កំណើននៃសហប្រតិបត្តិការនៅក្នុងការប្រឆាំងភេរវកម្មនិងកិច្ចការសន្តិសុខតាមបណ្តោយព្រំដែនរវាងបាគីស្ថាន និងអាហ្វហ្គានីស្ថាន បានលើកកម្ពស់ក្តីសង្ឃឹមសម្រាប់កិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានប្រសិទ្ធភាពជាងមុន។ លោក Ayaz Gul ធ្វើការរាយការណ៍ពីក្រុង Islamabad។
ទោះបីជាមានការបោះទុនយ៉ាងច្រើនពីសំណាក់អន្តរជាតិដើម្បីទប់ទល់នឹងការផលិតគ្រឿងញៀនខុសច្បាប់នៅអាហ្វហ្គានីស្ថាន ក៏ការស្ទង់មតិនាពេលថ្មីៗដោយអង្គការសហប្រជាជាតិបាននិយាយថា ប្រទេសនោះឃើញមានកំណើននៃតំបន់ដីដាំអាភៀន ក្នុងរយៈពេលបីឆ្នាំជាប់គ្នា។ ក្រុមអាជ្ញាធរបាគីស្ថាន បាននិយាយថាកំណើននៅក្នុងចំនួនថ្នាំញៀននៅអាហ្វហ្គានីស្ថាន រួមជាមួយនឹងការដកចេញនូវកងកម្លាំងអង្គការ OTAN (Nato) ពីប្រទេសដែលរងការប៉ះពាល់ដោយសារសង្រ្គាមមួយនោះ បានបង្កជាបញ្ហាប្រឈមធំជាងមុនទៅលើកិច្ចប្រឹងប្រែងប្រឆាំងនឹងគ្រឿងញៀនរបស់ អាហ្វហ្គានីស្ថាន។
ប្រមុខកងកម្លាំងប្រឆាំងគ្រឿងញៀនប្រទេសបាគីស្ថាន លោកឧត្តមសេនីយ៍ទោ Khawar Hanif បានប្រាប់សន្និសីទអន្តរជាតិមួយ ដែលត្រូវបានឧបត្តម្ភឡើងដោយអ.ស.ប នៅក្រុង Islamabad ថាការបន្តចូលរួមពីសំណាក់អន្តរជាតិ គឺត្រូវការចាំបាច់ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀននៅអាហ្វហ្គានីស្ថាន។
«ជាកុសល ការប្តេជ្ញារបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាននាពេលបច្ចុប្បន្ន ទាក់ទងទៅលើការរៀបចំគ្រប់គ្រងព្រំដែន និងកិច្ចប្រឹងប្រែងប្រឆាំងនឹងគ្រឿងញៀន គឺមានភាពប្រាកដប្រជាណាស់។ ប៉ុន្តែ យើងជឿថា លុះណាតែមានការគាំទ្រអស់ពីចិត្តពីសំណាក់សហគមន៍អន្តរជាតិទៅលើបញ្ហាគ្រឿងញៀន បើមិនដូច្មោះទេតំបន់នោះនឹងស្ថិតនៅក្នុងវិបត្តិដដែលនេះតទៅទៀត។ ការបោះបង់ចោលភាគី អាហ្វហ្គានីស្ថាន ឲ្យដោះស្រាយបញ្ហាពាក់ព័ន្ធជាមួយនឹងការដាំអាភៀន និងការផលិតគ្រឿងញៀន ដោយខ្លួនឯងមិនមែនជាជម្រើសមួយសោះឡើយ»។
ប្រទេសបាគីស្ថាន មានព្រំដែនប្រវែង ២.៥០០ គីឡូម៉ែត្រ ដែលភាគច្រើនអាចចេញចូលស្រួល ជាមួយនឹងប្រទេសអាហ្វហ្គានីស្ថាន។ លោកឧត្តមសេនីយ៍ Hanif បាននិយាយថា តំបន់ព្រំដែននេះបានបង្កជាបញ្ហាប្រឈមដល់ការប្រយុទ្ធប្រឆាំងរបស់ប្រទេសទៅលើភេរវកម្ម និងការជួញដូរគ្រឿងញៀន។
«ភូមិបែងចែកជាច្រើននៅតាមបណ្តោយព្រំដែនបានជួយសម្រួលទៅដល់ការចេញចូលតាមព្រំដែនទៅវិញទៅមក។ តាមពិតទៅ អ្នកអាចចូលទៅក្នុងភូមិពីប្រទេសមួយ ហើយចេញពីភូមិដដែលនៅប្រទេសមួយទៀត។ មានផ្លូវដែលមិនមានការធ្វើដំណើរជាញឹកញយរហូតដល់ទៅ២០០ ដែលមិនមានវត្តមាននៃ
ទីភ្នាក់ងារអនុវត្តច្បាប់នៅទីនោះឡើយ»។
បាគីស្ថាន និងអាហ្វហ្គានីស្ថានបានដោះដូរគណប្រតិភូយោធាជាន់ខ្ពស់ ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរួមគ្នានៅក្នុងការលើកកម្ពស់សន្តិសុខ និងដោះស្រាយជាមួយនឹងក្រុមសកម្មប្រយុទ្ធដែលមានការពាក់ព័ន្ធនៅក្នុងការវាយប្រហារទៅលើផ្នែកទាំងសងខាងនៃព្រំដែន។ គណប្រតិភូមួយនៃមន្រ្តីប៉ូលិសព្រំដែន
អាហ្វហ្គានីស្ថាន បានមកបាគីស្ថានសម្រាប់កិច្ចពិភាក្សាជាមួយនឹងមន្រ្តីសន្តិសុខជាន់ខ្ពស់។
តំណាងការិយាល័យប្រឆាំងគ្រឿងញៀនអ.ស.ប លោក Cesar Guedes បាននិយាយថា ស្ថានភាពគ្រឿងញៀនដ៏គួរឲ្យព្រួយបារម្ភនៅក្នុងតំបន់តម្រូវឲ្យមានកិច្ចប្រតិបត្តិការរួមគ្នាដែលមានកម្រិតខ្ពស់ឡើងទៀត។
«ខ្ញុំគិតថា នោះគឺជាគន្លឹះសំខាន់សម្រាប់ជោគជ័យនៅក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងតំបន់នេះនៃពិភពលោក។ ប្រទេសដែលផលិតគ្រឿងញៀនចម្បង ជាមួយនឹងប្រទេសដែលជាផ្លូវដឹកជញ្ជូនចម្បង ត្រូវតែពង្រឹងកិច្ចប្រឹងប្រែងរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ប្រកបដោយជំនាញការ និងដោយដាក់
វិស័យទាំងអស់នៅក្នុងកិច្ចប្រតិបត្តិការរួមគ្នារវាងប្រទេសទាំងពីរ ដើម្បីដោះស្រាយបញ្ហាក្នុងតំបន់មួយនេះ»។
លោកបានបន្តថា ទីផ្សារដែលគេតែងងាកទៅរកសម្រាប់គ្រឿងញៀនពីអាហ្វហ្គានីស្ថានគឺ អឺរ៉ុប។ ហើយបាគីស្ថាន ត្រូវបានប្រើជាផ្លូវដឹកជញ្ជូនចម្បង។
«ប្រហែល ៤៥ទៅ៥០ភាគរយនៃអាភៀនដែលត្រូវបានផលិតនៅអាហ្វហ្គានីស្ថាន បានប្រើបាគីស្ថានជាផ្លូវសម្រាប់នាំទៅទីផ្សារអន្តរជាតិ។ បន្ទាប់មក ប្រហែល៣០ភាគរយត្រូវបានបញ្ជូនតាមរយៈប្រទេសអ៊ីរ៉ង់ និង២០ភាគរយទៀតតាមរយៈសាធារណរដ្ឋនានានៅអាស៊ីកណ្តាលទៅកាន់ប្រទេសរុស្ស៊ី និងអឺរ៉ុប»។
មន្រ្តីបាគីស្ថាន និយាយថា ការចែកចាយគ្រឿងញៀនពីអាហ្វហ្គានីស្ថាន ក៏បានបង្កឲ្យមានកំណើននៅក្នុងការញៀនថ្នាំនៅបាគីស្ថានផងដែរ៕
ប្រែសម្រួលដោយ៖ ណឹម សុភ័ក្រ្តបញ្ញា