មន្រ្តីប៉ាគីស្ថានបាននិយាយថា យន្តហោះប្រតិកម្មនិងកងទ័ពជើងគោកបានសម្លាប់ជនសកម្មប្រយុទ្ធ៥៨ នាក់ ប៉ុន្មានថ្ងៃបន្ទាប់ពីពួកតាលីបង់ បានវាយប្រហារទៅលើសាលារៀនមួយនៅក្រុង ប៉េសាវ៉ា (Peshawar) នៅភាគពាយ័ព្យប៉ាគីស្ថាន ដោយបានសម្លាប់មនុស្ស ១៤៩ នាក់ ដែលភាគច្រើនជាកុមារ។
នៅស្របពេលដែលប៉ាគីស្ថានចាប់ផ្តើម កាន់មរណទុក្ខក្នុងថ្ងៃទីបី កងទ័ពប៉ាគីស្ថានបានឡោមព័ទ្ធហើយសម្លាប់ជនសកម្មប្រយុទ្ធចំនួនយ៉ាង តិច ៥០ នាក់ នៅជ្រលងភ្នំធីរ៉ា (Tirah) ក្នុងតំបន់ឃីប៊ឺ (Khyber) នៅជិតព្រំដែនជាមួយអាហ្វហ្កានីស្ថាន។
ជនសកម្មប្រយុទ្ធ ៨ នាក់ទៀតបានត្រូវប្រហារជីវិតនៅខេត្ត ប៉ាលូឈីស្ថាន (Baluchistan) ភាគនិរតីប្រទេស ដោយក្នុងនោះរួមមានមេបញ្ជាការជាន់ខ្ពស់ក្រុមតាលីបង់ម្នាក់ផង។
ការសម្លាប់រង្គាលនៅសាលារៀនដោយក្រុមសកម្មប្រយុទ្ធនៅក្រុង Peshawar កាលពីថ្ងៃអង្គារបានធ្វើឲ្យពិភពលោកតក់ស្លុត និងជំរុញឲ្យលោកនាយករដ្ឋមន្រ្តី ណាវ៉េ ហ្សារីហ្វ (Nawaz Sharif) លុបចោលបំរាមលើទោសប្រហារជីវិត៕