ក្រសួងព័ត៌មានប្រកាសថា ខ្លួននឹងដកហូតអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយណា ដែលបំពានគោលការណ៍ណែនាំរបស់ក្រសួង និងបំពានច្បាប់ដែលបណ្ដាលឲ្យមានការបាត់បង់ទំនុកចិត្តលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនាខាងមុខ។
យោងតាមលិខិតដែលចេញដោយក្រសួងព័ត៌មាន នាថ្ងៃទី១១ ខែឧសភា និងចែកចាយឲ្យក្រុមអ្នកយកព័ត៌មាននាថ្ងៃចន្ទនេះ ក្រសួងព័ត៌មានបានណែនាំឲ្យម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ ចាងហ្វាងកាសែត និងម្ចាស់គេហទំព័រ អនុវត្តន៍ឲ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងបញ្ញត្តិច្បាប់ស្ដីពីការបោះឆ្នោត ហើយនិងគោលការណ៍ដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់ស្ថានីយវិទ្យុ ទូរទស្សន៍ក្នុងការលក់ ឬជួលម៉ោងផ្សាយឲ្យគណបក្សនយោបាយ។
ក្រសួងដដែលនេះ ក៏បានណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ឲ្យបញ្ឈប់គ្រប់សកម្មភាពឃោសនាក្នុងរយៈពេល២៤ម៉ោង មុនថ្ងៃបោះឆ្នោត។
រាល់ការស្ទង់មតិ និងផ្សព្វផ្សាយលទ្ធផលនៃការស្ទង់មតិអំពីកិច្ចការបោះឆ្នោត ត្រូវអនុវត្តតាមបញ្ញត្តិដែលមានចែងក្នុងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និងមិនត្រូវផ្សព្វផ្សាយព័ត៌មានដោយទុច្ចរិត ធ្វើឲ្យមានការភាន់ច្រឡំណាមួយដែលនាំឲ្យបាត់បង់ទំនុកចិត្តលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។
ក្រសួងព័ត៌មាន ក៏បានបញ្ជាក់ក្នុងលិខិតដដែលនោះថា៖
«ក្នុងករណីដែលម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ ចាងហ្វាង ម្ចាស់គេហទំព័រ ណាមិនយកចិត្តទុកដាក់អនុវត្តតាមសេចក្ដីជូនដំណឹងនេះ ហើយបានបំពានច្បាប់ និងគោលការណ៍ណែនាំខាងលើ ក្រសួងព័ត៌មាននឹងបិទការផ្សាយ ហើយដកហូតអាជ្ញាប័ណ្ណបញ្ឈប់ការធ្វើអាជីវកម្មជាស្ថាពរ»។
បើតាមគោលការណ៍ដែលចេញដោយ គ.ជ.ប សម្រាប់ស្ថានីយវិទ្យុ ទូរទស្សន៍ក្នុងការលក់ ឬជួលម៉ោងផ្សាយឲ្យគណបក្សនយោបាយ ម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ ត្រូវផ្ដល់ម៉ោងជួលដោយស្មើភាពគ្នាចំពោះគណបក្សនយោបាយទាំងអស់។
ក្នុងករណីមានគណបក្សនយោបាយតិច ឬមានតែមួយមានលទ្ធភាពមកទិញ ឬជួលគឺមានរយៈពេលយ៉ាងច្រើនពីរដងនៃរយៈពេលគោលការណ៍ស្មើភាពគ្នា។ ផ្ទុយទៅវិញ ប្រសិនបើ គ.ជ.ប រកឃើញខ្លឹមសារឃោសនារំលោភលើបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ គ.ជ.ប មានសិទ្ធិស្នើឲ្យគណបក្សនោះ ធ្វើការកែតម្រូវ។ បើពុំដូច្នោះទេ គ.ជ.ប មានសិទ្ធិដកហូត ឬបញ្ឈប់លែងឲ្យមានខ្លឹមសារឃោសនាទាំងស្រុង និងចាត់វិធានការតាមផ្លូវច្បាប់៕