រដ្ឋសភាជាតិ នឹងបើកកិច្ចប្រជុំវិសាមញ្ញនាចុងខែកុម្ភៈនេះ ទៅតាមការស្នើរបស់តំណាងរាស្ត្រគណបក្សកាន់អំណាចចំនួន៦០រូប ដើម្បីកែច្បាប់ស្ដីពីគណបក្សនយោបាយ។ នេះបើតាមការឲ្យដឹងពីលោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា។
អ្នកវិភាគនិយាយថា វិធានការនេះត្រូវបានធ្វើឡើង ដើម្បីបំបិទសិទ្ធិអ្នកនយោបាយដែលមានទោសនិងជាប់ពិរុទ្ធ តាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
កាលពីដើមខែកុម្ភៈនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យអ្នកក្រោមអំណាចរបស់លោកសរសេរសំណើធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយដែលនឹងកំណត់ថា ប្រធាន ឬអនុប្រធានគណបក្សនយោបាយ ត្រូវតែជាជនគ្មានទោសពៃរ៍។
លោកក៏ចង់ឲ្យមានការធ្វើវិសោធនកម្មច្បាប់នេះដើម្បីរំលាយចោលគណបក្សនយោបាយណាដែលធ្វើខុសច្បាប់ផងដែរ។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ប្រាប់ VOA ថា នៅព្រឹកថ្ងៃសុក្រនេះ ក្រុមតំណាងរាស្ត្រចំនួន៦០រូបរបស់គណបក្សប្រជាជនកម្ពុជា បានដាក់លិខិតស្នើសុំធ្វើវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយទៅរដ្ឋសភា ដើម្បីប្រជុំវិសាមញ្ញជាប្រញាប់។
លោកបន្ថែមថា រដ្ឋសភានឹងបញ្ជូនលិខិតនោះទៅប្រធានរដ្ឋសភា ហើយនឹងធ្វើទៅតាមនីតិវិធីឲ្យបានឆាប់តាមដែលអាចធ្វើទៅបានក្នុងខែកុម្ភៈនេះ។
«តាមលិខិតរបស់គាត់ចាត់ទុកជាការប្រញាប់ ការប្រញាប់ហ្នឹងយើងជួយធ្វើភ្លាម។ យើងមិនអាចបង្អែបង្អង់បានទេ ព្រោះតាមច្បាប់យើងមាននីតិវិធីពីរ។ នីតិវិធីមួយគឺថាជាការប្រញាប់យើងធ្វើភ្លាម។ បើមិនប្រញាប់យើងធ្វើតាមធម្មតា។ អញ្ចឹងគ្នាគាត់ [តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា] មានដល់៦០រូបហ្នឹង មានន័យថាបរិបូណ៌ កោះប្រជុំវិសាមញ្ញបាន»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច ប្រាប់ VOA ថា ក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រមាណជា២០នាក់មកពីស្ថាប័នច្បាប់ផ្សេងៗគ្នា បាននិងកំពុងសិក្សាពីចំណុចដែលត្រូវស្នើបន្ថែម ឬលុបចោលក្នុងច្បាប់ស្ដីពីគណបក្សនយោបាយនោះ។
ទោះជាយ៉ាងណា លោកថា លោកមិនទាន់បានដឹងពីចំណុចលម្អិតដែលនឹងត្រូវស្នើទៅរដ្ឋសភានៅឡើយ។
លោក សុខ ឥសាន បន្ថែមថា តំណាងរាស្ត្រគណបក្សកាន់អំណាចដាក់លិខិតទៅរដ្ឋសភាស្នើឲ្យមានការប្រជុំវិសាមញ្ញក្នុងពេលឆាប់ៗ ដោយហេតុថា គណបក្សកាន់អំណាច ចង់ធ្វើវិសោធនកម្មឲ្យបានមុនការបោះឆ្នោត ដែលកាន់តែខិតជិតមកដល់។
«ច្បាប់នេះ វាមិនស្របទៀតទេចំពោះសភាពការណ៍ថ្មី។ អញ្ចឹង វាជាសំណូមពរចាំបាច់ក្នុងការធ្វើវិសោធនកម្ម។ ហើយមួយទៀត ការធ្វើដែលរហ័សនេះ គឺថាវាម្ភៃឆ្នាំទៅហើយ បើទុកពន្យារពេលដល់ណាទៀត ក៏អត់ប្រយោជន៍អី ដើម្បីពន្យារពេលដែរ ពីព្រោះឥឡូវវាជិតដល់ពេលបោះឆ្នោតដល់អីផង។ អញ្ចឹងទេ យើងត្រូវតែរុញតាមដែលអាចធ្វើបានឲ្យបានឆាប់រហ័ស»។
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំង កំពុងរងការចោទប្រកាន់ និងរងការផ្ដន្ទាទោសប្រមាណ៧ករណី។
ចំណែកលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង ទើបតែត្រូវបានព្រះមហាក្សត្រលើកលែងទោសពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហាដ៏ចម្រូងចម្រាសជាមួយនារីវ័យក្មេងម្នាក់ដែលនៅជាមន្ទិល។
ក្រៅពីនោះ ក្នុងពេលថ្មីៗនេះ ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងមួយចំនួន ត្រូវបានជនអនាមិកបង្ហោះរូបភាព និងខ្សែអាត់សំឡេង ព្រមទាំងសរសេរលើបណ្ដាញអ៊ីនធឺណិតទម្លាយរឿងអាស្រូវផ្លូវភេទ និងការលេងល្បែងស៊ីសងក្នុងកាស៊ីណូរបស់មន្ត្រីទាំងនោះជាដើម។
លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សប្រឆាំងប្រាប់ VOA ថា គម្រោងនៃការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយនេះ ធ្វើឡើងផ្ទុយពីរដ្ឋធម្មនុញ្ញ និងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោកបន្ថែមថា ដរាបណាប្រជាពលរដ្ឋនៅតែគាំទ្រ នោះគណបក្សសង្គ្រោះជាតិ នឹងមិនខ្វល់ពីការប្រជុំធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលមជ្ឈដ្ឋានមួយចំនួនយល់ថាអាចធ្វើឲ្យប៉ះពាល់ដល់គណបក្សប្រឆាំងនោះទេ។
«អ្នកនយោបាយដែលមានការគាំទ្រពីប្រជាពលរដ្ឋ ទោះបីជាចង់ធ្វើច្បាប់ដើម្បីបដិសេធទាត់គាត់ចេញពីឆាកនយោបាយយ៉ាងណា ក៏ទៅមិនរួចដែរ ព្រោះប្រជាពលរដ្ឋនៅតែគាំទ្រ។ ហើយបើអ្នកនយោបាយណាដែលបាត់ការគាំទ្រពីប្រជាពលរដ្ឋ មិនបាច់មានច្បាប់ហាមឃាត់ទេ គឺអ្នកហ្នឹងបាត់ទៅឯង។ អញ្ចឹង សម្រាប់ដំណើររបស់គណបក្សសង្គ្រោះជាតិ គោលដៅរបស់យើង គឺយើងអត់ទៅខ្វល់ខ្វាយហ្នឹងរឿងទាំងអស់ហ្នឹងទេ ហើយយើងមានជំនឿថាប្រជាពលរដ្ឋ នឹងធ្វើសេចក្ដីសម្រេច និងវិនិច្ឆ័យសមស្រប នៅពេលដែលបោះឆ្នោតខាងមុខហ្នឹង»។
ក្រុមអ្នកឃ្លាំមើលស្ថានការណ៍នយោបាយយល់ថា ការបញ្ជារបស់លោកនាយករដ្ឋមន្រ្តីឲ្យធ្វើវិសោធនកម្មច្បាប់ដែលមានគោលដៅបំបិទសិទ្ធិសេរីភាពរបស់មេដឹកនាំគណបក្សប្រឆាំង នឹងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងដំណើរការនៃការបោះឆ្នោតក្នុងពេលខាងមុខ។
លោក យឿង សុធារ៉ា មន្ត្រីច្បាប់ និងអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោត ហៅកាត់ថាខុមហ្រ្វែល លើកឡើងថា ប្រសិនបើការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយបានសម្រេច នោះវានឹងធ្វើឲ្យប៉ះពាល់ដល់លទ្ធភាពនៃការប្រកួតប្រជែងរបស់គណបក្សប្រឆាំង ក្នុងសង្គមប្រជាធិបតេយ្យ។
លោកបន្ថែមថា ប្រសិនជាគណបក្សប្រឆាំង មិនអាចឈរឈ្មោះប្រកួតប្រជែងដោយស្មើភាព នោះកម្ពុជានឹងត្រូវប្រឈមភាពវឹកវរក្នុងពេលអនាគត។
«ខ្ញុំគិតថាប្រហែលជាអ្នកគាំទ្រគណបក្សប្រឆាំង មិនព្រមឈរអោបដៃមើល។ អន្តរជាតិក៏ប្រហែលជាមិនឈរអោបដៃមើលដែរ។ ហើយម្យ៉ាងទៀត កម្ពុជាអាចនឹងត្រូវបានគេដាក់ជាប្រទេសដែលឯកោ ដោយសារតែរដ្ឋាភិបាលប្រើប្រាស់មធ្យោបាយគ្រប់រូបភាព ដើម្បីធ្វើទុក្ខបុកម្នេញផ្នែកនយោបាយទៅលើគណបក្សប្រឆាំងដ៏ធំនេះ»។
លោក ហ៊ុន សែន បានបញ្ជាឲ្យក្រុមអ្នកច្បាប់របស់លោកកំណត់លក្ខខណ្ឌតឹងរ៉ឹងជាងមុនសម្រាប់ច្បាប់ស្ដីពីគណបក្សនយោបាយ។
ក្នុងនោះ លោកបានបញ្ជាឲ្យកំណត់ថា មិនត្រូវអនុញ្ញាតឲ្យអ្នកមានទោស ឬទណ្ឌិត ធ្វើជាប្រធាន ឬអនុប្រធានគណបក្សនយោបាយ ហើយថាបើទោសធ្ងន់ធ្ងរ អាចឈានដល់ការរំលាយបក្ស និងហាមឃាត់ថ្នាក់ដឹកនាំគណបក្ស មិនឲ្យធ្វើសកម្មភាពនយោបាយជាដាច់ខាត៕