ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល​ប៉ះទង្គិចគ្នា​បន្ទាប់​ពីក្រុង Jerusalem ត្រូវ​បាន​ទទួល​ស្គាល់ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល

ក្រុម​សកម្មប្រយុទ្ធ​ប៉ាឡេស្ទីណ​ដុត​ទង់ជាតិអ៊ីស្រាអែល​និង​ទង់ជាតិ​សហរដ្ឋ​អាមេរិក​ក្នុង​បាតុកម្ម។

ការប៉ះទង្គិច​រវាង​ពួកបាតុករប៉ាឡេស្ទីន​និងទាហាន​អ៊ីស្រាអែល​និងការ​តវ៉ា​ប្រ ឆាំង​នានា​នៅតាម​ផ្លូវ​បាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​តំបន់ West Bankនិង Gaza ​នៅ​ថ្ងៃ​បន្ទាប់​ពី​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំ​បាន​ទទួល​ស្គាល់​ជារដ្ឋ​ធានី​របស់​អ៊ីស្រាអែល។

​ក្នុង​តំបន់ West Bank ​ហ្វូង​បាតុករ​បាន​ចោល​ដុំ​ថ្មដាក់​កងទ័ព​អ៊ីស្រាអែល​ហើយ​បាន​ដុត​កង់ឡាន​នៅ​ក្នុង​ក្រុង Ramallah ​ដែល​ជាទីតាំង​រដ្ឋាភិបាល​ប៉ាឡេស្ទីន​ដែល​នៅ​ទី​នោះផ្សែងខ្មួលខ្មាញ់​បាន​ស្ថិត​នៅលើ​ក្រុង​នោះ។ មានមនុស្ស​រាប់​សិប​នាក់បាន​រងរបួស​ស្រាលៗ​នៅ​ក្នុងការ​ប៉ះទង្គិច​គ្នា​នោះ។

​ក្នុង​ទីក្រុង​សាសនា Bethlehem ដែល​ជា​កន្លែង​កំណើត​ព្រះ​យេស៊ូគ្រឹស្ត កងទ័ព​អ៊ីស្រាអែលបាន​បាញ់​កាណុងទឹក​និង​ឧស្ម័ន​បង្ហូទឹក​ភ្នែក​ទៅលើ​ពួក​បាតុករ​ខណៈក្នុងតំបន់ Gaza ពួកបាតុករ​បាន​ដុត​រូប​សំណាក​ប្រធានា​ធិបតី​ត្រាំ​និង​នាយករដ្ឋ​មន្រ្តីអ៊ីស្រាអែល Benjamin Netanyahuនិង​ដុត​ទង់ជាតិ​សហរដ្ឋ​អាមេរិក​និង​អ៊ីស្រាអែល​។

ជន​ជាតិ​ប៉ាឡេស្ទីន​បាន​បិទហាងលក់​ដូរ​ទំនិញ​និងសាលា​រៀន​នៅ​ក្នុងការ​ធ្វើ​កូដកម្ម​ទូទៅ​មួយ ខណៈ​ដែលលោក Ismail Haniyeh ​មេដឹកនាំ​របស់ក្រុម​ជន​សកម្ម​ប្រយុទ្ធ​ហាម៉ាស​ដែល​ត្រួតត្រា​តំបន់ Gaza ​បាន​អំពាវនាវ​ឲ្យមានការ​ងើបបះបោរ​លើក​ទី៣​របស់​ជន​ជាតិ​ប៉ាឡេស្ទីន​ប្រឆាំងនឹង​អ៊ីស្រាអែល។​ លោក Hassan Nasrallah ​មេដឹកនាំក្រុម​ជន​សកម្ម​ប្រយុទ្ធ Hezbollah របស់​លីបង់​បាន​និយាយថា ​ការចរចា​ទាំងអស់​នៅ​តំបន់​មជ្ឈឹម​បូព៌ារ​ត្រូវតែ​បញ្ឈប់​រហូតទាល់​តែ​ប្រធានា​ធិបតី​ត្រាំ​ប្រែក្រឡះ​ការ​សម្រេចអំពី​ទីក្រុង Jerusalem ​នេះ៕