ក្រុមមន្ត្រីបាននិយាយថា មេបញ្ជាការកងកម្លាំងបរទេសនៅអាហ្វហ្គានីស្ថានបានធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថានកាលពីថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សាជាមួយមេបញ្ជាការកងទ័ពប៉ាគីស្ថានអំពីកិច្ចខិតខំប្រឹងប្រែងផ្សះផ្សាប្រទេសអាហ្វហ្គានីស្ថាន។
ទស្សនកិច្ចរបស់ឧត្តមសេនីយ៍ Austin Scott Miller បានកើតឡើងចំពេលមានរបាយការណ៍អំពីការដកទ័ពអាមេរិកនៅអាហ្វហ្គានីស្ថាន និងការជំរុញជាថ្មី ឲ្យមានការចរចាសន្តិភាពជាមួយក្រុមបះបោរតាលីបង់ដើម្បីបញ្ចប់សង្គ្រាមចំណាស់១៧ឆ្នាំនៅអាហ្វហ្គានីស្ថាន។
សេចក្តីប្រកាសរបស់កងទ័ពបាននិយាយថា ឧត្តមសេនីយ៍ Qamar Javed Bajwa នៃប្រទេសប៉ាគីស្ថានបានប្រាប់លោក Miller ថា រដ្ឋាភិបាលក្រុង Islamabad តាំងចិត្តសម្រេចកិច្ចប្រឹងប្រែងសន្តិភាពរបស់អាហ្វហ្គានីស្ថាន។
សេចក្តីថ្លែងការណ៍នេះបានកត់សម្គាល់ថា «ភាគីទាំងពីរបានសម្តែងឆន្ទៈជាឯកច្ឆ័ន្ទអំពីសារៈសំខាន់នៃដំណោះស្រាយនយោបាយសម្រាប់ស្ថានភាពអាហ្វហ្គានីស្ថាននិងបានគូសបញ្ជាក់ថា មានតែដំណើរការដែលសម្រេចនិងគ្រប់គ្រងដោយអាហ្វហ្គានីស្ថានខ្លួនឯងទេ ដែលអាចសម្រេចបានសន្តិភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន»។
ប្រទេសប៉ាគីស្ថានដែលត្រូវបានគេចោទថា បានផ្តល់ជម្រកដល់អ្នកដឹកនាំពួកតាលីបង់អាហ្វហ្គានីស្ថានបានទទួលកិត្តិយសសម្រាប់ការរៀបចំ«ការចរចាសន្តិភាព» ដោយផ្ទាល់រយៈពេលពីរថ្ងៃរវាងអាមេរិកនិងក្រុមបះបោរកាលពីដើមខែធ្នូនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត៕