​ប៊ិក​អាច​រក​ឃើញ​ជំងឺ​មហារីក​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​វិនាទី

រូប​​ឯកសារ៖ វេជ្ជបណ្ឌិត Sunil Singhal កំពុង​បង្វែរ​ម៉ាស៊ីន​ថត​ទៅ​រក​សាច់​ដុះ​របស់​អ្នក​ជំងឺ នៅមន្ទីរ​ពេទ្យ​នៃ​សាកល​វិទ្យាល័យ Pennsylvania នៅ​រដ្ឋ​ Philadelphia។

បច្ចេក​វិទ្យា​បង្កើត​ប៊ិក​ក្នុង​ក្រុង​អូស្ទីន​ (Austin)​ រដ្ឋតិចសាស់​ (Texas) ​គឺ​ដើម្បី​តាម​ដាន ជំងឺ​មហារីក​បាន​លឿន​ហើយ​ជំរុះ​ចោល​ដុំសាច់​បាន​ច្បាស់​លាស់​ជាង។ ​

ឧបករណ៍​នេះ​ហៅ​ថា​ MasSpec Pen​ ឬ ​ប៊ិក​ម៉ាក់​ស្បេច ​ដែល​អាច​រក​ឃើញ​មហារីក​ដោយ​គ្រាន់​តែ​យក​ប៊ិច​ទៅ​ចុច​រាង​កាយ​មនុស្ស​ម្តង​តែ​ប៉ុណ្ណោះ។​ នេះ​បើ​តាមការ​អះអាង​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ។

លោក ​Aydin Zahedivash ​ជា​និស្សិត​ពេទ្យ ​ហើយ​ជា​សហផលិតករ​នៃ​ប៊ិក​ MasSpec Pen ​បាន​ថ្លែងថា៖​ «នេះ​ជា​ឧបករណ៍​ផ្លាស់​ប្តូរ​របៀប​ធ្វើ​ការ ​ពីព្រោះ​ខ្ញុំ​បាន​ធ្វើ​ករណី​មួយ​កាល​ពីថ្ងៃ​មុន​ជា​មួយ​គ្រូពេទ្យ​វះកាត់ ​ហើយ​យើង​បាន​ចាំ​អស់​រយៈ​ពេល​២​ម៉ោង​ពីព្រោះ​វិធីសាស្ត្រ​បច្ចុប្បន្ន​នេះ​ប្រើ​ពេល​វេលា​យ៉ាង​យូរ‍»។

លោក​បាន​ថ្លែង​ថា​ ប៊ិក​ដែល​លោក​បង្កើតវិញ ​អាច​ផ្តល់​លទ្ធផល​ក្នុងរយៈ​ពេល​តែ២០ វិនាទី​ប៉ុណ្ណោះ​ ហើយ​មិន​ចាំ​បាច់​ពិនិត្យ​ពាស​ពេញ​រាងកាយ​អ្នក​ជំងឺ​ច្រើន​ដូច​ជា​វិធី បូរាណ​ដែល​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​នោះ​ទេ។

លោក​និយាយ​ថា៖ «វិធីបុរាណ​នោះ​ធម្មតា​នឹង​ត្រូវ​ពាក់​ព័ន្ធ​នឹង​ការ​កាត់​យក​កោសិកា​ពី​អ្នក​ជំងឺ​ តែ​បច្ចវិទ្យា​របស់​យើង​វិញ​ អាច​រក​ឃើញ​មហារីក​ក្នុង​កោសិកា​មនុស្ស ​ដោយ​មិន​ចាំ​បាច់​វះ​កាត់​យក​កោសិកា​ទេ‍»។

បច្ចេកវិទ្យា​ទំនើប​ថ្មី​អាច​ប្រើប្រាស់​បាន​នេះ​ បាន​អនុញាត​ឲ្យ​ក្រុម​ពហុ​វិស័យ​បង្កើត MasSpec Pen​ ក្នុង​រយៈ​ពេល​២​ឆ្នាំ​កន្លះ​ទៀត។ ​លោក​ Zahedivash ​និយាយ​ថា​ក្នុង​រយៈ ពេល​១​ឆ្នាំ​នេះ​ ប៊ិក MasSpec Pen​នឹង​ធ្វើ​តេស្ត​សាកល្បង​កន្លែង​វះ​កាត់​ក្នុងសាលា វិជ្ជសាស្ត្រ ​Dell Medical School ​នៃ​សាកល​វិទ្យាល័យរដ្ឋ ​Texas ​ក្នុងក្រុង ​Austin។

បច្ចេក​វិទ្យាថ្មី​នេះ​ក៏​ត្រូវ​គេ​គ្រោង​នឹង​សាក​ល្បង​នៅ​មជ្ឈម​ណ្ឌល​មហារីក ​MD Anderson ​Cancer ​Center ​នៃ​មហា​វិទ្យាល័យ​វិជ្ជសាស្ត្រ ​Baylor College ​ក្នុង​ក្រុង Houston ​ផង​ដែរ។ ​ឧបករណ៍​ថ្មី​នេះ​ ទាមទារ​ឲ្យ​ការ​យល់​ព្រម​ពី​ទីភ្នាក់​ងារ​គ្រប់​គ្រង​ឱសថ​និង​ម្ហូប​អាហារ​របស់​ស.រ.អា ​សិន ​មុន​នឹង​អាច​ប្រើ​ប្រាស់​ទូលំ​ទូលាយ​បាន។