ក្លឹបអ្នកកាសែតបរទេសនៅកម្ពុជា (Overseas Press Club of Cambodia) នៅថ្ងៃពុធនេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយបានថ្កោលទោសការបង្ហោះអត្តសញ្ញាណរបស់អ្នកកាសែតបរទេសមួយរូប នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ការបង្ហោះនេះធ្វើឡើង ក្រោយពីអ្នកសារព័ត៌មានពីររូបរបស់កាសែត The Cambodia Daily រងការប្ដឹងផ្ដល់ចំពោះការធ្វើបទសម្ភាសន៍ជាមួយអ្នកភូមិក្នុងខេត្តរតនគិរីអំពីការបោះឆ្នោតឃុំ-សង្កាត់។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ក្លឹបអ្នកកាសែតបទេសនៅកម្ពុជា បានហៅសកម្មភាពការបង្ហោះលិខិតឆ្លងដែនរបស់អ្នកសារព័ត៌មានបរទេសម្នាក់លើបណ្តាញសង្គម Facebook ថា អាចបង្កគ្រោះថ្នាក់និងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះដល់អ្នកសារព័ត៌មាន។
ការថ្កោលទោសនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបង្ហោះលើទំព័រ Facebook [មិនអាចបើកបានពេលនេះ] របស់លោកនូវរូបថតនិងព័ត៌មានផ្ទាល់ខ្លួនក្នុងលិខិតឆ្លងដែនរបស់អ្នកកាសែត The Cambodia Daily ម្នាក់គឺលោក Zsombor Peter។
ក្លឹបអ្នកកាសែតបរទេសនៅកម្ពុជា ក៏បានទទូចឲ្យមានការលុបចោលនូវព័ត៌មានទាំងនោះពីប្រព័ន្ធអ៊ីនធឺណិត ដោយលើកឡើងថា ការបង្ហោះរបស់លោក ខៀវ កាញារីទ្ធនេះ អាចបង្កគ្រោះថ្នាក់ និងធ្វើឲ្យខូចឈ្មោះដល់អ្នកកាសែតបាន។
ការបង្ហោះអត្តសញ្ញាណអ្នកសារព័ត៌មានបរទេសនេះ ធ្វើឡើងបន្ទាប់ពីមានពាក្យបណ្ដឹងពីក្រុមអ្នកស្រុកក្នុងខេត្តរតនគិរី ចំពោះអ្នកសារព័ត៌មានបរទេសរូបនេះដែលចុះយកព័ត៌មានស្ដីពីការបោះឆ្នោតឃុំ-សង្កាត់។
លោក ខៀវ កាញារីទ្ធ កាលពីថ្ងៃអង្គារ បានបង្ហោះរូបថតនៃពាក្យបណ្ដឹងរបស់អ្នកស្រុកអូរយ៉ាដាវនិងលិខិតឆ្លងដែនរបស់អ្នកកាសែតបរទេសលោក Zsombor Peter ដោយភ្ជាប់ជាមួយសារខ្លីថា «សូមអ្នកកាសែតទាំងអស់រៀនច្បាប់បោះឆ្នោត និងក្រមសីលធម៌ក្នុងពេលបោះឆ្នោតអោយបានខ្ជាប់ខ្ជួន ចៀសវាងការចោទប្រកាន់នានា»។
ពាក្យបណ្ដឹងសរសេរដោយដៃដែលលោក ខៀវ កាញារីទ្ធ បង្ហោះនោះ បានលើកឡើងថាអ្នកកាសែតThe Cambodia Daily ២រូបគឺលោក Zsombor Peter និងលោក អូន ភាព បានដើរសួរប្រជាពលរដ្ឋអំពីការបោះឆ្នោតថា តើប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះ បានបោះឆ្នោតឲ្យគណបក្សមួយណាកាលពីឆ្នាំ២០១២។
ពាក្យបណ្ដឹងដែលសរសេរទៅកាន់អធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវខេត្តរតនគិរី កាលពីថ្ងៃទី២២ ខែឧសភានេះ អះអាងថា សកម្មភាពរបស់អ្នកកាសែតទាំង២រូបគឺផ្ទុយពីច្បាប់បោះឆ្នោតដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។
VOA មិនអាចទាក់ទងលោក ខៀវ កាញារីទ្ធ និងលោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មានបានទេ នៅល្ងាចថ្ងៃពុធនេះ ដើម្បីសុំក្ដីអធិប្បាយចំពោះករណីនេះបាន។
យ៉ាងណាក៏ដោយ អាជ្ញាធរក្នុងខេត្តរតនគិរី អះអាងថា ពួកគេមិនទទួលបានពាក្យបណ្ដឹងអ្វីនោះទេ ហើយពួកគេថាពាក្យបណ្ដឹងនោះគឺប្ដឹងទៅគ.ជ.បប៉ុណ្ណោះ។
លោក ម៉ា វិចិត្រ អភិបាលស្រុកអូរយ៉ាដាវ ខេត្តរតនគិរីប្រាប់ VOA ថា ពាក្យបណ្ដឹងនោះគឺប្ដឹងទៅគ.ជ.ប និងតុលាការ។ លោកថា ប៉ូលិសស្រុក គ្រាន់តែមានតួនាទីសួរនាំ និងប្រមូលព័ត៌មានប៉ុណ្ណោះ។
«ដីកាអត់មានពាក់ព័ន្ធនឹងអាជ្ញាធរទេ។ ពេលដែលមានបាតុភាពអីមួយ ប្រជាពលរដ្ឋប្រាប់អីចឹងទៅ យើងទៅសួរនាំថាគាត់មកពីណា។ ប៉ូលិស មិនមានសិទ្ធិប្ដឹងអីទេ។ ការប្ដឹងគឺជាសិទ្ធិរបស់ពលរដ្ឋ»។
លោក ម៉ា វិចិត្រ អភិបាលស្រុកអូរយ៉ាដាវប្រាប់ VOA បន្ថែមថា សមត្ថកិច្ចបានសួរនាំអ្នកសារព័ត៌មាន The Cambodia Daily ទាក់ទិននឹងករណីនេះដែរ ប៉ុន្តែមិនមានការឃាត់ខ្លួនណាមួយនោះទេ កាលពីថ្ងៃច័ន្ទទី២២កន្លងមក។
ខណៈដែល VOA មិនអាចទំនាក់ទំនងសុំក្តីអធិប្បាយពីតុលាការខេត្តរតនគិរី លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ឲ្យដឹងថាពាក្យបណ្ដឹងនោះ គឺប្ដឹងទៅអាជ្ញាធរ មិនមែនគ.ជ.បនោះទេ ហើយលោកថា មកទល់ពេលនេះ គ.ជ.ប ក៏មិនទាន់ទទួលបានពាក្យបណ្ដឹងផ្លូវការណាមួយនៅឡើយដែរ។
លោក ហង្ស ពុទ្ធា យល់ថា មានមូលហេតុ២ដែលអាចបង្កឲ្យពលរដ្ឋនៅក្នុងខេត្តរតនគិរីសម្រេចចិត្តប្ដឹងអ្នកសារព័ត៌មាននេះ។ លោកបញ្ជាក់ថា៖
«ហេតុអីបានប្ដឹង? ទី១ ប្រជាពលរដ្ឋគាត់ភ័យខ្លាចបានគាត់ប្តឹង។ ទី២ ទាក់ទងនឹងការសួរនាំត្រង់តែម្ដង បោះឆ្នោតឲ្យគណបក្សណា? ហេតុអីបោះឲ្យអ្នកនេះបោះឲ្យអ្នកនោះ? គឺជាសំណួរឆ្ពោះទៅរកការធ្វើឲ្យបាត់បង់ការសម្ងាត់របស់សន្លឹកឆ្នោត។ ប៉ុន្តែ បើគាត់មិនសួរ ប្រជាពលរដ្ឋឆ្លើយតែម្ដង គាត់អត់ខុសទេ»។
នាល្ងាចថ្ងៃពុធនេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាដែលត្រូវបានគេមើលឃើញថាស្និទ្ធនឹងរដ្ឋាភិបាល លើកឡើងថា សកម្មភាពរបស់អ្នកកាសែតទាំង២រូបរបស់ The Cambodia Daily នេះ «ត្រូវចាត់ទុកថា រំលោភសិទ្ធិឯកជនខាងនយោបាយ និងជាការរំលោភលើការសម្ងាត់នៃការបោះឆ្នោត»។
កាសែត The Cambodia Dailyគឺជាស្ថាប័នព័ត៌មានបោះពុម្ពផ្សាយជាភាសាខ្មែរនិងអង់គ្លេស ដែលជារឿយៗរិះគន់ធ្ងន់ៗទៅលើភាពអវិជ្ជមានរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចអស់រយៈពេលជាង៣០ឆ្នាំ។
កាលពីថ្ងៃអង្គារ លោក Douglas Steele អ្នកគ្រប់គ្រងទូទៅរបស់កាសែត The Cambodia Daily បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា ពាក្យបណ្ដឹងដែលប្ដឹងកាសែត The Cambodia Daily នេះដូចជាមិនសមហេតុផលនោះទេ ដោយសារតែថា ការសួរសំណួររបស់អ្នកកាសែតទាក់ទងនឹងនយោបាយក្នុងអំឡុងពេលឃោសនាបោះឆ្នោត គ្រាន់តែជាផ្នែកមួយនៃការងាររបស់អ្នកសារព័ត៌មានប៉ុណ្ណោះ។
លោកសរសេរក្នុងន័យដើមថា៖
«ការសួរសំណួរ គឺគ្រាន់តែជាផ្នែកដំបូងនៃការងាររបស់អ្នកសារព័ត៌មានប៉ុណ្ណោះ។ ពួកគេនៅត្រូវការសរសេរអត្ថបទ កែអត្ថបទ និងបោះពុម្ពផ្សាយអត្ថបទ។ ច្បាប់បោះឆ្នោតកម្ពុជា ពិតជាតឹងរ៉ឹងចំពោះអ្វីដែលអាចបោះពុម្ពផ្សាយទាក់ទងនឹងការបោះឆ្នោតពិតមែន។ ក៏ប៉ុន្តែ ថាតើវាអាចរំលោភច្បាប់ដែរទេ នៅពេលដែលអត្ថបទនោះ មិនទាន់ទាំងបានសរសេរ និងបោះពុម្ពផ្សាយផងនោះ?»
នៅក្នុងការឆ្លងឆ្លើយសារអេឡិចត្រូនិកជាមួយ VOA លោក Douglas Steele អ្នកគ្រប់គ្រងទូទៅរបស់កាសែត The Cambodia Daily លើកឡើងថា ស្ថាប័នរបស់លោកនៅតែបន្តធ្វើការងារដូចដែលពួកគេបានធ្វើអស់រយៈពេល២៤ឆ្នាំមកនេះ គឺដោយគ្មានការភ័យខ្លាច និងមិនលម្អៀង៕