អង្គការ Oxfam បានឲ្យដឹងកាលពីថ្ងៃចន្ទថា បុគ្គលិករបស់ខ្លួនបីនាក់ ត្រូវបានសង្ស័យថាបានប្រព្រឹត្តខុសឆ្គងខាងផ្លូវភេទ ក្នុងអំឡុងពេលនៃកិច្ចខិតខំប្រឹងប្រែងក្នុងការជួយសង្គ្រោះជនរងគ្រោះនៅក្នុងគ្រោះរញ្ជួយដីមួយក្នុងប្រទេសហៃទី ដោយប្រើកាយវិការគំរាមកំហែងទៅលើសាក្សីម្នាក់ ខណៈពេលដែលអង្គការមនុស្សធម៌ពិភពលោកមួយនេះកំពុងបើកការស៊ើបអង្កេតផ្ទៃក្នុងមួយទៅលើការចោទប្រកាន់នេះ។
អង្គការ Oxfam ដែលមានមូលដ្ឋាននៅអង់គ្លេសបានចេញរបាយការណ៍ឆ្នាំ២០១១របស់ខ្លួនទៅលើការប្រព្រឹត្តខុសឆ្គងខាងផ្លូវភេទរបស់បុគ្គលិកខ្លួននៅក្នុងប្រទេសជាកោះនៅសមុទ្រការ៉ាអ៊ីបមួយនេះ ដែលរួមទាំងការជួលស្ត្រីរកស៊ីផ្លូវភេទទៅរួមភេទនៅក្នុងអគាររបស់អង្គការ Oxfam ដែលស្ថិតនៅខាងក្រៅទីក្រុង Port-au-Prince ផងដែរ។ អង្គការមនុស្សធម៌នេះបានឲ្យដឹងថា ខ្លួនបានបណ្តេញមនុស្សបួននាក់ចេញពីការងារ ដែលពួកគេពាក់ព័ន្ធទៅនឹងរឿងអាស្រូវនេះ និងអនុញ្ញាតឲ្យបុគ្គលិកបីនាក់ផ្សេងទៀតលាលែងពីតំណែង ដោយរួមទាំងលោក Roland Van Hauwermeiren ដែលជានាយកប្រចាំប្រទេសនៃអង្គការ Oxfam ផងដែរ។
លោកស្រី Winnie Byanyima ដែលជានាយិកាប្រតិបត្តិអង្គការ Oxfam International បានមានប្រសាសន៍ថា អង្គការរបស់ខ្លួន«ប្តេជ្ញាថានឹងចាត់វិធានការជាបន្ទាន់ឆ្លើយតបទៅនឹងទំនួលខុសត្រូវសីលធម៌ ដែលយើងមានចំពោះស្ត្រីក្នុងប្រទេសហៃទី» ហើយថា ខ្លួនអាចនឹងជួបជាមួយនឹងរដ្ឋាភិបាលដើម្បីធ្វើការសុំអភ័យទោសចំពោះទង្វើរបស់ខ្លួននៅលើកោះនោះ ក្រោយពីមានគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញកាលពីឆ្នាំ២០១០៕