អគ្គមេបញ្ជាការនៃកងទ័ពប៉ាគីស្ថាន (Pakistan) បាននិយាយថា ប្រទេសលោកបានចែកចាយព័ត៌មានខាងការស៊ើបការសម្ងាត់ជាមួយប្រទេសអាហ្វហ្គានីស្ថាន (Afghanistan) ដល់កម្រិត«មិនធា្លប់មានពីពេលមុនៗ» ហើយថាប្រទេសទាំងពីរកំពុងធ្វើការជាមួយគ្នា«យ៉ាងជិតស្និទ្ធ»ដើម្បីកម្ចាត់ការគំរាមកំហែងនៃភេរវកម្ម។
នៅក្នុងដំណើរទស្សនកិច្ចមួយដែលមិនត្រូវបានប្រកាសឲ្យដឹងជាមុនកាលពីថ្ងៃអង្គារនៅក្នុងក្រុងកាប៊ុល លោកឧត្តមសេនិយ Raheel Sharif បានមានប្រសាសន៍ថា៖«សត្រូវរបស់អាហ្វហ្គានីស្ថាន គឺជាសត្រូវរបស់ប៉ាគីស្ថាន»។ លោកបាននិយាយទៅកាន់ពួកអ្នកកាសែតជាមួយលោក Abdullah Abdullah ប្រធានប្រតិបត្តិនៃប្រទេសអាហ្វហ្គានីស្ថាន។
លោក Abdullah បានមានប្រសាសន៍ថា «វិធានការជាក់ស្តែង»បានត្រូវធ្វើទ្បើងដោយភាគីទាំងពីរដើម្បីធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរនេះមានភាពប្រក្រតីទ្បើងវិញ។
ការទាក់ទងគ្នារវាងប្រទេសទាំងពីរនេះមានភាពតានតឹងនៅក្នុងរដ្ឋបាលមុនរបស់ប្រធានាធិបតី Hamid Karzai ដែលជាញឹកញយបានបន្ទោសប្រទេសប៉ាគីស្ថានថា បានផ្តល់«កន្លែងជ្រកកោនសុខសាន្ត»ដល់ក្រុមនានាដែលបានធ្វើការវាយប្រហារឆ្លងកាត់ព្រំដែនក្នុងប្រទេសអាហ្វហ្គានីស្ថាន៕