ក្រុមវេជ្ជបណ្ឌិតរបស់ព្រះមហាក្សត្រិយានី Elizabeth នៃចក្រភពអង់គ្លេសមានក្ដីបារម្ភអំពីព្រះរាជសុខភាពរបស់ព្រះអង្គ និងបានផ្ដល់យោបល់ថា ព្រះមហាក្សត្រិយានីត្រូវបន្តត្រួតពិនិត្យព្រះរាជសុខភាពជាបន្តទៀត។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីព្រះបរមរាជវាំង Buckingham នៅក្នុងសេចក្ដីប្រកាសមួយនៅថ្ងៃព្រហស្បតិ៍នេះ។
សេចក្ដីប្រកាសរបស់ព្រះបរមរាជវាំងនេះបានបញ្ជាក់ថា៖ «បន្ទាប់ពីមានការពិនិត្យបន្ថែម [លើព្រះរាជសុខភាពរបស់ព្រះមហាក្សត្រិយានី] នៅព្រឹកនេះ ក្រុមវេជ្ជបណ្ឌិតរបស់ព្រះអង្គមានក្ដីបារម្ភចំពោះព្រះរាជសុខភាពរបស់ព្រះអង្គ និងបានស្នើឱ្យព្រះអង្គត្រូវបន្តត្រួតពិនិត្យព្រះរាជសុខភាពជាបន្តទៀត»។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
សេចក្ដីប្រកាសនេះបានបន្ថែមថា ព្រះមហាក្សត្រិយានី «នៅមានព្រះរាជសុខភាពល្អធម្មតាទេ ហើយកំពុងគង់នៅឯព្រះរាជដំណាក់ Balmoral» របស់ព្រះអង្គនៅក្នុងប្រទេសស្កុតលែននៃចក្រភពអង់គ្លេស ដែលជាព្រះរាជដំណាក់របស់ព្រះអង្គនារដូវក្ដៅ។
ព្រះមហាក្សត្រិយានី Elizabeth បានលុបចោលជំនួបជាមួយនឹងក្រុមប្រឹក្សាសម្ងាត់ (Privy Council) ដែលជាក្រុមប្រឹក្សានៃទីប្រឹក្សាជំនិតរបស់ព្រះអង្គកាលពីថ្ងៃពុធ។ បណ្ដាញព័ត៌មាន BBC បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ព្រះអង្គម្ចាស់ Charles និងរាជវង្សានុវង្សផ្សេងទៀតរបស់ព្រះមហាក្សត្រិយានីបានយាងទៅកាន់ព្រះរាជដំណាក់ Balmoral។
នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេសលោកស្រី Liz Truss បានសរសេរនៅលើ Twitter ថា «ប្រទេសទាំងមូល» មាន «ក្ដីបារម្ភជ្រាលជ្រៅ» នៅពេលបានឮដំណឹងនេះ។
អ្នកស្រីបានបន្ថែមថា៖ «នៅពេលនេះ ខ្ញុំនិងប្រជារាស្ត្រនៅទូទាំងចក្រភពអង់គ្លេសសូមថ្វាយព្រះពរឱ្យព្រះមហាក្សត្រិយានីនិងរាជវង្សានុវង្សរបស់ព្រះអង្គឱ្យមានព្រះរាជសុខភាពល្អ»។
កាលពីថ្ងៃអង្គារ ព្រះមហាក្សត្រិយានី Elizabeth បានទទួលជួបលោកស្រី Liz Truss នៅពេលដែលអ្នកស្រីចូលក្រាបបង្គំគាល់ដើម្បីទទួលបានការតែងតាំងជាផ្លូវការជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Associated Press និងទីភ្នាក់ងារព័ត៌មាន Reuters។
វ៉ាស៊ីនតោន & ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស —