ទីភ្នាក់ងារព័ត៌មាន អេភី (AP) រាយការណ៍ពីក្រុងអ៊ីស្លាម៉ាបាដថា មន្ត្រីពន្ធនាគារប្រទេសប៉ាគីស្ថានបាននិយាយថា អាជ្ញាធរបានប្រហារជីវិតបុរសម្នាក់ ដែលត្រូវគេដឹងថា ជាក្មេងជំទង់មិនទាន់គ្រប់អាយុ នៅពេលដែលជននោះត្រូវគេចាប់ខ្លួនក្នុងសំណុំរឿងឧក្រិដ្ឋកម្មមួយ។ នេះបើតាមការអះអាងរបស់អង្គការសិទ្ធិមនុស្ស។
មន្ត្រីមូលដ្ឋានលោក Omar Farooq បាននិយាយថា Ansar Iqbal ត្រូវគេប្រហារជីវិតនៅថ្ងៃអង្គារនេះក្នុងមន្ទីរឃុំឃាំងមួយក្នុងស្រុក Sargodha ភាគខាងកើតខេត្ត Punjab។ សាកសព Ansar Iqbal ត្រូវគេប្រគល់ជូនទៅគ្រួសារសពដើម្បីយកទៅកប់។
កាលពីថ្ងៃច័ន្ទមន្ត្រីអង្គការសិទ្ធិមនុស្ស Reprieve លោក Maya Foa បានអំពាវ នាវដល់ប្រទេសប៉ាគីស្ថានមិនឲ្យព្យួរកសម្លាប់ Ansar Iqbal ដោយនិយាយថា ជនជាប់ចោទនេះមិនទាន់គ្រប់អាយុទេ នៅពេលដែលគាត់ត្រូវចាប់ខ្លួន។
ចាប់តាំងពីមានការអនុវត្តឡើងវិញ ប្រទេសប៉ាគីស្ថានបានប្រហារជីវិតមនុស្ស ២៣៩នាក់ហើយ បន្ទាប់ពីមានការផ្អាកមួយរយៈកាលពីឆ្នាំ២០០៨។ ការបន្តទោសប្រហារជីវិតនេះកើតឡើង បន្ទាប់ពីពេលដែលមានការខឹងសម្បារនឹងការវាយប្រហាររបស់ពួកតាលីបង់កាលពីខែធ្នូឆ្នាំទៅលើសាលារៀនមួយនៅភាគពាយព្យក្រុង Peshawar ដោយសម្លាប់មនុស្ស១៥០នាក់ ដែលភាគច្រើនជាកុមារ៕