ភ្នំពេញ —
ទោះបីជាគណបក្សប្រជាជនកម្ពុជាមានការបន្ទន់ទៅរកការចរចាដោយសន្យាធ្វើកំណែទម្រង់ការបោះឆ្នោតក៏ដោយ ក៏គណបក្សទាំងពីរនៅតែមិនមានសញ្ញាវិជ្ជមានណាមួយក្នុងការវិលទៅរកតុចរចាជាថ្មីនៅឡើយទេ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានឱ្យដឹងថាពុំមានគម្រោងជួបចរចាជាថ្មីនៅឡើយទេ មូលហេតុដោយសារនៅមានការខ្វែងយោបល់គ្នាច្រើនទៅលើរបៀបវារៈនៃការចរចា។
លោកបានបន្ថែមថា៖ «ការចរចាទាល់តែចរចាលើមូលដ្ឋានអ្វីមួយ ប៉ុន្តែវានៅខុសគ្នា។ គណបក្សប្រជាជន គេចង់ចរចាពីរឿងបែងចែកអំណាចទទួលស្គាល់ថា គាត់ឈ្នះ ប៉ុន្តែយើងអត់ទទួលស្គាល់។ របៀបវារៈយើងចង់រកយុត្តិធម៌រកការណ៍ពិតជូនប្រជាពលរដ្ឋសិន»។
ចំណុចសំខាន់ដែលគណបក្សសង្គ្រោះជាតិទាមទារក្នុងការចរចាជាមួយគណបក្សប្រជាជនកម្ពុជានាពេលកន្លងមករួមមានតុល្យភាពអំណាចក្នុងរដ្ឋសភា ការបង្កើតគណៈកម្មការចម្រុះស៊ើបអង្កេតភាពមិនប្រក្រតីក្នុងថ្ងៃបោះឆ្នោត និងកំណែទម្រង់នៃការបោះឆ្នោត។ ដោយឡែក នៅថ្ងៃទី១៤ខែតុលាកន្លងទៅនេះ គណបក្សប្រជាជនកម្ពុជាបានបន្ទន់ជំហររបស់ខ្លួនបន្ថែមទៀត ដោយការសន្យាធ្វើកំណែទម្រង់ស៊ីជម្រៅនៃការបោះឆ្នោត។
ប៉ុន្តែគណបក្សសង្គ្រោះជាតិនៅតែទាមទារឱ្យមានគណៈកម្មាធិការឯករាជ្យស៊ើបអង្កេតភាពមិនប្រក្រតីក្នុងការបោះឆ្នោត មុនខ្លួនព្រមព្រៀងឈានចូលតុចរចាជាថ្មីជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច។
ប៉ុន្តែលោក ឈាង វុន តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាថ្លែងថា លក្ខខណ្ឌនេះគឺមិនអាចទៅរួចទេនៅពេលនេះ។
លោកឈាង វុន បន្ថែមថាគណបក្សលោកនៅតែទទូចឱ្យគណបក្សសង្គ្រោះជាតិចូលប្រជុំសភាដើម្បីពិភាក្សាលម្អិតពីកំណែទម្រង់ទាំងនេះ។
«យើងបានអំពាវនាវថាដើម្បីធ្វើកិច្ចការហ្នឹង ខាងនីតិប្រតិបត្តិខាងនីតិប្បញ្ញត្តិត្រូវតែរួមគ្នាធ្វើ មកអង្គុយជុំគ្នាធ្វើ ហើយបើគាត់ចង់ចូលរួមចំណែក ទាល់តែគាត់ចូលរួមប្រជុំសភា»។
គណបក្សសង្គ្រោះជាតិនៅតែធ្វើពហិកាមិនព្រមចូលរួមប្រជុំសភា ដោយអះអាងថាជាការទាមទាររកយុត្តិធម៌ជូនម្ចាស់ឆ្នោត ដែលធ្វើឱ្យកម្ពុជាមានគណបក្សតែមួយប៉ុណ្ណោះក្នុងរដ្ឋសភា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនតាំងពីកាលបោះឆ្នោតលើកដំបូងនៅឆ្នាំ១៩៩៣មក និងជាហេតុធ្វើឱ្យប្រទេសផ្តល់ជំនួយសំខាន់ៗដូចជាសហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុបដែលមានសមាជិក២៨ប្រទេសលើកលែងតែបារាំងចេញមិនទាន់ទទួលស្គាល់នៅឡើយ។
លោក នី ចរិយា ប្រធានផ្នែកសិទ្ធិមនុស្សនិងច្បាប់នៅអង្គការអាដហុក យល់ឃើញថាការប្រកាសរបស់គណបក្សប្រជាជនកម្ពុជានេះគឺមានគោលបំណងនយោបាយច្រើនជាង ដោយចង់ឱ្យគណបក្សសង្គ្រោះជាតិចូលប្រជុំសភាដើម្បីឱ្យអន្តរជាតិទទួលស្គាល់រដ្ឋាភិបាលបង្កើតថ្មីនេះ។
លោក នី ចរិយា បន្ថែមថាកំណែទម្រង់ការបោះឆ្នោតមានប្រសិទ្ធភាពលុះត្រាតែគណបក្សទាំងពីរមានតុល្យភាពអំណាចនិងពិភាក្សាគ្នាឱ្យបានច្បាស់លាស់។
«កាលណាយើងចង់កែទម្រង់អ្វីមួយយើងត្រូវមានកម្មវិធីច្បាស់លាស់ កម្មវិធីនយោបាយលម្អិត និងភាគីពាក់ព័ន្ធក្នុងការកែទម្រង់នេះឯង និងអំពីកាលវិភាគច្បាស់លាស់ថាតើពេលណា ថាពេលណាត្រូវធ្វើអ្វីៗ។ បើមិនមានការបែកចែកអំណាចឱ្យបានច្បាស់លាស់ក្នុងអង្គការនីតិប្បញ្ញតិ្តនិងនីតិប្រតិបត្តិទេ គ្មានកំណែទម្រង់ណាមួយអាចទៅរួចទេ»។
ទោះបីជាយ៉ាងណាលោក នី ចរិយា នៅតែទទូចឱ្យភាគីគណបក្សទាំងពីរត្រឡប់ទៅរកតុចរចាជាថ្មីនៅពេលខាងមុខ៕