ប៉ាគីស្ថាន​ចាប់ខ្លួន​ជនសង្ស័យ​ ដែល​ជាប់ទាក់ទិន​នឹង​ការវាយប្រហារ​នៅ Kashmir​ ប៉ែកឥណ្ឌា

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃប៉ាគីស្ថានលោក Shehryar Afridi (ស្តាំ) និងរដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក Azam Suleman Khan ផ្តល់សន្និសីទសារព័ត៌មាននៅក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩។

លោករដ្ឋមន្រ្តី​បាន​ថ្លែង​បន្ត​ថា ​ប៉ាគីសា្ថន​នឹង​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ទឹកដី​ប៉ាគីស្ថានប្រឆាំង​នឹង​ប្រទេសនានា​ជា​ដាច់ខាត។

ក្រុមអាជ្ញាធរ​ប៉ាគីស្ថាន​បាន​ចាប់ខ្លួន​ពួកជនសកម្មប្រយុទ្ធ​ ដែល​សង្ស័យ៤៤នាក់ រួមទាំង​សាច់ញ្ញាតិ​ពីរនាក់​របស់​មេដឹកនាំ​ក្រុមឥស្លាមនិយម​ ដែល​ប្រទេសឥណ្ឌា​បាន​ចោទប្រកាន់​ថា ​បាន​ដាក់​គ្រាប់បែក​អត្តឃាត​នៅក្នុង​ឡាន​នៅ​តំបន់ Kashmir​ កាន់កាប់​ដោយ​ឥណ្ឌា។

ហេតុការណ៍​ផ្ទុះ​ដ៏​ប្រល័យ​កាល​ពី​ថ្ងៃទី១៤ ខែកុម្ភៈ​នៅស្រុក Pulwama បាន​សម្លាប់​កងកម្លាំង​សន្តិសុខ​ឥណ្ឌា៤០នាក់ និង​ស្ទើរ​តែ​បាន​ធ្វើ​ឲ្យ​ឥណ្ឌា​ និង​ប៉ាគីស្ថាន​ដែល​ជា​គូប្រជែង​នុយក្លេអ៊ែរ​ផ្ទុះ​សង្គ្រាម​ដាក់គ្នា​ទាក់ទិន​នឹង​ការចោទប្រកាន់​ទៅលើ​ក្រុម Jaish-e-Mohammad មាន​ទីតាំង​នៅក្នុង​ប្រទេសប៉ាគីស្ថានថា​ជា ​អ្នក​ដែល​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​នេះ។

លោក Shehryar Afridi រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ប៉ាគីស្ថាន ​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាល​ពី​ថ្ងៃអង្គារ​ថា​ ពួកអ្នកជាប់ឃុំ​ទាំងនោះ​រួមមាន​ លោក Mufti Abdul Rauf ជា​បងប្អូន​ប្រុស​របស់​លោក Massood Azhar មេដឹកនាំ​ក្រុម Jaish-e-Mohammad ។ លោករដ្ឋមន្រ្តី​ក៏​បាន​ថ្លែង​បន្ថែម​ថា​ កូនប្រុស​របស់​លោក Massood Azhar ឈ្មោះ Hammad ក៏​ស្ថិត​ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ទាំងនោះ​ដែរ។

លោក Afridi បាន​ថ្លែង​ថា​ លោក Rauf និងលោក Hammad Azhar មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ជនសង្ស័យ​ដែល​ក្រុងញ៉ូវដេលី​ បាន​ផ្ញើរ​ឲ្យ​ក្រុងអ៊ីស្លាម៉ាបាដ​កាល​ពី​សប្តាហ៍​មុន​ ដែល​ជា​ផ្នែក​មួយ​នៃ​ឯកសារស៊ើបអង្កេត​របស់​ពួកគេ​នៅក្នុង​ការវាយប្រហារ​នៅ​ក្នុង​ស្រុក Pulwama។

លោករដ្ឋមន្រ្តី​បាន​ថ្លែង​បន្ត​ថា ​ប៉ាគីសា្ថន​នឹង​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ទឹកដី​ប៉ាគីស្ថានប្រឆាំង​នឹង​ប្រទេសនានា​ជា​ដាច់ខាត៕