ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ចរចា​សន្តិភាព​នៅ​អាហ្វហ្គានីស្ថាន​ធ្វើ​ឡើង​នៅ​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម


លោក Mohammad Faisal អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ប៉ាគីស្ថាន​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ក្នុង​ក្រុង​អ៊ីស្លាម៉ាបាដ ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក Mohammad Faisal អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ប៉ាគីស្ថាន​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ក្នុង​ក្រុង​អ៊ីស្លាម៉ាបាដ ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨។

«កិច្ច​ចរចា​សន្តិភាព» រវាង​សហរដ្ឋ​អាមេរិក និង​ពួក​តាលីបង់ ដែល​រៀបចំ​ដោយ​ប្រទេស​ប៉ាគីស្ថាន បាន​ចាប់ផ្ដើម​នៅ​ថ្ងៃ​ចន្ទ​នេះ​នៅ​ក្នុង​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម ដើម្បី​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​សម្រាប់​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

លោក Mohammad Faisal អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ប៉ាគីស្ថាន បាន​បញ្ជាក់​សារ​ជា​ថ្មី​ថា រដ្ឋាភិបាល​ប៉ាគីស្ថាន រួម​ជាមួយ​នឹង​សហគមន៍​អន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត ប្ដេជ្ញា​នាំ​សន្តិភាព និង​ការ​ផ្សះផ្សា​ដល់​ប្រទេស​អាហ្វហ្គានីស្ថាន ដែល​ញាំញី​ដោយសារ​សង្គ្រាម។

លោក Faisal បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​សង្ខេប​មួយ​មុន​ពេល​ការ​ចរចា​សន្តិភាព​ចាប់ផ្ដើម​នៅ​ក្នុង​រដ្ឋធានី​អាប៊ុយដាប៊ី ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​យ៉ាង​ដូច្នេះ​ថា៖ «កិច្ច​ពិភាក្សា​កំពុង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម។ យើង​សង្ឃឹម​ថា ការ​ចរចា​នេះ​នឹង​បញ្ចប់​ការ​បង្ហូរ​ឈាម​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន និង​នាំ​សន្តិភាព​មក​កាន់​តំបន់»។

លោក Zalmay Khalilzad អ្នក​តំណាង​ពិសេស​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​ផ្សះផ្សា​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន បាន​ដឹកនាំ​ក្រុម​គណៈ​ប្រតិភូ​សហរដ្ឋ​អាមេរិក​ចូលរួម​កិច្ច​ចរចា​នេះ។ នេះ​បើ​យោង​តាម​មន្ត្រី​ជាន់​ខ្ពស់​ប៉ាគីស្ថាន​មួយ​រូប​ដែល​ដឹង​អំពី​ដំណើរ​វិវឌ្ឍ​នេះ ដែល​បាន​ប្រាប់ VOA កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

មន្ត្រី​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​នេះ បាន​និយាយ​ថា រដ្ឋាភិបាល​ប៉ាគីស្ថាន​បាន​សម្របសម្រួល​ការ​ពិភាក្សា​នេះ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក Donald Trump សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​កាន់​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក Imran Khan កាល​ពី​ដើម​ខែ​នេះ ឲ្យ​ជួយ​សហការ​នាំ​ពួក​តាលីបង់​មក​កាន់​តុ​ចរចា​សន្តិភាព។

លោក Zabihullah អ្នក​នាំ​ពាក្យ​ក្រុម​តាលីបង់ បាន​បញ្ជាក់​ប្រាប់ VOA អំពី​ការ​ចូលរួម​ចរចា​របស់​ខ្លួន​ជាមួយ​មន្ត្រី​អាមេរិក​នៅ​ថ្ងៃ​ចន្ទ​នេះ ប៉ុន្តែ​បាន​បន្ថែម​ថា អ្នក​តំណាង​មក​ពី​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម ប៉ាគីស្ថាន និង​អារ៉ាប៊ីសាអ៊ូឌីត ក៏​ចូលរួម​នៅ​ក្នុង​ការ​ពិភាក្សា​នេះ​ផង​ដែរ៕

XS
SM
MD
LG