អនុប្រធានា​ធិបតី​អាមេរិក​​ទៅ​ដល់​រដ្ឋ​ធានី​គែរ​ដើម្បី​ពិភាក្សា​បញ្ហា​ភេរវកម្ម​និង​សន្តិសុខ​

អនុប្រធានាធិបតីសហរដ្ឋ​អាមេរិក Mike Pence ចាប់​ដៃ​ជាមួយ​ប្រធានាធិបតីអេហ្ស៊ីប Abdel-Fattah el-Sissi នៅ​ឯវិមាន​ប្រធានាធិបតី​ ក្នុង​ទីក្រុង​គែរ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៨។

លោក​អនុប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ Mike Pence​ បាន​អញ្ជើ​ញ​ទៅ​ដល់​រដ្ឋ ធានី​គែរ​កាល​ពី​ថ្ងៃ​សៅរ៍​ដើម្បី​ពិភាក្សា​ជាមួយ​លោក​ Abdel-Fattah el-Sissi ​ប្រធានាធិបតី​នៃ​ប្រទេស​អាហ្ស៊ីប​អំពី​បញ្ហា​ភេរវកម្ម​ និង​សន្តិសុខ ​រួម​មាន​ការ​ខំប្រឹង​ប្រែង​ដើម្បី​ប្រយុទ្ធ​ក្រុម​រដ្ឋ​ឥស្លាម ។

ដំណើរ​ទស្សនកិច្ច​នេះ​កាល​ពីមុន​គ្រោង​ធ្វើ​ឡើង​កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន ​ក៏ប៉ុន្តែ​បាន​ត្រូវ​ពន្យារ​ពេល​ពី​ព្រោះ​តែ​ការ​ពាក់​ព័ន្ធ​របស់​លោក​អនុប្រធានា​ធិបតី ​Pence ​នៅ​ក្នុង​ការ​ចរចា​ច្បាប់​ពន្ធដារ​នៅ​ចុង​ឆ្នាំ​ ហើយ​បន្ទាប់​មក​ការ​បដិសេធ​របស់​លោក Mahmoud Abbas ​មេដឹកនាំ​ដែនដី​ប៉ាឡេស្ទីន​ពុំ​ព្រម​ជួប​ជាមួយ​លោក​នៅ​ក្នុង​ទីក្រុង​ Bethlehem។

​លោក ​Abbas ​បាន​រិះគន់​យ៉ាង​ខ្លាំង​ដល់​ការ​សម្រេច​របស់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ​ត្រាំ​ កាល​ពី​ចុង​ឆ្នាំ​ទៅ​ដើម្បី​ទទួល​ស្គាល់​ទីក្រុង​ Jerusalem ​ជា​រដ្ឋ​ធានី​របស់​អ៊ីស្រាអែល។ ​ការ​សម្រេ​ចនេះ​បាន​បណ្តាល​ឲ្យ​មាន​ការ​តវ៉ា​ប្រឆាំង​ដ៏​ប្រល័យ​នៅ​ក្នុង​ដែនដី​ប៉ាឡេស្ទីន​ ដែល​ចាប់​តាំង​ពីនោះ​មក​ស្ងប់​ស្ងាត់​ហើយ​បាន​ធ្វើ​ឲ្យ​មាន​ការ​ថ្កោល​ទោសពី​មេ​ដឹកនាំ​សាកល​លោក។ ការ​ប្រកាស​របស់​ប្រធានា​ធិបតី​ ត្រាំ​ បានធ្វើ​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​នឹង​ការ​សម្រេច​នេះ​នៅ​ទូទាំង​សាកល​លោក។

លោក​អនុ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ Mike Pence ​ជា​មន្រ្តី​រដ្ឋបាល​ជាន់​ខ្ពស់​លើក​ដំបូង​ទៅ​បំពេញ​ទស្សនកិច្ច​តំបន់​មជ្ឈិម​បូព៌ា​ចាប់​តាំងពី​ប្រធានា​ធិបតី​ត្រាំ​បាន​ប្រកាស​ការ​សម្រេច​របស់​លោក​ដើម្បី​ទទួល​ស្គាល់​ទី​ក្រុង​ហ្ស៊េរុយសាឡិម​ ជា​រដ្ឋ​ធានី​របស់​អ៊ីស្រាអែល។​ សេតវិមាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ដំណើរ​ទស្សនកិច្ច​បញ្ជាក់​ពី​ការ​តាំង​ចិត្ត​ឡើង​វិញ​របស់​យើង​ដើម្បី​ធ្វើ​ការ​ជាមួយ​សម្ព័ន្ធ​មិត្ត​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​ដើម្បី​ផ្តួល​លទ្ធិ​ជ្រុល​និយម​ដែល​គំរាម​កំហែង​ជំនាន់​មនុស្ស​នៅ​ថ្ងៃ​អនាគត៕