹង​មិន​ឈរ​ស្ងៀម​ទុក​ឲ្យ​ប្រទេស​វ៉េណេស៊ុយអេឡា​បែកបាក់ និង​ធ្លាក់​ចូល​ទៅ​ក្នុង​របប​ផ្ដាច់ការ​នោះ​ទេ។

លោក Pence បាន​បន្ថែម​ថា ការ​ដួល​រលំ​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា អាច​មាន​គ្រោះថ្នាក់​ដល់​ទ្វីប​អាមេរិក​ទាំង​មូល។ លោក​ថា លោក Trump បញ្ជូន​លោក​មក​តំបន់​អាមេរិក​ឡាទីន​នេះ គឺ​ដើម្បី​គៀងគរ និង​ពង្រឹង​ការ​គាំទ្រ​នៅ​ក្នុង​តំបន់ ដើម្បី​ជួយ​ប្រជាពលរដ្ឋ​វ៉េណេស៊ុយអេឡា។

ចំណែក​ឯ​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​វិញ ដោយ​លើក​ឡើង​ពី​សកម្មភាព​យោធា​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​អាមេរិក​ឡាទីន​ជាង​មួយ​សតវត្សរ៍​កាល​ពី​អតីតកាល លោក​បាន​និយាយ​ថា គ្មាន​ប្រទេស​នៅ​តំបន់​អាមេរិក​ឡាទីន​ណា​មួយ​នឹង​ទទួល​យក​នូវ​ទម្រង់​ណា​មួយ​នៃ​ការ​ជ្រៀតជ្រែក​បែប​យោធា​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​នោះ​ទេ៕