ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា រដ្ឋបាលរបស់លោកកំពុងធ្វើការដើម្បីឲ្យមានតម្បារសំឡីបន្ថែមទៀតសម្រាប់ការធ្វើតេស្តវីរុសកូរ៉ូណា ស្របពេលដែលសមាជិកសភាខាងគណបក្សសាធារណរដ្ឋ និងខាងគណបក្សប្រជាធិបតេយ្យនិយាយថា ពួកគេជិតឈានដល់ការព្រមព្រៀងគ្នាលើកញ្ចប់ថវិកាបន្ថែមទៀតដើម្បីជួយដល់អាជីវកម្មតូចតាច។
សមាជិកគណបក្សប្រជាធិបតេយ្យបានរិះគន់យ៉ាងខ្លាំងលើវិធានការរបស់លោក Trump ចំពោះវិបត្តិជំងឺកូវីដ១៩ នេះ ជាពិសេសលើអ្វីដែលពួកគេនិយាយថាជាការខ្វះខាតនូវការធ្វើតេស្ត ដើម្បីដាក់អ្នកកើតជំងឺកូវីដ១៩ ឲ្យនៅដាច់ដោយឡែក និងស្វែងរកអ្នកដែលធ្លាប់មានប្រាស្រ័យទាក់ទងជាមួយអ្នកកើតជំងឺនេះ។
លោក Trump បានបញ្ជាក់នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃរបស់សេតវិមានកាលពីថ្ងៃអាទិត្យម្សិលមិញថា ការព្រមព្រៀងមួយជិតសម្រេចបានជាមួយនឹងក្រុមហ៊ុនអាមេរិកមួយដើម្បីឲ្យក្រុមហ៊ុននោះបង្វែប្រតិបត្តិការរបស់ខ្លួនទៅផលិតតម្បារសំឡីចំនួន ១០ លានក្នុងមួយខែ ហើយរដ្ឋាភិបាលនឹងប្រើអំណាចរបស់ខ្លួនដើម្បីជំរុញឲ្យក្រុមហ៊ុនមួយទៀតបង្កើនផលិតកម្មតម្បារសំឡីរបស់ខ្លួនឲ្យបានជាង ២០ លានក្នុងមួយខែ។
លោកអនុប្រធានាធិបតី Mike Pence ដែលដឹកនាំក្រុមការងារសេតវិមានប្រយុទ្ធនឹងជំងឺកូវីដ១៩ បានបញ្ជាក់ក្នុងកម្មវិធី «Fox News Sunday» ថា លោកជឿថា មានឧបករណ៍ធ្វើតេស្តគ្រប់គ្រាន់សម្រាប់រដ្ឋនីមួយៗនៅក្នុងការចាប់ផ្ដើមដំណាក់កាលដំបូងនៃគោលការណ៍របស់រដ្ឋាភិបាលនៅក្នុងការបើកប្រទេសឡើងវិញបណ្ដើរៗ។
ប៉ុន្តែប្រធានរដ្ឋសភាអ្នកស្រី Nancy Pelosi វិញ បានបញ្ជាក់ក្នុងកម្មវិធី «This Week» របស់ទូរទស្សន៍ ABC News ថា៖ «ចំណុចសំខាន់នៅក្នុងការបើកសេដ្ឋកិច្ចឡើងវិញ គឺការធ្វើតេស្តជំងឺកូវីដ១៩។ យើងមិនទាន់ធ្វើវាឲ្យបានត្រឹមត្រូវនៅឡើយទេ»៕