មន្រ្តី​ប៉ាឡេស្ទីន​​ថា ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អ.ស.ប.​មិន​មែន​ជា​គ្រូ​ប្រដៅ​របស់​ពិភព​លោក​ឡើយ

លោក​ស្រី Nikki Haley ​ឯកអគ្គរដ្ឋទូត​ស.រ.អា.​ប្រចាំ​អ.ស.ប. ​កំពុង​ថ្លែងការណ៍​ក្នុងកិច្ច​ប្រជុំក្រុមប្រឹក្សា​សន្តិសុខ​ស្តីពី​ស្ថានការណ៍​តំបន់ Gaza នៅទី​ស្នាក់ការ​អ.ស.ប. ថ្ងៃទី១៥​ ខែឧសភា​ ឆ្នាំ២០១៨​ ក្នុងទីក្រុង​New York ។

មន្រ្តី​ជាន់​ខ្ពស់​ប៉ាឡេស្ទីន​លោក​ស្រី Hanan Ashrawi បាន​ចោទ​ប្រកាន់​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ លោក​ស្រី Nikki Haley ថា​កំពុង​ព្យាយាម​បំភ័យ​សមាជិក​អង្គការ​សហប្រជាជាតិ​ ឲ្យ​គាំទ្រ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។ លោក​ស្រី Haley ធ្លាប់​បាន​និយាយ​ថា​កាលពី​ឆ្នាំ​មុន​ថា ​សហរដ្ឋ​អាមេរិក​នឹង​ឃ្លាំ​មើល​និង​កត់ត្រា​ឈ្មោះ​ប្រទេស​ទាំង​ឡាយ​ណា ដែល​បោះ​ឆ្នោត​ជំទាស់​នឹង​បំណង​របស់​សហរដ្ឋអាមេរិក។ លោក​ស្រី Ashrawi បាន​និយាយ​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន កាលពី​ពាក់​កណ្តាល​ខែ​ឧសភា គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​ស្រី Haley និយាយ​ទៅ​កាន់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ថា អំពើ​ហិង្សា​ដែល​សម្លាប់​ជីវិត​មនុស្ស​នា​ពេល​ថ្មីៗ​នេះ​នៅ​តាម​ព្រំដែន​តំបន់ Gaza បង្ក​ឡើង​ដោយ​ក្រុម​បះបោរ Hamas និង​អ្នក​នៅ​ពី​ក្រោយ​គឺ​ប្រទេស​អ៊ីរ៉ង់។ ហេតុ​ការណ៍​នោះ​បាន​បណ្តាល​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន​ដែល​ប្រឆាំង​តវ៉ា​ប្រហែល​៦០​នាក់​បាត់បង់​ជីវិត និង​រាប់​រយ​នាក់​ទៀត​រង​របួស​ក្នុង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែករបស់​អ៊ីស្រាអែល។ ប្រជាជន​ប៉ាឡេស្ទីន​នៅ​តំបន់ Gaza បាន​ធ្វើ​ការ​ប្រឆាំង​តវ៉ា​អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​មក​ហើយ ដើម្បី​ទាមទារ​ឲ្យ​ប្រគល់​មក​វិញ​នូវ​ទឹក​ដី​ដែល​ពួក​គេ​បាន​បាត់​បង់​អំឡុង​ពេល​បង្កើត​រដ្ឋ​អ៊ីស្រាអែល។ បាតុកម្ម​តវ៉ា​នេះ​បាន​ប្រែក្លាយ​ជា​អំពើ​ហិង្សា​នៅ​ថ្ងៃ​ទី១៤ ខែ​ឧសភា នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​សម្ពោធ​ស្ថានទូត​របស់​ខ្លូន​នៅ​ទីក្រុង​ហ្ស៊េរុយសាឡិម។

បណ្តា​មេ​ដឹក​នាំប្រទេស​មហាអំណាច​និង​អង្គការ​សិទ្ធិ​មនុស្ស​នានា​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ដល់​ការ​បាញ់ប្រហារ​តាមអាកាស​របស់​អ៊ីស្រាអែល​ទៅ​លើ​ក្រុម​អ្នក​ប្រឆាំង​តវ៉ា​ក្នុង​តំបន់​Gaza។ ប្រជាជន​ប៉ាឡេស្ទីន​បាន​និយាយ​ថា បាតុកម្ម​តវ៉ា​ដែល​មាន​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​មក​នេះ​ មិន​បង្ក​ជា​ការ​គំរាម​កំហែង​ដល់​អ៊ីស្រាអែល​ឡើយ។

លោក​ស្រី Hanan Ashrawi ដែល​ជា​សមាជិក​គណៈកម្មាធិការប្រតិបត្តិ​នៃ​អង្គការ​រំដោះ​ដែនដី​ប៉ាឡេស្ទីន​បាន​និយាយ​ថា៖ «បាតុកម្ម​ប្រឆាំង​តវ៉ា​របស់​ប្រជាជន​ប៉ាឡេស្ទីន​នៅ​តំបន់ Gaza ធ្វើ​ឡើង​ដោយ​អហិង្សា។ ប្រសិន​បើ​ឃើញ​មាន​ផ្សែង​ឬ​ភ្លើង​ឆាបឆេះ​អ្វី​មួយ​នោះ ហេតុការណ៍​នោះ​កើត​មាន​តែ​នៅ​លើ​ដែនដី​ប៉ាឡេស្ទីន​ទេ។ ពួកគេ​ធ្វើ​បែប​ហ្នឹងដើម្បីបង្កើត​ជា​ផ្សែង​បិទ​បាត់​កុំ​ឲ្យ​ខ្មាន់​កាំភ្លើង​ឆ្មក់​សម្លាប់​ពួកគេ​បាន។ បើ​ទោះ​ជា​អ្នក​មិន​បាន​បង្ក​អំពើ​ហិង្សា ក៏​ទាហាន​អ៊ីស្រាអែល​នៅ​តែ​សម្លាប់​អ្នក​ដដែល»។

ប្រទេស​អ៊ីស្រាអែល​និង​សហរដ្ឋ​អាមេរិក​អះអាង​ថា​ ក្រុម​បាតុករ​ព្យាយាម​បំពាន​របង​ព្រំដែន ដូច្នេះ​ត្រូវ​តែ​បញ្ឈប់​ពួក​គេ។ លោក​ស្រី Haley បាន​ស្តី​បន្ទោស​មេដឹកនាំក្រុម Hamas ក្នុង​តំបន់ Gaza ចំពោះ​ការ​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​ទី១៤ ខែ​ឧសភា ស្រប​ពេល​ជាមួយ​នឹង​ការ​ប្តូរ​ទី​តាំង​ថ្មី​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក​ពី​តំបន់ Tel Aviv ទៅ​ទីក្រុង​ហ្ស៊េរុយសាឡិម ។

លោក​ស្រី Nikki Haley ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ថ្លែង​ថា៖ «អ្នក​ទាំង​ឡាយ​ណា​ដែល​គិត​ថា​អំពើ​ហិង្សា​នៅ​តំបន់ Gaza គឺ​មាន​ជាប់​ពាក់ព័ន្ធនឹង​ការ​ផ្លាស់ប្តូរ​ទី​តាំង​ស្ថានទូត​អាមេរិក​គឺ​ខុស​ទាំង​ស្រុង។ ផ្ទុយ​ទៅ​វិញ អំពើ​ហិង្សា​ទាំង​អស់​នេះ​កើត​ឡើង​ពី​ក្រុម​មនុស្ស​ដែល​ប្រឆាំង​នឹង​វត្ត​មាន​រដ្ឋ​អ៊ីស្រាអែល​នៅ​គ្រប់​ទីកន្លែង​ទាំងអស់។ រាល់​ការ​ជំរុញ​ចិត្ត​របៀប​នេះ ដែល​ជា​ការបំផ្លិច​បំផ្លាញ​ដល់​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ គឺ​មិន​ស្រប​ច្បាប់ និង​មិន​មាន​តម្លៃ​សម្រាប់ជជែក​អំពី​រឿង​នេះ​នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​ជាជាង​ប្រកាស​ថ្កោលទោសនោះ​ទេ។

លោក​ស្រី Ashrawi ​បាន​ចាត់​ទុក​ការ​ថ្លែង​របស់​លោក​ស្រី Haley ថា«មិន​ស៊ី​គ្នា​នឹង​ស្ថានភាព​ជាក់ស្តែង​ទាល់តែ​សោះ» និង «មាន​លក្ខណៈ​គ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង»។

លោក​ស្រី Hanan Ashrawiបាន​មាន​ប្រសាសន៍​ថា៖ «បញ្ហា​ដែល​ធំ​បំផុត​គឺ​ការ​មិន​ដាក់​ទោសទណ្ឌ​ដល់​ប្រទេស​អ៊ីស្រាអែល និង​ភាព​ខ្វះការ​ទទួល​ខុស​ត្រូវ​របស់​អ៊ីស្រាអែល។ ខ្ញុំ​ចង់​និយាយ​ថា កុំ​គិត​ថា​ខ្ញុំ​និយាយ​វាយប្រហារ​លោក​ស្រី​ឯកអគ្គរដ្ឋទូត Haley។ តាម​ពិត​ទៅ ខ្ញុំ​គ្រាន់​តែ​គិត​ថា វា​ពិបាក​ខ្លាំង​ណាស់ដើម្បីរក​ទំនាក់ទំនងនៃ​អ្វី​ដែល​បាន​កើតឡើង​ជាក់ស្តែង​និង​ពាក្យ​ពេចន៍​ដែល​យើង​បាន​ឮ​ចេញ​ពី​អ្នក​តំណាង​សហរដ្ឋ​អាមេរិក​រូប​នេះ​នៅ​ទី​នេះ»។

មន្រ្តី​ប៉ាឡេស្ទីន​រូប​នេះធ្លាប់​បានរិះគន់​ការ​ប្តេជ្ញា​របស់​លោក​ស្រី Haley កាលពី​ឆ្នាំ​មុន​ ដែល​ថា​នឹង​កត់ត្រា​ឈ្មោះ​ប្រទេស​ដែល​មិន​ឯកភាព​ជា​មួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។ លោក​ស្រី​បាន​និយាយ​ថា ប្រេសិត​សហរដ្ឋ​អាមេរិក​មិន​មែន​ត្រូវ​បាន​គេ​តែង​តាំង​ឲ្យ​ធ្វើ​ជា«គ្រូ​ប្រៀន​ប្រដៅ​របស់​ពិភព​លោក​ឡើយ»។

លោក​ស្រី Hanan Ashrawi បាន​និយាយ​ថា៖ «មាន​ប្រទេស​មួយ​ចំនួន​ដែល​មិន​បាក់ស្បាត​នឹង​ការ​បំភ័យ​របស់​សហរដ្ឋអាមេរិក​ឬ​ការ​គំរាមកំហែង​របស់​អ្នក​តំណាង​សហរដ្ឋអាមេរិក​ពាក់ព័ន្ធ​នឹង​ការ​កត់ឈ្មោះ​នោះ​ដោយ​ងាយៗ​ឡើយ។ ហើយ​ខ្ញុំ​ជឿ​ជាក់​ថា ប្រទេស​នានា​អាច​ពឹងផ្អែក​លើ​សហគមន៍​អន្តរជាតិបាន ​ក្នុង​ការ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ»។

កាលពី​ថ្ងៃ​ទី១៥ ខែ​ឧសភា​ សហរដ្ឋ​អាមេរិក​បាន​រារាំង​ដល់​ការ​អនុម័ត​លើ​សេចក្តី​សម្រេច​មួយ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​អំពាវនាវ​ឲ្យ​បើក​ការ​ស៊ើប​អង្កេតទៅ​លើ​អំពើ​ហិង្សា ​ដែល​បង្ក​ឲ្យ​មាន​ការ​ស្លាប់​នៅព្រំដែន​តំបន់ Gaza ៕

ប្រែ​សម្រួល​ដោយ កោះ សុគន្ធី