អ្នកនាំពាក្យម្នាក់របស់ការិយាល័យនាយករដ្ឋមន្ត្រីបានប្រកាសក្នុងរយៈពេលខ្លីក្រោយតុលាការនេះចេញផ្សាយសេចក្តីសម្រេចរបស់ខ្លួនថាលោក Sharif បានទទួលយកសេចក្តីសម្រេចនេះ ទោះណាជាលោកមិនយល់ស្របតាមសេចក្តីសម្រេចនេះទាំងស្រុងក៏ដោយ ហើយលោកបានលះបង់ការទទួលបន្ទុកនៃការិយាល័យលោកហើយ។
សេចក្តីសម្រេចរបស់តុលាការកំពូលនៃប្រទេស ប៉ាគីស្ថាន ចែងថា៖ ដោយមិនបានប្រាប់ឱ្យដឹងអំពីធនធានរបស់លោកនៅឯប្រទេសក្រៅដែលលោកមិនបានដក»នៅក្នុងសំណុំឯកសារនៃការស្នើឈ្មោះលោកជាបេក្ខជននៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៣ និងដោយបានផ្តល់សេចក្តីប្រកាសក្លែងបន្លំដោយមានការបញ្ជាក់ជាឧឡារិក...លោក Sharif មិនទៀងត្រង់ទេ...ហើយដូច្នេះលោកគ្មានសិទ្ធិជាសមាជិកម្នាក់នៃសភាឡើយ»។
សេចក្តីសម្រេចរបស់តុលាការកំពូលនៃប្រទេសប៉ាគីស្ថាន នេះបន្ថែមទៀតថា៖ «ប្រធានាធិបតីនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថានត្រូវតម្រូវឱ្យចាត់វិធានការជាចាំបាច់ទាំងអស់តាមរយៈរដ្ឋធម្មនុញ្ញដើម្បីធ្វើឱ្យប្រាកដប្រជាអំពីការបន្តដំណើរការប្រជាធិបតេយ្យ»។
តាមច្បាប់របស់ប្រទេសប៉ាគីស្ថាន គណៈរដ្ឋមន្ត្រីរបស់លោក Sharif ក៏ត្រូវរំលាយដែរហើយនៅពេលនេះប្រធានាធិបតីប៉ាគីស្ថាន នឹងសុំឱ្យរដ្ឋសភាបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មី។
តុលាការកំពូលនៃប្រទេសប៉ាគីស្ថាន បានកាត់ទោសលោក Sharif ពីបទចោទប្រកាន់ថាលោកបានប្រមូលធនធាននៅឯប្រទេសក្រៅ លាក់បាំងធនធានទាំងនេះ និងថាលោកបានរស់នៅដោយហ៊ឺហា។
តុលាការកំពូលនេះបានបញ្ជាដល់ពួកមន្ត្រីប្រឆាំងនឹងអំពើពុករលួយឱ្យបញ្ចប់ការស៊ើបអង្កេតរបស់ពួកគេអំពីករណីយប្រឆាំងនឹងពួកកូនៗនិងកូនប្រសាប្រុសរបស់លោក Sharif និងរដ្ឋមន្ត្រីហិរញ្ញវត្ថុប៉ាគីស្ថានលោក Ishaq Dar ឱ្យបានឆាប់រហ័ស និងប្រកាសការវិនិច្ឆ័យមួយក្នុងរយៈពេល៦ខែ។ ចៅក្រមម្នាក់នៃតុលាការកំពូលនឹងមើលការខុសត្រូវការអនុវត្តន៍សាលក្រមនៅថ្ងៃសុក្រនេះ៕