​ប៉ាគីស្ថាន​បាន​រិះគន់​បេសកកម្ម​យោធា​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អាហ្វ​ហ្គានីស្ថាន​

លោក​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​ Rex Tillerson ត្រូវ​បាន​ស្វាគមន៍​ដោយ​ឧត្តមសេនីយ John Nicholson និង​មេបញ្ជាការ​កាលពី​ថ្ងៃទី​២៣ តុលា ២០១៧ នៅ​បន្ទាយ​អាកាស​ Bagram ប្រទេស​អាហ្វហ្គានីស្ថាន។

ការ​បរាជ័យ​ខាង​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អាហ្វ​ហ្គានីស្ថាន​ជា​ភស្តុតាង​មក​ពី​ព្រឹត្តិការណ៍នានា​នៅ​សប្តាហ៍​នេះ​នៅពេល​ដែល​លោករដ្ឋ​មន្រ្តី ការ​បរទេស​សហរដ្ឋ​អាមេរិក Rex Tillerson ដែល​បំពេញ​ទស្សនកិច្ច​ប្រទេស​នោះ​មិន​អាច​ចេញ​ពីមូលដ្ឋាន​យោធា​សហរដ្ឋ​អាមេរិក​ហើយ​បាន​អញ្ជើញ​ពួកមេ ដឹកនាំ​អាហ្វ​ហ្គានីស្ថានទៅ​លេនដ្ឋាន​របស់​លោក​ដើម្បី​ចរចា ​នេះ​តាម​ការបញ្ជាក់​របស់​ប៉ាគីស្ថាន​ដែល​ជា​ប្រទេស​ជិតខាង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

​លោក Khawaja Asif ​រដ្ឋ​មន្រ្តីការ​បរទេស​ប៉ាគីស្ថាន​បាន​និយាយថា «​ស្ថានភាព​នេះ​បាន​ប្រាប់ពីរឿង​រ៉ាវបរាជ័យទាំង​ស្រុង​របស់​សហរដ្ឋ​អាមេរិក ​ថ្វីបើ​ការ​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​នោះ​អស់​រយៈ​ពេល​១៦​ឆ្នាំ​ក៏ដោយ‍»។​ លោករដ្ឋ​មន្រ្តីការ​បរទេស​ប៉ាគីស្ថាន​បាន​ប្រាប់​គណៈកម្មាធិការ​សភា​ទទួល​បន្ទុក​កិច្ច​ការ​បរទេស​នៅ​ក្នុង​ទីក្រុង​ឥស្លាម​ម៉ា​បាត។

លោករដ្ឋ​មន្រ្តីការ​បរទេស​ប៉ាគីស្ថាន​និយាយថា ប៉ាគីស្ថាន​កំពុង​ស្វះស្វែង​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ប្រកប​ដោយ​តម្លាភាព​ផ្អែកលើ​លក្ខខណ្ឌស្មើភាព​គ្នា​ជាមួយ​សហ រដ្ឋ​អាមេរិក​ហើយ​បាន​ប្រុងប្រៀប​ខ្លួន​ជា​ស្រេច​ហើយ​ដើម្បី​ផ្តល់​កិច្ច​សហប្រតិបត្តិ ការ​ពេញលេញរបស់​ខ្លួន​នៅ​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ពួកភេរវជន ​ក៏ប៉ុន្តែ ​ដោយ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​អធិបតេយ្យ​ភាព​របស់​ខ្លួន​និង​ទំលាក់​កំហុស​លើ​រដ្ឋាភិបាល​ក្រុង​ឥស្លាមម៉ាបាត​ដែល​ជាការ​មិនអាច​ទទួល​យក​បាន។

​លោករដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក Tillerson ​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ប្រទេសអាហ្វ​ហ្គានីស្ថានកាល​ពី​ថ្ងៃ​ចន្ទ​ដែល​នៅ​ទី​នោះ​លោក​បាន​ស្នាក់​នៅ​រយៈ​ពេល​២​ម៉ោង​ហើយ​បាន​ធ្វើ​ការ​ចរចា​ជាមួយ​ប្រធានា​ធិបតី Ashraf Ghani នៃ​ប្រទេសអាហ្វ​ហ្គានីស្ថានហើយ​នឹង​មេដឹកនាំ​កំពូល​ផ្សេង​ៗ​ទៀត​របស់​រដ្ឋាភិបាលឯកភាព​ជាតិ​របស់​លោក​នៅ​មូលដ្ឋាន​យោធា Bagram ​ដែលកាន់​កាប់​ដោយ​សហរដ្ឋ​អា មេរិកដែល​ស្ថិត​នៅ​ចម្ងាយ​៦០គីឡូម៉ែត្រ​ភាគ​ខាង​ជើង​រដ្ឋ​ធានី​កាប៊ុល។ ពួកមន្រ្តី​បាន​លើកឡើង​ពីការ​ព្រួយ​កង្វល់​ខាង​សន្តិសុខ​ចំពោះការរៀប​ចំ​ជំនួប​នោះ​នៅ​មូលដ្ឋាន​កងទ័ព​នោះ៕