អាជ្ញាធរនៅក្នុងប្រទេសប៉ាគីស្ថាន បាននិយាយថាទ្បានដឹកសាំងមួយគ្រឿងដែលបានបើកយ៉ាងលឿនក្នុងទិសខុសគ្នាបានបុកចំមុខរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងនៅថ្ងៃអាទិត្យនេះ បណ្តាលឲ្យមនុស្សយ៉ាងតិចណាស់៥៧នាក់ស្លាប់នៅជិតក្រុងកំពង់ផែ Karachi នាប៉ែកខាងត្បូងប្រទេស។
មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់បាននិយាយថាគ្រោះថ្នាក់ទ្បានបុកគ្នានេះបានកើតទ្បើងនៅលើផ្នែកមួយនៃផ្លូវមិនល្អ បណ្តាលឲ្យទ្បានទាំងពីរគ្រឿងនេះឆេះសន្ធោសន្ធៅ។ ក្រុមជនរងគ្រោះមានរួមបញ្ចូលស្ត្រីនិងកុមារ ដែលភាគច្រើននៃសាកសពត្រូវបានឆេះមើលមិនស្គាល់។ក្រុមមន្ត្រីបាននិយាយថាចំនួនមនុស្សស្លាប់អាចកើនទ្បើងច្រើនថែមទៀត។
ក្រុមអាជ្ញាធរនិយាយថាមានមនុស្សមួយចំនួនតូចបានគេចផុតពីគ្រោះថ្នាក់ឆេះទ្បាននេះដោយបានលោតចេញពីបង្អួចរថយន្តក្រុង។
ក្រុមអាជ្ញាធរក៏បានស្រង់ពាក្យសម្តីវេជ្ជបណ្ឌិតម្នាក់នៅឯមន្ទីរពេទ្យមួយកន្លែងក្នុងក្រុង Karachi ដែលបាននិយាយថាចំនួនមនុស្សបាត់បង់ជីវិតនឹងមានច្រើនជាងមុន៕