ការ​បង្ក្រាប​លើ​បណ្ដាញ​សង្គម​ប៉ាគីស្ថាន​ធ្វើ​ឲ្យ​​អ្នក​រិះ​គន់​បារម្ភ​ខ្លាំង

  • Ayaz Gul

រូបឯកសារ៖ អង្គការ​ឃ្លាំ​មើល​ឯករាជ្យ​មួយ​​ឈ្មោះ​ថា គណៈកម្មការ​សិទ្ធិ​មនុស្ស​ប៉ាគីស្ថាន​ HRCP បង្ហាញ​របាយការណ៍​សិទ្ធិមនុស្ស​ប្រចាំឆ្នាំ​របស់​ប៉ាគីស្ថាន​ កាល​ពី​ថ្ងៃទី​១០ ខែ​ឧសភា។

ការ​បង្ក្រាប​មួយ​របស់​រដ្ឋាភិបាល​ប៉ាគីស្ថាន​ទៅ​លើ​បណ្តាញ​ផ្សព្វ​ផ្សាយ​សង្គម​ដើម្បី​បន្លាច​ដល់​ការ​បង្ហោះ​ខ្លឹមសារ​ប្រឆាំង​នឹង​យោធា ​បាន​ជំរុញ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​រដ្ឋាភិបាល​ប្រទេស​នេះ​ថា​ បាន​រារាំង​ដល់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ជា​ការ​ភ្ជាប់​អ្នក​ណា​ម្នាក់​ទៅ​នឹង​បទ​ល្មើស​ដោយ​សារ​​ហេតុ​ផល​នយោបាយ។

រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋ​មន្ត្រី​ Nawaz Sharif ​កាល​ពី​ពាក់​កណ្ដាល​ខែ​ឧសភា​នេះ​បាន​ចេញ​បញ្ជា​ឲ្យ​នាយកដ្ឋាន​បទ​ល្មើស​បច្ចេកវិជ្ជា​នៃ​ភ្នាក់ងារ​ស៊ើប​អង្កេត​សហព័ន្ធ​ ឬ​ FIA ​បន្ត​នីតិវិធី​ប្រឆាំង​លើ​សកម្មជន​ដែល​ធ្វើ​ឲ្យ​«ប៉ះពាល់​ដល់​កិត្តិយស‍»​កងទ័ព​ជាតិ តាម​រយៈ​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម។

ចាប់​ពី​ពេល​នោះ​មក ក្រុម​អាជ្ញាធរ​បាន​បាន​ឃុំ​ខ្លួន​និង​សួរ​ចម្លើយ​សកម្មជន​ដែល​គេ​មិន​ដឹង​ចំនួន​ច្បាស់​ ហើយ​បាន​ដក​ហូត​កុំព្យូទ័រក៏​ដូចជា​ទូរស័ព្ទ​ដៃ​របស់​ពួក​គេផង​ដែរ។ អ្នក​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ភាគ​ច្រើន​មក​ពី​គណបក្ស​ប្រឆាំង​របស់​ប៉ាគីស្ថាន​ គឺ​គណបក្ស Tehrik-e-Insaf ឬ​ PTI ដែល​ដឹក​នាំ​ដោយ​លោក ​Imran Khan។

អង្គការ​ឃ្លាំ​មើល​ឯករាជ្យ​មួយឈ្មោះ​ថា គណៈកម្មការ​សិទ្ធិ​មនុស្ស​ប៉ាគីស្ថាន​ ឬ HRCP បាន​រិះគន់​យ៉ាង​ចាស់​ដៃ​ទៅ​លើ​ការ​បង្ក្រាប​នេះ។

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃទី​១៩ ខែ​ឧសភា ក្រុម​ឃ្លាំ​មើល​នេះ​បាន​ទាមទារ​ឲ្យ​បញ្ចប់​ការ​គាប​សង្កត់​តាម​ទំនើង​ចិត្ត​ទៅ​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​បរិយាកាស​គំរាម​កំហែង​លើ​សកម្មជន​នយោបាយ​ អ្នក​សរសេរ​គេហទំព័រ​ប្លុក អ្នក​សារព័ត៌មាន និង​សកម្មជន​សង្គម​ស៊ីវិល​ដទៃ​ទៀត។​

បុរស​ម្នាក់​កំពុង​ប្រើប្រាស់​បណ្តាញ​សង្គម​ក្នុង​ហាង​កាហ្វេ​មួយ​ នៅ​ក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាដ ប្រទេស​ប៉ាគីស្ថាន។

គណៈកម្មការ HRCP បាន​សរសេរ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ថា៖ «យើង​សង្ឃឹម​ថា អាជ្ញាធរ​នឹង​ដឹង​ខ្លួន​ថា ​តើ​ស្ថានភាព​ជាក់​ស្តែង​នឹង​បញ្ជាក់​យ៉ាង​ណា​អំពី​ការ​បង្ក​អរិភាព​របស់​ពួក​គេ​ទៅ​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ»។

លោក​ Khan ក៏​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ដែរ​ថា​ បាន​រំលោភ​លើ​ច្បាប់​ស្តី​ពី​បទ​ល្មើស​បច្ចេកវិទ្យា ដោយ​ធ្វើ​ឲ្យ​សកម្មជន​បណ្ដាញ​សង្គម​របស់​គណបក្ស PTI ​ក្លាយ​ជាជន​រងគ្រោះ​ដោយ​សារ​រឿង​នយោបាយ។ អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​រៀប​ចំ​ការ​ធ្វើ​បាតុកម្ម​នៅ​តាម​ដង​ផ្លូវ​ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​លោក Sharif ចុះ​ចេញ​ពី​តំណែង ដោយ​បាន​ចោទ​ប្រកាន់​លោក​ពី​ការ​ប្រពឹត្ត​អំពើ​ពុក​រលួយ។

លោក​ Khan បាន​ព្រមាន​រដ្ឋាភិបាល​របស់​លោក​ Sharif​ ខណៈ​ពេល​លោក​បាន​ថ្លែង​ទៅ​កាន់​ការ​ជួប​ជុំ​គណបក្ស​របស់​លោក​នៅ​ទីក្រុង​ Quetta ដែល​ស្ថិត​នៅ​ភាគ​និរតី​នៃ​ប្រទេស​ដោយ​លោក​បាន​ថ្លែង​ថា៖

«សូម​កុំ​បង្ខំ​ឲ្យ​គណបក្ស​ PTI ចេញ​មក​កាន់​ដង​ផ្លូវឲ្យ​សោះ។ យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​លោក​ ( Nawaz Sharif) បំបិទ​មាត់​សាធារណមតិ​ដែល​ប្រឆាំង​នឹង​លោក​ជា​ដាច់​ខាត»។

លោក​ Khan បាន​ចោទ​ប្រកាន់​ថា​ តាម​រយៈ​គណនី​បណ្ដាញ​សង្គម​ក្លែងក្លាយ​ ​គណបក្ស​កាន់​អំណាច​បាន​បញ្ចេញ​យុទ្ធនាការ​ប្រឆាំង​នឹង​កងទ័ព ដើម្បី​បង្កើត​ឲ្យ​មាន​ការ​បង្ក្រាប​លើ​សកម្មជន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​គណបក្ស​ PTI។ គណបក្ស​របស់​លោក Khan ​មាន​ជំនាញ​ក្នុង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ក្នុង​ការ​ប្រមូល​រក​ការ​គាំទ្រ​ពី​សាធារណជន និង​លាត​ត្រដាងអំពី​អំពើ​ពុករលួយ​របស់​មេ​ដឹកនាំ​រដ្ឋាភិបាល​មួយ​ចំនួន។

រដ្ឋាភិបាល​របស់​លោក Sharif បាន​ការពារ​នីតិធិវី​ដ៏​តឹង​រ៉ឹង​របស់​ខ្លួន​នេះ​លើ​សកម្មជន​បណ្ដាញ​ផ្សព្វ​ផ្សាយ​សង្គម ដោយ​ពួក​គេ​បាន​និយាយ​ថា រដ្ឋ​ធម្មនុញ្ញ​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​រិះគន់​កងកម្លាំង​ប្រដាប់​អាវុធ​ឡើយ។

រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​សហព័ន្ធ​បាន​ព្រមាន​ ខណៈ​ដែល​លោក​បញ្ជា​ឲ្យ​ក្រុម​អាជ្ញាធរ​ចាប់​ និង​ចាត់​វិធានការ​តឹងរ៉ឹង​ប្រឆាំង​នឹង​អ្នក​ទាំង​ឡាយ​ណា​ដែល​ពាក់​ព័ន្ធ​នឹង​សកម្មភាព​ដែល​គួរ​តែ​ទទួល​ការ​ស្តី​បន្ទោស។ លោក​បាន​ថ្លែង​ថា៖ «ការ​ចំអក​ដល់​កង​ទ័ព​ប៉ាគីស្ថាន​ឬ​មន្ត្រី​កង​ទ័ព​ប៉ាគីស្ថាន​នៅ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ដោយ​យក​រូបភាព​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​មក​ការពារ​នោះ​ គឺ​មិន​អាច​ទទួល​យក​បាន​ឡើយ ហើយ​វា​ជា​បទ​ល្មើស​ធ្ងន់​ធ្ងរ​ដែល​មាន​ចែង​ក្នុង​ច្បាប់»។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន អង្គការ​ HRCP បាន​ច្រាន​ចោល​ការ​អះអាង​ទាំង​នោះ​ និង​បាន​រំឭក​ដល់​អាជ្ញាធរ​ថា រដ្ឋធម្មនុញ្ញ​ក៏​បាន​ចែង​ដែរ​ថា​ ការ​រឹតត្បិត​ណា​មួយ​ដល់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ «ត្រូវ​តែ​មាន​ហេតុផល​សមរម្យ​ និង​មិន​គួរ​មាន​ឥទ្ធិពល​ឡើយ​បើ​សិន​ច្បាប់​មិន​អនុញ្ញាត»។

ស្ថានប័ន​យោធា​ដ៏​មាន​ឥទ្ធិពល​នេះ​ បាន​គ្រប់​គ្រង​ប្រទេស​ប៉ាគីស្ថាន​អស់​រយៈ​ពេល​បី​ទសវត្សរ៍​មក​ហើយ តាម​រយៈ​ការ​ធ្វើ​រដ្ឋប្រហារ​ដោយ​ផ្ទាល់ ប្រឆាំង​នឹង​រដ្ឋាភិបាល​ស៊ីវិល។ ក្រុម​អ្នក​វិភាគ​និយាយ​ថា ​ស្ថាប័ន​យោធា​នៅបន្ត​មាន​ឥទ្ធិពល​លើ​កិច្ចការ​នយោបាយ ជា​ពិសេស​បញ្ហា​ទាំង​ឡាយដែល​ទាក់ទង​នឹង​គោល​នយោបាយ​ការបរទេស។

កង​យោធា​ ជា​ពិសេស​ភ្នាក់ងារ​ស៊ើប​អង្កេត​របស់​ខ្លួន​ ក៏​បាន​ប្រឈម​នឹង​ការ​រិះគន់​ពី​អន្តរជាតិ​ដែរ​ដោយ​សារ​តែត្រូវ​គេ​ចោទ​ប្រកាន់ថា​បាន​ផ្តល់​ជម្រក​ដល់ក្រុម​កង​យុទ្ធជនដែលមាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ឆ្លង​កាត់​ព្រំដែនក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន និងឥណ្ឌា។

ក្រុម​អ្នក​វិភាគ​និយាយ​ថា​ បើ​ទោះ​បី​ជា​មាន​ភាព​ចម្រូងចម្រាស​ជា​ច្រើន​ជុំវិញ​កង​យោធា​នេះ ស្ថាប័ន​នេះ​បាន​ទទួល​ផល​ប្រយោជន៍​ពី​មាត្រា​ជា​ច្រើន​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ដែល​រារាំង​ការ​រិះគន់​លើ​ស្ថាប័ន​នេះ៕

ប្រែ​សម្រួល​ដោយ​ នៀម ឆេង