មនុស្សច្រើនលាននាក់រួមមានមេដឹកនាំពិភពលោកផង ត្រូវបានរំពឹងថា នឹងធ្វើការដើរក្បួនដង្ហែនៅក្រុងប៉ារីស នៅថ្ងៃអាទិត្យនេះក្នុងការបង្ហាញសាមគ្គីភាពជាមួយប្រជាពលរដ្ឋបារាំង ក្រោយពីមានអំពើហិង្សារយៈពេលបីថ្ងៃ។ លោក David Cameron នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Angela Merkel អធិការបតីអាល្លឺម៉ង់ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងលោក Mahmoud Abbasប្រធានាធិបតីដែនដីប៉ាឡេស្ទីន គ្រោងនឹងចូលរួមក្នុងក្បួនដង្ហែនេះជាមួយស្តេច និងមហាក្សត្រីយានីហ្សកដានី។ លោក Eric Holder រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស.រ.អា.នឹងធ្វើជាអ្នកតំណាងស.រ.អា.ក្នុងក្បួនដង្ហែនេះ។ នៅប្រទេសឥណ្ឌា លោក John Kerry រដ្ឋមន្ត្រីការបរទេសស.រ.អា.បាននិយាយនៅថ្ងៃអាទិត្យនេះថា គ្មានអំពើភេរវកម្មអាចរំខានក្បួនដង្ហែនេះបានទេ។
លោក John Kerry និយាយថា «យើងទាំងអស់គ្នាមានរបៀបរស់នៅខុសគ្នាមែន តែយើងរួបរួមគ្នាក្នុងការកាន់ទុក្ខជាមួយប្រជាពលរដ្ឋបារាំង នៅពេលយើងដើរដង្ហែក្បួនបង្ហាញការគោរពដល់ជនរងគ្រោះក្នុងការវាយប្រហារដ៏ព្រៃផ្សៃលើការិយាល័យរបស់ទស្សនាវដ្តីត្លុកឈ្មោះ Charlie Hebdo នៅទីក្រុងប៉ារីស។ យើងរួបរួមគ្នា មិនមែនដោយសារកំហឹងក្រេវក្រោធទេ តែយើងសាមគ្គីគ្នា តាំងចិត្តប្រឈមនឹងអំពើជ្រុលនិយម។ កាលពីថ្ងៃសៅរ៍មានមនុស្ស៧០ម៉ឺននាក់ដើរជាក្បួនដោយស្ងៀមស្ងាត់តាមទីក្រុងនានានៅប្រទេសបារាំង ដោយបង្ហាញបាសាទចិត្តចំពោះជនរងគ្រោះ១៧នាក់ ក្នុងអំពើហិង្សារបស់ភេរវករដែលមានសភាពយ៉ាងអាក្រក់បំផុតនៅក្នុងរយៈពេលជាងកន្លះសតវត្សរ៍មកនេះ៕