ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យន្តហោះគ្មាន​មនុស្ស​បើក​អាមេរិក​សម្លាប់​ជន​សកម្មប្រយុទ្ធ​៧នាក់​នៅ​​ប៉ាគីស្ថាន


ផែនទី​បង្ហាញ​ពី​តំបន់​ Waziristan ភាគខាង​ជើង​ និង​ ក្រុង​ Peshawar នៅ​ប៉ាគីស្ថាន​។
ផែនទី​បង្ហាញ​ពី​តំបន់​ Waziristan ភាគខាង​ជើង​ និង​ ក្រុង​ Peshawar នៅ​ប៉ាគីស្ថាន​។

ក្រុម​មន្ត្រី​ប៉ាគីស្ថាន​ បាននិយាយ​ថាការ​វាយ​ប្រហារ​មួយ​ដែល​ត្រូវ​បាន​សង្ស័យ​ថា​ជាការ​វាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​ស.រ.អា.​បាន​បណ្តាល​ឲ្យ​ក្រុម​ជន​សកម្មប្រយុទ្ធ​យ៉ាង​តិចណាស់​៧​នាក់​ស្លាប់​នៅ​ក្នុង​តំបន់​ Waziristan ភាគ​ខាង​ជើង​។ក្រុម​មន្ត្រី​ផ្នែកស៊ើបការ​សម្ងាត់មូលដ្ឋាន​បាននិយាយ​ថា​យន្តហោះគ្មាន​មនុស្សបើកបាន​បាញ់​កាំជ្រួច​មីស៊ីល​ពីរ​គ្រាប់​មក​ចំអាគារ​មួយ​ដែលមាន​កំផែង​ព័ទ្ធជុំវិញ​នៅ​ក្នុង​តំបន់​ភ្នំ Datta Khail នៅ​ជិត​ព្រំដែន​ប្រទេសអាហ្វហ្គានីស្ថាន។

ក្រុម​មន្ត្រី​នោះ​បាន​ថ្លែង​ថា​ កន្លែង​នោះ​ត្រូវ​បាន​សង្ស័យ​ថា​ជា​កន្លែង​លាក់​ខ្លួន​ប្រើប្រាស់​ដោយ​ក្រុមសកម្មប្រយុទ្ធ​ជនជាតិ​អ៊ូសបេគីស្ថាន​ ដែល​មានជាមួយ​មេបញ្ជាការ​ជនជាតិ​ប៉ាគីស្ថាន​ម្នាក់​ ដែល​គាំទ្រ​ក្រុម​អាល់កៃដា​ (Al-Qaida) ឈ្មោះ Hafiz Gul Bahadar។

ការ​វាយ​ប្រហារនេះ​ជា​ការ​វាយ​ប្រហារដោយ​យន្តហោះគ្មានមនុស្សបើក​លើក​ទី​មួយ​ក្នុង​ឆ្នាំ​ថ្មីនេះ។​

អាជ្ញាធរ​ប៉ាគីស្ថាន​ បាន​បង្កើន​កិច្ចប្រតិបត្តិការ​យោធា​ប្រឆាំង​នឹង​ក្រុម​សកម្មប្រយុទ្ធ​នៅ​ក្នុង​តំបន់កុលសម្ព័ន្ធ​តាម​ព្រំដែន​ជាមួយ​អាហ្វហ្គានីស្ថាន ចាប់តាំង​ពី​ក្រុម​សកម្ម​ប្រយុទ្ធបាន​ធ្វើ​ការ​វាយឆ្មក់​មក​លើ​សាលារៀន​មួយ​គ្រប់គ្រងដោយ​យោធា​នៅក្រុង​ប៉េសាវ៉ា (Peshawar) កាលពី​ថ្ងៃ​ទី​១៦ខែធ្នូ​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស១៥០​នាក់​បាត់បង់​ជីវិត ​ដែល​ភាគ​ច្រើន​ជា​កុមារ៕

XS
SM
MD
LG