ភ្លាមៗក្រោយការព្រមានជាថ្មីម្តងទៀតរបស់នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន សមាជិកសភាសហរដ្ឋអាមេរិកបីរូប បានចេញសេចក្តីថ្លែងការណ៍អំពីការមិនពេញចិត្តចំពោះការគំរាមដដែលៗរបស់បុរសខ្លាំងកម្ពុជា ដែលដោយហៅការគំរាមនេះថាជាការ«រំខានចិត្តដ៏ធ្ងន់ធ្ងរ»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សមាជិកសភាលោក Alan Lowenthal លោក Steve Chabot និងលោក Eward R. Royce ដែលធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍។
សេចក្តីអំពាវនាវរបស់អ្នកតាក់តែងច្បាប់សហរដ្ឋអាមេរិកនេះ កើតមានឡើង មិនបានប៉ុន្មានម៉ោងក្រោយការថ្លែងសារនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានគំរាមធ្ងន់ៗសារជាថ្មីចំពោះការកម្ចាត់ក្រុម ឬបក្សណាដែលចង់ចេញមុខប្រឆាំងនឹងលោក ហើយលោកក៏បានព្រមានដដែលទៀតថា សង្គ្រាមនឹងកើតមាន ប្រសិនបើគណបក្សប្រជាជនកម្ពុជារបស់លោកមិនឈ្នះឆ្នោតនោះ។
សេចក្តីថ្លែងការណ៍របស់សមាជិកសភាអាមេរិកបីរូប ដែលមានលោក Alan Lowenthal លោក Steve Chabot និងលោក Eward R. Royce ដែលបានផ្ញើជូនរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានឲ្យដឹងថា ការបោះឆ្នោតថ្នាក់មូលដ្ឋានដែលកំពុងខិតចូលមកដល់នៅថ្ងៃទី៤ ខែមិថុនា គឺមានសារៈសំខាន់ដល់អនាគតរបស់លទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ដែលជាសមាជិកសំខាន់មួយនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងជាទឹកដីកំណើតពលរដ្ឋអាមេរិកាំងរាប់សែននាក់។
សមាជិកសភាទាំងបីរូបបានសរសេរក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភា ក្នុងន័យដើមថា៖
«យើងអំពាវនាវឲ្យក្រសួងការបរទេសសហរដ្ឋអាមេរិក និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បង្ហាញការគាំទ្រជាសាធារណៈដល់នីតិរដ្ឋ និងស្នើដល់រដ្ឋាភិបាលឲ្យគោរពសិទ្ធិបោះឆ្នោតពលរដ្ឋខ្មែរគ្រប់រូប នៅមុនការបោះឆ្នោត»។
ពួកគេបានសរសេរបន្តថា៖
«យើងត្រូវបានធ្វើឲ្យរំខានចិត្តដ៏ធ្ងន់ធ្ងរដោយសេចក្តីរាយការណ៍អំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពុងញុះញង់ឲ្យមានអំពើហិង្សា និងប្រើប្រាស់តាក់តិក(យុទ្ធសាស្ត្រ)បន្លាច ដើម្បីបំភិតបំភ័យអ្នកបោះឆ្នោតទាំងឡាយ ក្នុងនោះរួមមានការបង្កើតការសម្លុតអំពីសង្គ្រាមក្នុងស្រុក ប្រសិនបើគណបក្សរបស់លោកចាញ់ការបោះឆ្នោត»។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក ហ៊ុន សែន មិនត្រឹមតែរិះគន់គោលនយោបាយគណបក្សប្រឆាំងក្នុងការបង្កើនកញ្ចប់ថវិកាដល់រដ្ឋបាលថ្នាក់មូលដ្ឋាន និងព្រមានមេបក្សប្រឆាំងលោក កឹម សុខា នោះទេ លោកថែមទាំងបានគំរាមកម្ចាត់ក្រុមណាដែលចង់ផ្តួលរដ្ឋាភិបាលលោក ហើយលោកលើកឡើងជាដដែលថា បើគ្មានគណបក្សលោកដឹកនាំប្រទេស នោះសង្គ្រាមនឹងផ្ទុះឡើង។
លោក ហ៊ុន សែន ដែលស្ថិតក្នុងអំណាចជាង៣០ឆ្នាំ ថ្លែងសំដៅទៅក្រុមដែលចង់ផ្តួលរដ្ឋាភិបាលរបស់លោកយ៉ាងដូច្នេះថា៖
«ទង្វើណាក៏ដោយ ដែលនាំទៅដល់ការផ្តួលរំលំ គឺជាទង្វើដែលត្រូវតែបង្ក្រាបដាច់ខាតតែម្តង គ្មានការអត់ឱនទេ។ ដើម្បីធានាជីវិតមនុស្សរាប់លាននាក់ យើងសុខចិត្តកម្ចាត់ចោលមួយរយ ពីររយនាក់»។
លោក ហ៊ុន សែន បានថ្លែងការពារការអធិប្បាយរបស់មេទ័ពកម្ពុជា លោក ប៉ុល សារឿន ដែលស្នើឲ្យកងទ័ពត្រៀមកម្ចាត់ចោលចលនាបដិវត្តន៍ពណ៌ និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ បាញ់ ដែលគំរាមវាយបំបាក់ធ្មេញក្រុមណាដែលចេញមកតវ៉ាលទ្ធផលនៃការបោះឆ្នោតឃុំ សង្កាត់។
ក្នុងសេចក្តីថ្លែងការណ៍របស់សមាជិកទាំងបីនាក់នៃសភាអាមេរិក ដែលចេញកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅពីរដ្ឋធានីវ៉ាស៊ីនតោន ក៏បានបញ្ជាក់បន្ថែមថា សេចក្តីថ្លែងការណ៍ដែលចេញដោយរដ្ឋាភិបាលអាមេរិក ទាក់ទិននឹងការការពារលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នឹងផ្ញើសញ្ញាសំខាន់ និងចាំបាច់មួយដល់រដ្ឋាភិបាលកម្ពុជាដែលត្រូវតែគោរពសិទ្ធិរបស់ពលរដ្ឋខ្មែរ។
ទាក់ទិនសេចក្តីថ្លែងការណ៍របស់សមាជិកសភាទាំងបីរូប និងបរិយាកាសនយោបាយនៅកម្ពុជាលោក Jay Raman អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាបដិសេធមិនផ្តល់សេចក្តីអត្ថាធិប្បាយនោះទេ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យនៃក្រសួងការបទេសសហរដ្ឋអាមេរិក ធ្លាប់បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាធានាឲ្យបានបរិយាកាសសេរីក្នុងការអនុវត្តសិទ្ធិនយោបាយ និងការបញ្ចេញមតិ ដោយមិនមានការគំរាមកំហែងម្តងរួចមកហើយ នៅមុនការឃោសនាបោះឆ្នោតឃុំ សង្កាត់ចាប់ផ្តើម។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ថ្លែងប្រាប់ VOA នៅថ្ងៃសុក្រនេះថា សេចក្តីថ្លែងការណ៍របស់សមាជិកសភាអាមេរិក គ្រាន់តែជាការបញ្ចេញទស្សនៈមួយប៉ុណ្ណោះ។ លោកថា កម្ពុជាកំពុងស្ថិតក្នុងគន្លងប្រជាធិបតេយ្យ ស្របតាមខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា៖
«តាមពិតយើងកំពុងតែដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ស្របតាមសា្មរតីនៃកិច្ចព្រមព្រៀងប៉ារីស ហើយយើងកំពុងតែពង្រឹងនីតិរដ្ឋហ្នឹងឯង ហើយចំពោះការថ្លែងបញ្ហាសង្គ្រាមនេះ ខ្ញុំយល់ថា អ្នកណាក៏ដឹងដែរ មិនអាចទៅនិយាយប្រាសចាកការពិតបានទេ គណបក្សប្រជាជនជាស្ថាបនិកនៃសន្តិភាព គឺគណបក្សប្រជាជនបានធ្វើការតស៊ូ ពុះពារគ្រប់ឧបសគ្គ ហ៊ានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីសន្តិភាពហ្នឹងឯង»។
លោកបន្ថែមថា៖
«ក៏ប៉ុន្តែមិនមែនបានសន្តិភាពហើយ យើងយកមកបោះចោលទេ ទាមទារឲ្យយើងមានការប្តេជ្ញាចិត្តក្នុងការថែរក្សាការពារសន្តិភាពនោះឲ្យបានគង់វង្ស យូរអង្វែង ដើម្បីជាសេចក្តីសុខរបស់ជាតិយើងផង ជាសេចក្តីសុខ ជាសេចក្តីសុខរបស់ប្រជាជនយើងផង»។
លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោត ដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា (និកហ្វិច) យល់ថា សេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក ជាអនុសាសន៍មួយសម្រាប់រដ្ឋាភិបាលក្នុងការធានាឲ្យបាននូវបរិយាកាសសេរី និងគ្មានការគំរាមកំហែងក្នុងការបោះឆ្នោត។
«អានេះមិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងទេ អានេះជាការអនុសាសន៍ ដែលគេ សហគមន៍អន្តរជាតិជាពិសេសសហរដ្ឋអាមេរិក ដែលជាប្រទេសប្រជាធិបតេយ្យដែរ គេចង់ឃើញឲ្យយើងមាន ការបោះឆ្នោតដោយសេរី ត្រឹមត្រូវហ្នឹង»។
លោក សំ គន្ធាមី បានថ្លែងថា សារនយោបាយរបស់លោក ហ៊ុន សែន ដែលបានលើកឡើងពីការផ្ទុះសង្គ្រាម គឺជាការបំភិតបំភ័យ និងបានធ្វើឲ្យប៉ះពាល់សន្តិសុខផ្លូវចិត្តរបស់អ្នកបោះឆ្នោត។
គណបក្សនយោបាយចំនួន១២ ដែលបានដាក់បេក្ខជនឲ្យឈរឈ្មោះនៅតាមឃុំ សង្កាត់ ចំនួន ១.៦៤៦ បានបើកយុទ្ធនាការឃោសនាបោះឆ្នោតកាលពីថ្ងៃសៅរ៍កន្លងទៅ។ គណបក្សនយោបាយនីមួយៗ មានពេល១៤ថ្ងៃសម្រាប់ការធ្វើយុទ្ធនាការបោះឆ្នោត មុនការបោះឆ្នោតឃុំ-សង្កាត់ ដែលនឹងរៀបចំឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ៕