​តុលាការ​កំពូល​ប៉ាគីស្ថាន​កំណត់​រយៈពេល​បន្តតំណែង​​អគ្គ​មេបញ្ជាការ​នៃ​កងទ័ព​ហើយ​បញ្ជា​ឱ្យ​កែប្រែ​ច្បាប់​

ឧត្តម​សេនីយ៍​ ​Qamar​ ​Javed​ ​Bajwa​ ​អគ្គ​មេបញ្ជាការ​នៃ​កងទ័ព ទស្សនា​ការ​ហែក្បួន​ជាមួយ​នាយក​រដ្ឋ​មន្ត្រី Imran Khan និង​ប្រធានាធិបតី​ប៉ាគីស្ថាន Arif Alvi ក្នុង​ទីក្រុង​អ៊ីស្លាមាបាដ។

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​តុលាការ​កំពូល​នៃ​ប្រទេស​ប៉ាគីស្ថាន​បាន​កំណត់​រយៈពេល​បន្ត​តំណែង​នៃ​អគ្គ​មេបញ្ជាការ​កងទ័ព​ចំនួន៦ខែ​ផ្ទុយ​ពីការ​ពន្យារ​ពេល៣ឆ្នាំ​តាម​ការណ៍​ដែល​រដ្ឋាភិបាល​ចង់​ប្រគល់​ឱ្យ​លោក​។​ បន្ថែម​ពីលើ​នេះ​ ​តុលាការ​នេះ​ក៏បាន​សុំ​ឱ្យ​រដ្ឋាភិបាល​ប្រើ​ពេលវេលា​នេះ​សម្រាប់​កែប្រែ​ច្បាប់​ដើម្បី​ចែង​បំភ្លឺ​អំពី​អាណត្តិ​និង​លក្ខខណ្ឌ​នៃ​តំណែង​នេះ​ ​ដោយមាន​រួម​បញ្ចូល​រយៈពេល​នៃ​តំណែង​នេះ​និង​ថា​តើ​តំណែង​នេះ​អាច​ត្រូវ​ពន្យារ​ពេល​បាន​ឬទេ​។

តុលាការ​នេះ​បាន​និយាយ​ថា​នៅពេល​ណា​ច្បាប់​ថ្មីនេះ​ចូលជាធរមាន​ ​ខ្លួន​នឹង​កំណត់​អំពី​អនាគត​នៃ​ការ​កាន់​តំណែង​របស់​លោក​ឧត្តម​សេនីយ៍​ ​Qamar​ ​Javed​ ​Bajwa​ ​អគ្គ​មេបញ្ជាការ​នៃ​កងទ័ព​និង​អំពី​លក្ខខណ្ឌ​ឯ​ទៀ​តៗ​នៃ​ការ​កាន់​តំណែង​នេះ​ផង​ដែរ​។

កាលពី​ថ្ងៃអង្គារ​ ​តុលាការ​កំពូល​បាន​ព្យួរ​ការ​ប្រាប់​ឱ្យ​ដឹង​ដោយ​រដ្ឋាភិបាល​អំពី​ការ​ពន្យារ​ពេល​អាណត្តិ​របស់​លោក​ឧត្តម​សេនីយ៍​ ​Bajwa​ ​ចំនួន​បី​ឆ្នាំ​។​

សេចក្តី​សម្រេច​នេះ​បាន​បណ្តាល​ឱ្យ​មានការ​រង្គោះ​រង្គើ​នៅ​ទូទាំង​ប្រទេស​មួយ​ដែល​ក្រុម​យោធា​បាន​គ្រប់គ្រង​ជាង​ពាក់កណ្តាល​នៃ​រយៈពេល​ដែល​ប្រទេស​នេះ​បាន​ត្រូវ​បង្កើត​ហើយដែល​នៅ​ទីនោះ​គេ​ចាត់ទុក​ក្រុម​យោធា​ថា​ជា​ស្ថាប័ន​មានអំណាច​ខ្លាំង​បំផុត​ហើយដែល​គេ​មាន​ជំនឿ​ជាទូទៅ​ថា​មាន​ឥទ្ធិពល​ជា​សម្ងាត់​លើ​ស្ថាប័ន​ឯ​ទៀ​តៗ​ដូចជា​អង្គការ​នីតិប្រតិបត្តិ​ ​សភា​និង​ស្ថាប័ន​តុលា​ការ​ផង​ដែរ​។

លោក​ ​Bajwa​ ​មិនមែន​ជា​អគ្គ​មេបញ្ជាការ​យោធា​ទីមួយ​ដែល​បាន​ទទួល​ការ​ពន្យារ​អាណ​ត្តិ​ទេ​។ ​ពួក​អគ្គ​មេបញ្ជាការ​កងទ័ពមួយ​ចំនួន​កាលពី​អតីតកាល​ដែល​ខ្លះ​ជា​អ្នកកាន់អំណាច​ផ្តាច់​ការ​ ​បាន​បម្រើការ​ច្រើន​អាណត្តិ​។ ​ក៏ប៉ុន្តែ​គ្មាន​អគ្គ​មេបញ្ជាការ​កងទ័ព​ណា​ម្នាក់​ត្រូវ​ជំទាស់​នៅក្នុង​សកម្មភាព​បែបនេះ​ក្នុង​តុល​ការ​ទេ​។ ​កាលពី​ពីរ​ទសវត្សរ៍​មុន​នេះ​មានតែ​អគ្គ​មេបញ្ជាការ​កងទ័ព​តែម្នាក់​គត់​គឺ​លោក​ ​Raheel​ ​Sharif​ ​ដែល​បាន​ចុះចេញ​ពី​តំណែង​នៅទីបញ្ចប់​នៃ​អាណ​ត្តិ​បី​ឆ្នាំ​របស់​លោក៕