ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ប៉ាគីស្ថាន​ត្រូវ​បាន​ជំរុញ​ឲ្យ​ដោះលែង​អ្នកស៊ើបអង្កេត​សិទ្ធិ​មនុស្ស


រូប​ឯកសារ៖ ស្ត្រី​អាហ្វហ្គានីស្ថាន​ម្នាក់​រងចាំ​មធ្យោបាយ​ធ្វើ​ដំណើរ​នៅ​ពី​មុខ​របាំង​ជញ្ជាំង​របស់ អគ្គនាយកដ្ឋាន​សន្តិសុខ​ជាតិ​របស់​អាហ្វហ្គានីស្ថាន​ហៅ​កាត់​ថា NDS នៅ​ក្នុង​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥។

ក្រុម​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​កាល​ពី​ថ្ងៃចន្ទ​បាន​ទាមទារ​ឲ្យ​ក្រុម​អាជ្ញាធរ​នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ដោះលែង​អ្នក​ការពារ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​ពីរនាក់​ជា​បន្ទាន់ ដែល​អ្នក​ទាំងពីរ​នាក់​នោះ​រាយការណ៍​អំពី​ការ​ជាប់​ពាក់ព័ន្ធ​របស់​ក្រុម​បំពាន​ផ្លូវ​ភេទ​កុមារ​ នៅ​ក្នុង​ករណី​បំពាន​ផ្លូវភេទ​ទៅ​លើ​សិស្សសាលា​ក្មេងៗ​រាប់រយនាក់។

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ អង្គការការពារ​សិទ្ធិមនុស្ស Amnesty International បាន​ចោទ​ប្រកាន់​ភ្នាក់ងារ​ស៊ើបការ​សម្ងាត់​នៃ​អគ្គនាយកដ្ឋាន​សន្តិសុខ​ជាតិ​របស់​អាហ្វហ្គានីស្ថាន​ហៅ​កាត់​ថា NDS ថា​បាន​ចាប់ខ្លួន​សកម្មជន​ឈ្មោះ Mussa Mahmoudi​ និង​ឈ្មោះ Ehsanullah Hamidi តាម​តែ​អំពើ​ចិត្ត​ ដែល​អ្នក​ទាំង​ពីរ​នាក់​នេះ​ត្រូវ​បាន​ចាប់​ខ្លួននៅខេត្ត Logar ភាគខាងកើត​ ជា​កន្លែង​ដែល​មាន​ករណី​រំលោភបំពាន​នេះ​កើត​ឡើង។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា​ សកម្មជន​ទាំងពីរ​នាក់​នេះ​ត្រូវ​បាន​អាជ្ញាធរ​នៃ​នាយកដ្ឋាន NDS ចាប់ខ្លួន ​ខណៈ​ពួកគេ​កំពុង​ធ្វើ​ដំណើរ​ទៅ​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​សហភាពអឺរ៉ុប​នៅក្នុង​ទីក្រុង​កាប៊ុល​កាលពី​ថ្ងៃព្រហស្បតិ៍​សប្តាហ៍​មុន។ ទាំង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ និង​នាយកដ្ឋាន NDS មិន​បាន​ឆ្លើយតប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ទាំងនេះ​ទេ។

ថ្លែង​នៅក្នុង​ទីក្រុង​កាប៊ុល​ អតីត​ប្រធានាធិបតី​លោក Hamid Karzai បាន​អំពាវនាវ​ឲ្យ​ដោះ​លែង​សកម្មជន​សិទ្ធិមនុស្ស​ទាំងពីរ​នាក់​នេះ​ជា​បន្ទាន់​ ប្រសិន​បើ​នាយកដ្ឋាន NDS ពិត​ជា​បាន​ចាប់ខ្លួន​ពួកគេ​មែន។

សកម្មជន​ឈ្មោះ Mahmoudi និង​ឈ្មោះ Hamidi នេះ​បាន​ទទួល​ការគំរាមកំហែង​ជាច្រើន​ រួមទាំង​ការគំរាមកំហែង​ពី​ក្រុម​មន្រ្តី​ថ្នាក់​មូលដ្ឋាន​ក្នុងខេត្ត Logar និងការ​គំរាម​កំហែង​នៅ​លើ​បណ្តាញសង្គម​ បន្ទាប់​ពី​ពួកគេ​បាន​ផ្តល់​បទសម្ភាសន៍​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​អំពី​ករណី​រំលោភបំពាន​ផ្លូវភេទ​លើ​កុមារ។ នេះ​បើ​យោង​តាម​ក្រុមគ្រួសារ​របស់​អ្នក​ទាំង​ពីរ៕

XS
SM
MD
LG