កុមារ​ក្នុង​មណ្ឌល​ដែល​មាន​ឪពុក​ម្តាយ ជាង​៣,៥០០​នាក់ នឹង​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​រស់នៅ​ជាមួយ​គ្រួសារ​វិញ

រូបឯកសារ៖ កុមារ​កំព្រា​កម្ពុជា​រៀន​ជំនាញ​កុំព្យូទ័រ​នៅ​​មណ្ឌល​កុមារ​កំព្រា​មួយ​នៅ​ជាយ​ក្រុង​ភ្នំពេញ។

កុមារ​​កំពុង​រស់​នៅ​ក្នុង​មណ្ឌល​ថែ​ទាំ​កុមារ​​ប្រមាណ​ជា​ជាង​៣.៥០០​នាក់​នេះ នឹង​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​រស់​នៅ​ជាមួយ​​ក្រុម​​គ្រួសារ​វិញ បន្ទាប់​ពី​ក្រសួង​​រក​ឃើញ​ថា ការ​រស់នៅ​​កន្លែង​ថែទាំ​កុមារ​ អាច​បង្ក​គ្រោះថ្នាក់​ចំពោះ​​ការ​អភិវឌ្ឍ​ផ្នែក​សង្គម ផ្លូវ​កាយ សតិ​បញ្ហា និង​ផ្លូវ​ចិត្ត​របស់​កុមារ។

ក្រសួង​សង្គមកិច្ច​ សហការ​ជាមួយ​អង្គការ​យូនីសេហ្វ បាន​សម្រេច​បញ្ជូន​កុមារ​ប្រមាណ​ជា​៣.៥០០​នាក់ ក្នុង​ចំណោម​កុមារ​ជាង​១៦.០០០​នាក់​ពី​មណ្ឌល​កុមារ​កំព្រា ទៅ​ក្រុម​គ្រួសារ​របស់​ពួកគេ​វិញ។ ការ​បញ្ជូន​នេះធ្វើ​ឡើង​ក្រោម​ហេតុផល​ថា ​ការ​រស់​នៅ​ជាមួយ​ក្រុម​គ្រួសារ​ ធ្វើ​ឲ្យ​កុមារ​មាន​ការ​អភិវឌ្ឍ​ជាង​រស់​នៅ​ក្នុង​មណ្ឌល។

កុមារកំពុង​រស់​នៅ​ក្នុង​មណ្ឌល​ថែ​ទាំ​កុមារប្រមាណ​ជា​ជាង​៣.៥០០​នាក់​នេះ នឹង​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​រស់​នៅ​ជាមួយក្រុមគ្រួសារ​វិញ បន្ទាប់​ពី​ក្រសួងរក​ឃើញ​ថា ការ​រស់នៅកន្លែង​ថែទាំ​កុមារ​ អាច​បង្ក​គ្រោះថ្នាក់​ចំពោះការ​អភិវឌ្ឍ​ផ្នែក​សង្គម ផ្លូវ​កាយ សតិ​បញ្ហា និង​ផ្លូវ​ចិត្ត​របស់​កុមារ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​រដ្ឋមន្រ្តី​ក្រសួងសង្គមកិច្ច។​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ក្រសួងសង្គមកិច្ច សហការ​ និង​គាំទ្រ​ដោយ​អង្គការ​យូនីសេហ្វ​ បាន​ប្រកាស​ផ្សព្វផ្សាយនូវ​របាយការណ៍​ស្តី​ពី​ការ​កំណត់​ទីតាំង​កន្លែង​ថែទាំ​កុមារ​ក្នុង​រាជធានី-ខេត្ត ទាំង​២៥ និង​ផែនការ​ពង្រឹងការ​ថែទាំ​កុមារ និង​សមាហរណកម្ម​កុមារ​ចំនួន​៣០​ភាគរយ​ពី​មណ្ឌល​ថែទាំ​កុមារ​ទៅ​កាន់​គ្រួសារ​ប្រកប​ដោយ​សុវត្ថិភាព​ ពី​ឆ្នាំ​២០១៦ ដល់ ឆ្នាំ២០១៨។

គំហើញ​ថ្មី​មួយ​បង្ហាញ​ថា មណ្ឌល​ថែទាំ​កុមារ ឬ​មណ្ឌល​កុមារ​កំព្រា មាន​ចំនួន ៤០៦​កន្លែង ​នៅ​ទូទាំង​ប្រទេស។ ក្នុង​នោះ​ មណ្ឌល​ចំនួន​៣៨​ភាគរយ​មិន​ធ្លាប់​ត្រូវ​បាន​ធ្វើ​អធិការកិច្ច​ដោយ​ក្រសួង ចំនួន​១២​ភាគរយ មិន​បាន​ចុះបញ្ជី និង​មណ្ឌល​ចំនួន​ ២១​ភាគរយ ពុំ​មាន​អនុស្សារណៈ​នៃ​ការ​យោគយល់​ជាមួយ​ស្ថាប័ន​ណា​មួយ​របស់​រដ្ឋាភិបាល។​

លោក វង សូត រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ថ្លែង​ទៅកាន់​អ្នក​សារ​ព័ត៌​មាន​ក្នុង​ពិធី​ប្រកាស​ផ្សព្វ​ផ្សាយ​នូវ​របាយការណ៍​ស្តីពី​ការ​កំណត់​ទីតាំង​កន្លែង​ថែរទាំ​កុមារ​ ក្នុង​រាជ​ធានី​-ខេត្ត ទាំង​២៥ និង​ផែនការ​ពង្រឹងការ​ថែទាំ​កុមារ នៅព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៧។ (កាន់ ​វិច្ឆិកា/VOA)

លោក វង សូត រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា ប្រាប់​អ្នក​សារព័ត៌មាននៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា បច្ចុប្បន្ន​នេះ​កុមារ​ជាច្រើនកំពុងរស់​នៅ​ក្នុង​មណ្ឌល​ថែទាំ​កុមារ ឬ​ហៅ​ថា​មណ្ឌល​កុមារ​កំព្រា​ ស្រប​ពេល​មណ្ឌល​ទាំង​នោះ​មាន​ការ​កើន​ឡើង។ លោក​បន្ថែម​ថា កុមារ​ដែល​កំពុង​រស់​នៅ​ក្នុង​មណ្ឌល​ទាំង​នោះ​មិនមែន​សុទ្ធ​តែ​ជា​ក្មេង​កំព្រា​គ្មាន​ឪពុក​ម្តាយ​ទាំង​អស់​នោះ​ទេ ប៉ុន្តែ​លោក​ថា ដោយ​សារឪពុកម្តាយ​របស់​ពួកគេ​មាន​ការ​ខ្វះខាត​ផ្នែក​ជីវភាព។

លោក វង សូត បន្ថែម​ថា ការ​រស់​នៅ​កន្លែង​ថែទាំ​កុមារ អាច​បង្ក​គ្រោះថ្នាក់​ចំពោះ​ការ​អភិវឌ្ឍ​សង្គម ផ្នែក ផ្លូវកាយ សតិបញ្ញា និង ផ្លូវចិត្ត​របស់​កុមារ ដូច្នេះ​ក្រសួង​កំពុង​បញ្ជូន​កុមារចំនួន​៣០​ភាគ​រយ នៃ​ចំនួន​កុមារ​សរុប​ដែលរស់​នៅ​ក្នុងមណ្ឌល ឬ​ស្មើ​ប្រមាណ​ជា​ជាង៣.៥០០នាក់ ដែល​រក​ឃើញ​ថា​មាន​ឪពុកម្តាយ ឲ្យ​ទៅ​រស់​នៅ​ជាមួយ​គ្រួសារ​ក្នុង​សហគមន៍​របស់​ពួកគេ​វិញ។ លោក​បន្ត​ថា បន្ទាប់​ពី​បញ្ជូន​កុមារ​ទាំង​នោះ​ទៅ​រស់​នៅ​ជាមួយ​គ្រួសារ​វិញ ​ក្រសួង​ក្រោម​ការ​សហការ​ជាមួយ​អង្គការ​យូនីសេហ្វ នឹង​ជួយ​ឧបត្ថម្ភ​ក្រុម​គ្រួសារ​ទាំង​នោះ​ដើម្បី​ឲ្យ​ពួកគេ​អាច​មាន​លទ្ធភាពចិញ្ចឹម​បី​បាច់​កូនៗ​របស់​ពួកគេ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា៖​

«បើ​សិន​ណា​ជា​ស្ថានភាព​កុមារ​ហ្នឹង ស្ថិត​ក្នុង​ស្ថានភាព​ឪពុកម្តាយ​លំបាក យើង​បង្វែរ​ការ​ទ្រទ្រង់ ​ ជាពិសេស​អង្គការ​ដៃគូ​ច្រើន​ណាស់។ យើង​បង្វែរ​ការ​ទ្រទ្រង់​ទៅ​ផ្តល់​ឲ្យ​ក្មួយៗ​នៅ​តាម​សហគមន៍​នៅ​តាម​ផ្ទះ​ហ្នឹង​តែ​ម្តង។ ឧបមា​ថា​ ​មួយ​ថ្ងៃ​ឲ្យ​របប​គាត់​ជួយ​ប៉ុន្មាន​រៀល ឬ​ឧបត្ថម្ភ​ស្បៀង​អាហារប្រចាំ​ខែ​អី​យ៉ាង​ម៉េច យើង​ឲ្យ​ទៅ​ក្រុម​គ្រួសារ។​ ហើយ​យ៉ាង​ណា​ឲ្យ​ក្រុម​គ្រួសារ​នេះ​ស្ថិតក្នុង​ភាព​ថែទាំ​បីបាច់​ថែ​រក្សា​កូន​ក្មួយ​របស់​យើង ​វា​មាន​ភាព​ល្អ​ប្រសើរ​ជាង»។

លោក វង សូត បន្ថែម​ថា កន្លង​មក​នៅ​តាម​មណ្ឌល​ថែទាំ​កុមារ​មួយ​ចំនួន​ត្រូវ​គេ​រក​ឃើញ​ថា មាន​ការ​កេងប្រវ័ញ្ច និង​រំលោភ​បំពាន​លើ​កុមារ​ទាំង​ផ្លូវ​កាយ ផ្លូវ ចិត្ត និង​ផ្លូវ​ភេទ។ ដូច្នេះ​លោក​ថា មណ្ឌល​ថែ​ទាំ​កុមារ គឺ​ជា​ជម្រើស​ចុង​ក្រោយ និង​គ្រាន់​តែ​ជា​ដំណោះស្រាយ​បណ្តោះអាសន្ន​តែ​ប៉ុណ្ណោះ ​ហើយទីកន្លែងល្អ​បំផុត​សម្រាប់​កុមារ​ គឺ​ក្រុម​គ្រួសារ។

បើ​តាម​របាយការណ៍​របស់​ក្រសួង​សង្គមកិច្ច​ក្នុង​ឆ្នាំ​២០១៥ ក្នុង​ចំណោម​កុមារ​កម្ពុជា​ចំនួន​៣៥០​នាក់ មាន​កុមារ​ម្នាក់​រស់​នៅ​ក្នុង​មណ្ឌល​ថែទាំ។ ក្នុង​នោះ ៨០​ភាគរយ​នៃ​កុមារ​រស់​នៅ​តាម​មណ្ឌល​ថែទាំ យ៉ាង​ហោច​ណាស់ នៅ​មាន​ឪពុក​ឬ​ម្តាយ នៅ​រស់​នៅ​ឡើយ។

លោកស្រី ដេបូរ៉ា កូមីនី ប្រធានអង្គការ​យូនីសេហ្វប្រចាំកម្ពុជា ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​ក្នុង​ពិធី​ប្រកាស​ផ្សព្វ​ផ្សាយនូវ​របាយការណ៍​ស្តីពី​ការ​កំណត់​ទីតាំង​កន្លែង​ថែរទាំ​កុមារ​ ក្នុង​រាជធានី​-ខេត្ត ទាំង​២៥ និង​ផែនការ​ពង្រឹងការ​ថែទាំ​កុមារ នៅព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៧។ (កាន់ ​វិច្ឆិកា/VOA)

លោកស្រី ដេបូរ៉ា កូមីនី (Debora Comini) ប្រធាន​អង្គការ​យូនីសេហ្វ​ (UNICEF) ប្រចាំ​កម្ពុជា លើក​ឡើង​ថា ការ​បញ្ជូន​កុមារ​ពី​ក្នុង​មណ្ឌល​ទៅរស់​នៅ​ជាមួយ​ក្រុម​គ្រួសារ​របស់​ពួក​គេ គឺ​ជា​ការ​ឆ្ពោះ​ទៅ​រក​ការកែទម្រង់​ប្រព័ន្ធថែទាំ​កុមារ​ឲ្យ​កាន់​តែ​ទូលាយ ​ប្រកប​ដោយ​និរន្តរភាព។ លោកស្រី​បន្ថែម​ថា បុគ្គលិកធ្វើ​ការ​ផ្នែក​សង្គម​កិច្ច​នឹង​តាម​ឃ្លាំ​មើល​កុមារ​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ក្រុម​គ្រួសារ​របស់​ពួកគេ​ទាំង​នោះ ហើយ​ថា ​ប្រសិន​បើ​កុមារ​ទទួល​រង​ការ​ធ្វើ​បាប ឬ​ការ​កេងប្រវ័ញ្ច​ណាមួយ​ពីសមាជិក​គ្រួសារ នោះមន្ត្រី​សង្គមកិច្ច នឹងបញ្ជូន​ពួកគេទៅ​កាន់​កន្លែង​ដែល​មាន​សុវត្ថិភាព​ផ្សេង​ទៀត។​

លោកស្រី​បញ្ជាក់​ថា៖​

«ប្រសិន​បើ​នៅ​ដំណាក់កាល​គ្រួសារ​មួយ​បោះបង់​កូន​ចោល គ្រួសារ​នោះ​គឺ​មាន​ភាព​ងាយ​រងគ្រោះ។ ដូច្នេះ​គ្រួសារ​ដែល​មាន​ភាព​ងាយ​រងគ្រោះ​គួរ​ទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ និង​ការ​ពិនិត្យ​តាម​ដាន។ ប្រសិន​បើ​មាន​ការ​រំលោភ​បំពាន​ណាមួយ​ដែល​មិន​អាច​ទប់ស្កាត់​បាន​នៅ​ក្នុង​គ្រួសារ​កំណើត​នោះ នៅ​មាន​ជម្រើស​ផ្សេង​ទៀត ដូចជា មាន​ការ​ស្មុំ​កូន​យក​ទៅ​ចិញ្ចឹម។ ក្មេង​ខ្លះ​អាច​មាន​ភាព​ល្អ​ប្រសើរ​ជាង នៅ​ពេល​ពួកគេ​រស់នៅ​ជាមួយ​គ្រួសារ​ផ្សេង។ ប៉ុន្តែ​បញ្ហា​សំខាន់​គឺ​នោះ​គឺ​ថា គ្រួសារ​ផ្សេង​ទៀត​នោះ​មិន​ចាំបាច់​ត្រូវ​តែ​ជា​គ្រួសារ​ដែល​មាន​ជាប់​សាច់​ឈាម​នោះ​ទេ តែ​ជា​គ្រួសារ​ដែល​ចាត់​ទុក​ក្មេង​នោះ​ជា​កូន​បង្កើត​របស់​ខ្លួន»។

​របាយការណ៍​របស់​ក្រសួង​សង្គមកិច្ច​បង្ហាញ​ថា បច្ចុប្បន្ន​នេះ​ កុមារ​រស់​នៅ​ក្នុង​កន្លែង​ថែ​ទាំ​កុមារ មានចំនួន ២៦,១៨៧​នាក់ ​កំពុងរស់​នៅ​ ក្នុង​កន្លែង​ថែទាំ​កុមារចំនួន ៦៣៩ កន្លែង​ទូទាំង​ប្រទេស។ ចំនួន​នេះ​រាប់​បញ្ចូល​ទាំង​មណ្ឌល​កុមារ​កំព្រា ផ្ទះ​សំចត ផ្ទះ​រស់នៅ​ជា​ក្រុម សាលារៀន​ដែល​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​សិស្ស វត្ត​អារាម និង​អគារ​សាសនា​ផ្សេង​ទៀត៕