មុននឹងឈានដល់កិច្ចប្រជុំក្នុងតំបន់នៅក្នុងទីក្រុង ហ្លួងព្រះបាង ប្រទេសឡាវ ពាក់ព័ន្ធនឹងសំណើររបស់ឡាវក្នុងការសាងសង់ទំនប់វារីអគ្គីសនីធំទី៣ របស់ខ្លួនដែលមានឈ្មោះថា «Pak Beng» នៅលើទន្លេមេរបស់ទន្លេមេគង្គនោះ ការរំពឹងទុកពីកិច្ចប្រជុំនេះហាក់ដូចជាមានភាពវិជ្ជមានជាងមុន ប៉ុន្តែបទដ្ឋាននៃកិច្ចប្រជុំនេះនៅតែមានកម្រិតទាបនៅឡើយ បើផ្អែកទៅតាមបទពិសោធន៍ដែលទទួលបានពីគម្រោងទំនប់វារីអគ្គីសនី Don Sahong និងទំនប់វារីអគ្គីសនី Xayaburi។ នេះបើយោងតាមអ្នកនាង Courtney Weatherby អ្នកវិភាគស្រាវជ្រាវទៅលើតំបន់អាស៊ីអាគ្នេយ៍មួយរូបនៅឯមជ្ឈមណ្ឌលស្រាវជ្រាវ Stimson ដែលមានស្នាក់ការនៅរដ្ឋធានី វ៉ាស៊ីនតោន។
«ខ្ញុំគិតថា វេទិកាពិគ្រោះយោបល់នេះនឹងជាសូចនករដ៏មានសារៈសំខាន់សម្រាប់ពេលអនាគតរយៈពេលយូរនៃការសាងសង់ទំនប់។ យើងបានឃើញច្បាស់ហើយតាមរយៈដំណើរការនៃការប្រឹក្សាយោបល់ទៅលើទំនប់វារីអគ្គីសនី Xayaburi និងទំនប់វារីអគ្គីសនី Don Sahong ដែលមានការលំបាកក្នុងការចរចាររវាងគ្នាទៅវិញទៅមក នៅពេលដែលក្រុមអ្នកអភិវឌ្ឍនិងរដ្ឋាភិបាលឡាវបានធ្វើសេចក្តីសម្រេច មុននឹងការពិគ្រោះយោបល់ជាមុន ថាពួកគេនឹងបន្តគម្រោងរបស់គេទៅ មុខ»។
នីតិវិធីជូនដំណឹង ពិគ្រោះជាមុន និងការព្រមព្រៀង ឬហៅកាត់ថា PNPCA ដែលត្រូវបានបង្កើតឡើងដោយគណកម្មការទន្លេមេគង្គ មានគោលបំណងចង់អនុញ្ញាតឲ្យប្រទេសជាសមាជិកចំនួន៤ រួមមានប្រទេសឡាវ ថៃ វៀតណាម និងកម្ពុជា លើកឡើងពីការព្រួយបារម្ភរបស់ពួកគេជុំវិញការសាងសង់ទំនប់វារីអគ្គីសនីនៅផ្នែកខាងក្រោមនៃទន្លេមេគង្គ។
លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិនៃអង្គការ NGO Forum បានប្រាប់ VOA ថា នីតិវិធី PNPCA គឺជានីតិវិធីល្អមួយ ប្រសិនបើគេយកការព្រួយបារម្ភរបស់ប្រជាពលរដ្ឋទៅធ្វើការពិចារណា។
«នីតិវិធី PNPCA គឺជានីតិវិធីល្អមួយ ក្នុងករណីដែល មានន័យថា រដ្ឋាភិបាលឡាវ ឬមួយគណកម្មការទន្លេមេគង្គ គាត់យកលទ្ធផលដែលជាក់ស្តែង មានន័យថា ចេញពីការប្រជុំពិគ្រោះយោបល់ពីប្រទេសទាំងបួនហ្នឹងយកទៅធ្វើការថ្លឹងថ្លែង ដាក់នៅក្នុងផែនការ ឬធ្វើសេចក្តីសម្រេចចិត្តពិតប្រាកដ»។
លោក វណ្ណារ៉ា បន្តថា ផ្ទុយទៅវិញ នីតិវិធី PNPCA គ្រាន់តែជានីតិវិធីបង្គ្រប់កិច្ចតែប៉ុណ្ណោះ ដែលផ្អែកទៅលើហេតុផលនយោបាយជាជាងផ្អែកទៅតាមហេតុផលបច្ចេកទេស។
«នីតិវិធី PNPCA នេះនឹងក្លាយទៅជានីតិវិធីបង្គ្រប់កិច្ចដើម្បីធ្វើឲ្យភាគីពាក់ព័ន្ធហ្នឹងគេអស់ចិត្ត។ នៅពេលដែលប្រទេសឡាវ ឬមួយគណកម្មការទន្លេមេគង្គដែលមានបួនប្រទេសហ្នឹង គាត់ធ្វើសេចក្តីសម្រេចចិត្តផ្អែកទៅលើនយោបាយ ច្រើនជាងផ្នែកបច្ចេកទេស»។
ក្រោមកិច្ចព្រមព្រៀងឆ្នាំ១៩៩៥ ផ្តួចផ្តើមឡើងដោយគណកម្មការទន្លេមេគង្គ សមាជិកទាំងអស់ត្រូវធ្វើការសិក្សានិងពិគ្រោះយោបល់ជាមុន មុននឹងសមាជិកណាមួយអាចសាងសង់ទំនប់វារីអគ្គីសនីណាមួយ ដើម្បីធានានូវការអភិវឌ្ឍប្រកបដោយចីរភាព។
ប៉ុន្តែជាអកុសល ឡាវមិនបានគោរពទៅតាមកិច្ចព្រមព្រៀងនោះទេ ហើយថែមទាំងបន្តសាងសង់ទំនប់វារីអគ្គីសនីមួយហើយមួយទៀត នេះបើយោងតាមលោក មាជ មាន អ្នកសម្របសម្រួលផ្នែកប្រព័ន្ធផ្សព្ធផ្សាយនៅឯបណ្តាញការពារទន្លេបី ឬ 3S Rivers Protection Network។
«អ្វីដែលប៉ះពាល់ធ្ងន់នោះគឺគោលនយោបាយទេ។ កិច្ចព្រមព្រៀងទន្លេមេគង្គឆ្នាំ១៩៩៥ ដែលឡាវព្យាយាមមិនគោរពទៅលើកិច្ចព្រមព្រៀងឆ្នាំ១៩៩៥។ អានេះគឺអ្វីដែលយើងមើលឃើញ»។
លោក តឹក វណ្ណារ៉ា បានប្រាប់ VOA ថា អង្គការ NGO Forum នឹងលើកឡើងសំណើរចំនួនបី ក្នុងអំឡុងពេលកិច្ចប្រជុំនាពេលខាងមុខនេះ។
«ចំណុចទីមួយគឺស្នើរឲ្យមានការបញ្ឈប់ មានន័យថា ការសាងសង់ទំនប់វារីអគ្គីសនីនៅលើទន្លេមេគង្គ។ ហើយចំណុចទី២ គឺយើងស្នើរឲ្យមានការសិក្សាឡើងវិញទៅលើផលប៉ះពាល់ដែលអាចកើតមានឡើង ជាពិសេសគឺផលប៉ះពាល់ឆ្លងដែនមកលើប្រទេសកម្ពុជានិងប្រទេសដទៃៗទៀតដែលស្ថិតនៅខ្សែទឹកខាងក្រោម។ ហើយចំណុចទី៣ គឺយើងស្នើរឲ្យស្តាប់សំឡេងប្រជាជនដែលពឹងអាស្រ័យទៅលើធនធានទន្លេមេគង្គ»។
ស្រដៀងគ្នានេះដែរ អ្នកនាង Weatherby បានណែនាំឲ្យគណកម្មការទន្លេមេគង្គប្រើប្រាស់តួនាទីរបស់ខ្លួនបង្រួបបង្រួមបណ្តាប្រទេសជាសមាជិកឲ្យមានការសន្ទនារវាងគ្នាទៅវិញទៅមក ដូច្នេះសំឡេងរបស់ប្រជាពលរដ្ឋនឹងត្រូវបានគេដឹងឮ។
«ខ្ញុំចង់ស្នើឲ្យគណកម្មការទន្លេមេគង្គប្រើប្រាស់តួនាទីដ៏សំខាន់របស់ខ្លួនក្នុងនាមជាអ្នកដែលរួបរួមឲ្យមានការសន្ទនារវាងប្រទេសជាសមាជិកកើតមានឡើង ដូច្នេះរាល់ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋនឹងត្រូវបានអ្នកដែលធ្វើសេចក្តីសម្រេចចិត្តទៅលើគម្រោងនោះដឹងឮ»។
នីតិវិធី PNPCA ត្រូវការរយៈពេល៦ខែ។ ដំណើរការនៃការពិគ្រោះយោបល់ជាមុននៃគម្រោងទំនប់វារីអគ្គីសនី Pak Beng បានចាប់ផ្តើមកាលពីចុងខែធ្នូ ឆ្នាំ២០១៦។ ក្រោយកិច្ចប្រជុំក្នុងតំបន់នៅថ្ងៃទី២២ ២៣ ខែកុម្ភៈនេះ ជំហានបន្ទាប់នឹងមានដំណើរទស្សនកិច្ចទៅកាន់ទីតាំងទំនប់វារីអគ្គីសនី Pak Beng នៅខែមេសាខាងមុខនេះ៕