អ្នកនាំពាក្យប៉ាគីស្ថានម្នាក់បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតសហព័ន្ធបានចាប់ខ្លួនមន្ត្រីពីរនាក់ទាក់ទងនឹងការចេញឯកសារប៉ាគីស្ថានឲ្យមេពួកតាលីបង់ឈ្មោះ Mullah Akhtar Mansour ដែលត្រូវបានសម្លាប់និងគ្រួសាររបស់ជននោះ។
Mansour ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយដោយយន្តហោះគ្មានមនុស្សបើករបស់ស.រ.អា នៅក្នុងខេត្ត Baluchistan នាប៉ែកនិរតីប្រទេសប៉ាគីស្ថាន។លិខិតឆ្លងដែន Pakistan មួយដែលត្រូវបានរកឃើញនៅជិតឡានដែលត្រូវបានបំផ្លាញ បង្ហាញអត្តសញ្ញាណរបស់ជននោះជា ឈ្មោះ Wali Mohammad។
លោក Sarfaraz Hussain អ្នកនាំពាក្យក្រសួងមហាផ្ទៃប៉ាគីស្ថានបាននិយាយថាលោក Aziz Ahmed ដែលជាមន្ត្រីម្នាក់នៅក្នុងក្រុង Quetta ដែលជាទីរួមខេត្តនៃខេត្ត Baluchistan បានត្រូវចាប់ខ្លួនកាលពីថ្ងៃសៅរ៍។ លោក Hussain បានថ្លែងថា លោក Ahmed បានយល់ព្រមផ្តល់អត្តសញ្ញាណបណ្ណជាតិមួយឲ្យ Mansour កាលពីឆ្នាំ២០០១។
មន្ត្រីទីពីរ ដែលត្រូវបានចាប់ខ្លួនគឺលោក Riffat Iqbal ដែលធ្វើការជាមួយអាជ្ញាធរខាងការចុះបញ្ជីនៅក្នុងក្រុងកំពង់ផែ Karachi។ លោក Hussain និយាយថា លោក Iqbal ត្រូវបានចាប់ខ្លួន ពីព្រោះលោកបានសម្រួលការបំពេញសំណុំឯកសារសម្រាប់ការទទួលសញ្ជាតិប៉ាគីស្ថានសម្រាប់ប្រពន្ធទីពីររបស់ Mansour និងកូនរបស់ជននោះ៕