អនុប្រធានាធិបតីអាមេរិកលោក Mike Pence កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថាសំណើរៀបចំជំនួបកំពូលលើកទីពីររវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un នឹងអាចដំណើរទៅបានលុះត្រាតែមានការបង្ហាញជាលក្ខណៈពិសា្តរអំពីទីតាំងផលិតអាវុធនុយក្លេអ៊ែរទាំងអស់របស់កូរ៉េខាងជើង។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC លោក Pence បាននិយាយថា ជំនួបកំពូលលើកទីពីររវាងលោក Trump និងលោក Kim ដែលត្រូវបានបរិចេ្ឆទជាបណ្តោះអាសន្ននៅដើមឆ្នាំក្រោយនេះ នឹងអាចកើតឡើងបានលុះត្រាតែទីតាំងផលិតនុយក្លេអ៊ែរទាំងអស់ត្រូវបានបិទនិងដែលអាចផ្ទៀងផ្ទាត់បាន។
លោក Pence បានថ្លែងក្នុងសម្តីដើមថា «ខ្ញុំគិតថាវាពិតជាមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងកិច្ចប្រជុំកំពូលនៅលើកក្រោយនេះ ដែលយើងត្រូវមានផែនការពិស្តារបង្ហាញពីអាវុធនុយក្លេអ៊ែរទាំងអស់ដែលធ្លាប់ត្រូវបានចោទសួរ បង្ហាញពីទីតាំងផលិតនុយក្លេអ៊ែរទាំងអស់ អនុញ្ញាតឲ្យមានការត្រួតពិនិត្យនៅទីតាំងនានា និងផែនការលុបចោលអាវុធនុយក្លេអ៊ែរទាំងអស់»។
លោក Pence បានថ្លែងបន្ថែមថាឥឡូវនេះយើងត្រូវការលទ្ធផលទាំងនេះ។ ក៏ប៉ុន្តែលោក Pence បាននិយាយថាសហរដ្ឋអាមេរិកនឹងមិនទាមទារឲ្យក្រុងព្យុងយ៉ាងប្រគល់បញ្ជីនេះនៅមុនជំនួបកំពូលនោះទេ។ បញ្ជីនេះត្រូវបានចាត់ទុកថាជាការបោះជំហានដំបូងដែលកូរ៉េខាងជើងអាចបង្ហាញឲ្យឃើញពីជំហររបស់ខ្លួនក្នុងការបោះបង់ចោលឃ្លាំងស្តុកនុយក្លេអ៊ែររបស់ខ្លួន។
សេចក្តីថ្លែងការរបស់លោក Pence ប្រហែលជាការទាមទារយ៉ាងជាក់លាក់ជាសាធារណៈមួយដែលរដ្ឋបាលលោក Trump ធ្លាប់បានដាក់ឲ្យកូរ៉េខាងជើងចាប់តាំងពីជំនួបកំពូលជាប្រវត្តិសាស្ត្ររវាងលោក Trumpនិងលោក Kimក្នុងប្រទេសសិង្ហបុរីកាលពីខែមិថុនាមក៕