ប្រធានាធិបតីប៉ាគីស្ថានលោក Arif Alvi បានជួបជាចុងក្រោយជាមួយ ដំរីឯកោឈ្មោះ Kaavanនៅសួនសត្វនៃរដ្ឋធានីអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអង្គារទី២៤ ខែវិច្ឆិកា គឺប៉ុន្មានថ្ងៃមុនពេលសត្វនេះទៅចាប់ផ្តើមជីវិតថ្មីនៅកម្ពុជា។
បន្ទាប់ពីយុទ្ធនាការអស់រយៈពេលជាច្រើនឆ្នាំដោយអ្នកតស៊ូមតិដើម្បីសិទ្ធិសត្វនិងតារាចម្រៀងល្បីគឺអ្នកស្រី Cher ដែលជួយសង្គ្រោះដំរីនេះពីស្ថានភាពដ៏សែនអាក្រក់ដោយគ្មានដៃគូនោះ ទីបំផុតដំរី ឈ្មោះ Kaavan ត្រូវបានគេបញ្ជូនទៅកាន់ដែនជម្រកសត្វដំរីនៅថ្ងៃអាទិត្យថ្ងៃទី២៩ ខែវិច្ឆិកាខាងមុខ។
លោក Alvi ដែលពាក់ម៉ាស់និងភរិយារបស់លោកគឺអ្នកស្រី Samina បានឲ្យ Kaavan ស៊ីចេកនៅពេលពួកគេពិភាក្សាជាមួយសមាជិកនៃអង្គការជួយសង្គ្រោះសត្វគឺ អង្គការ Four Paws អំពីផែនការដឹកដំរីនេះ។
លោក Alvi បាននិយាយថា៖ «ខ្ញុំប្រាកដក្នុងចិត្តថា នៅប្រទេសកម្ពុជាដំរីនេះនឹងមានសុភមង្គល ពីព្រោះអស់ពេលយូរណាស់ទើបគេដឹងថា ដំរីនេះមានភាពតានតឹងផ្លូវចិត្ត»។
ដំរីឈ្មោះ Kaavan នេះត្រូវបានគេដឹងថា ចូលចិត្តស្តាប់ភ្លេងនិងចូលចិត្តលោក Amir Khalil បុគ្គលិកសត្វព្រៃនៃអង្គការ Four Paws ដែលមានចំណងផ្លូវចិត្តជាមួយដំរី ដោយច្រៀងចម្រៀង Frank Sinatra ។ ដំរីនេះធ្លាប់គឃ្លើនដាក់មនុស្សនាពេលកន្លងមក។
ដំរីនេះនឹងត្រូវដឹកតាមយន្តហោះទៅប្រទេសកម្ពុជាបន្ទាប់ពីហ្វឹកហាត់អស់រយៈពេលជាច្រើនសប្តាហ៍ជាមួយអ្នកឯកទេសអន្តរជាតិដែលប្រើចេក ដើម្បីឲ្យដំរីនេះព្រមនៅកន្លែងចង្អៀតនិងសំឡេងខ្លាំងៗពេលជិះយន្តហោះ១០ម៉ោង។
វិស្វករដែលរៀបចំទ្រុងដឹកដំរីនិយាយថា ទ្រុងនេះលាបពណ៌តាមបែបប្រពៃណីប៉ាគីស្ថានដែលតុបតែងដោយរូបសត្វពណ៌ឆើតនិងទង់ជាតិប៉ាគីស្ថានដើម្បីអបអរពិធីរីករាយនេះ។
តារាចម្រៀង Cher គ្រោងនឹងទៅទីក្រុងអ៊ីស្លាម៉ាបាដនៅចុងសប្តាហ៍នេះដើម្បីជួបនិងជូនដំណើរដំរី ដែលនាងបានធ្វើការជួយសង្គ្រោះអស់ជាច្រើនឆ្នាំនោះ៕