ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាមេរិក​និង​អាហ្វហ្គានីស្ថាន​ស្នើ​ឲ្យ​ក្រុម​តាលីបាន​ត្រឡប់​មក​តុចរចា​វិញ


រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក John Kerry និង​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន Abdullah Ghani ក្នុង​កិច្ច​ប្រជុំ​មួយ​ជាមួយ​មេដឹកនាំ​ប្រទេស​អាហ្វហ្គានីស្ថាន​។

សហរដ្ឋ​អាមេរិក​និង​ប្រទេស​អាហ្វហ្គានីស្ថាន​ បាន​សុំ​ដល់​ពួក​តាលី​បាន​ឱ្យ​វិល​ត្រឡប់​មក​កាន់​កិច្ច​ចរចា​សន្តិភាព​ជាមួយ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​វិញ។

លោក​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.​ John Kerry ​ដែល​បាន​អញ្ជើញ​ទៅ​ទស្សនា​ក្រុង​កាប៊ុល​កាល​ពី​ថ្ងៃ​សៅរ៍​ដើម្បី​ធ្វើការ​ចរចា​ជាមួយ​ពួកមេដឹកនាំ​ អាហ្វហ្គានីស្ថាន​ បាន​មាន​ប្រសាសន៍​ថា​ ការ​ចូល​រួម​របស់​ពួក​តាលីបាន​នៅ​ក្នុង​ដំណើរ​ការ​សន្តិភាព​អាច​ជួយ​បញ្ចប់​អំពើ​ហិង្សា​និង​ទុក្ខវេទនា​ដែល​ប្រជារាស្ត្រ​អាហ្វហ្គានីស្ថាន ​បាន​អត់​ធន់​ក្នុង​រយៈ​ពេល​សង្គ្រាម​ច្រើន​ឆ្នាំ​មក​ហើយ​នេះ។​

នៅ​ក្នុង​ស​ន្និសីទ​កាសែត​រួមគ្នា​មួយនៅ​ក្នុង​ក្រុង​កាប៊ុល​ លោក ​Kerry និង​លោក​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន ​Ashraf Ghani ​បាន​ពិភាក្សា​អំពី​បញ្ហា​មួយ​ចំនួន​ដោយ​ពិចារណា​អំពី​សន្និសីទ​កំពូល​នៃអង្គការ​អូតង់​នៅ​ក្នុង​ក្រុង​ Varsovie ​ក្នុង​ខែកក្កដា​ ដែល​នឹង​ពិនិត្យ​សើរើ​មើល​ស្ថានភាព​នៃ​កង​កម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​ និង​អំពី​សន្និសីទ​មួយ​ស្តី​ពីជំនួយ​អភិវឌ្ឍន៍​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពេល​បន្ទាប់​មក​ទៀត​នៅ​ឆ្នាំ​នេះ​ក្នុង​ក្រុង​ប៊្រុចសែល។

លោក​ប្រធានា​ធិបតី​ បារ៉ាក់ អូបាម៉ា​ បាន​មាន​ប្រសាសន៍​ថា​ លោក​គ្រោង​នឹង​កាត់​បន្ថយ​ចំនួន​ទាហាន​អាមេរិកាំង​នៅ​ក្នុងប្រទេស​អាហ្វហ្គានីស្ថាន ពី​៩៨០០​នាក់​ឱ្យ​មក​នៅ​ត្រឹម​៥៥០០នាក់​នៅ​ឆ្នាំ​ក្រោយ​ ក៏​ប៉ុន្តែ​របាយការណ៍​ឯទៀតៗ​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ទស្សន៍ទាយ​ថា​ គោលដៅ​នោះ​នឹង​ត្រូវ​ពន្យា​ពេល។ លោក​ Kerry​ បាន​មាន​ប្រសាសន៍​ថា​ លោក​ អូបាម៉ា នឹង​ពឹង​ពាក់​លើ​ការ​ផ្តល់យោបល់​ពួក​មេបញ្ជាការ​យោធា​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ​ដើម្បី​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ចុង​ក្រោយ​បង្អស់​អំពី​ការ​កាត់​បន្ថយ​ចំនួន​ទាហាន។

កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ លោក Kerry ​និង​លោក​រដ្ឋ​មន្ត្រី​ការបរទេស​អាហ្វហ្គានីស្ថាន Salahuddin Rabbani បាន​ធ្វើជា​អធិបតី​នៃការ​ប្រជុំ​មួយ​នៃ​គណៈកម្មការ​មួយ​ដែល​ប្រទេស​ទាំង​ពីរ​នេះ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍ​នៅ​ក្រោយ​សង្គ្រាម​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ​ឱ្យ​ក្លាយ​ទៅ​ជា​«រដ្ឋ​មួយ​ខ្លាំង មាន​ស្ថិរភាព​ មាន​លទ្ធិ​ប្រជាធិបតេយ្យ​និង​ពឹង​ពាក់​លើ​ខ្លួន​ឯង​បាន»។

លោក ​Rabbani ​បាន​និយាយ​ថា ​រដ្ឋាភិបាល​ក្រុង​កាប៊ុល​បាន​ខិតខំ​ប្រឹង​ប្រែង​គ្រប់​បែប​យ៉ាង​ដើម្បី​ជំរុញ​ឲ្យ​ទៅ​មុខ​នូវ​សន្តិភាព​និង​ការ​ផ្សះ​ផ្សា​គ្នា ​ក៏ប៉ុន្តែ​ការណ៍​នេះ​អាច​កើត​មាន​បាន​ ប្រសិន​បើ​ពួក​តាលីបាន​វិល​ត្រឡប់​មក​កាន់​តុចរចា​វិញ៕

XS
SM
MD
LG