លោកស្រី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ដែល​ត្រូវ​គេ​ដក​ពី​តំណែង​បាន​ត្រឡប់​ទៅ​កាន់​គេហដ្ឋាន​លោកស្រី​វិញ

លោកស្រី Park Geun-hye ស្វាគមន៍​អ្នក​គាំទ្រ​របស់​លោក​នៅ​ពេល​លោកស្រី​ទៅ​ដល់​ផ្ទះ​របស់​លោក​ស្រី​នៅ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧។

មន្ត្រី​ប៉ូលិស អ្នក​សារព័ត៌មាន និង​អ្នក​គាំទ្រ​រាប់​រយ​នាក់​របស់​លោកស្រី​ប្រធានាធិបតី Park Geun Hye ដែល​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​តំណែង បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ជិត​គេហដ្ឋាន​របស់​លោកស្រី​នៅ​ក្នុង​ទីក្រុង​សេអ៊ូល នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​រង់ចាំ​ទទួល​លោកស្រី បន្ទាប់ពី​លោកស្រី​បាន​ចាកចេញ​ពី​វិមាន​ប្រធានាធិបតី។

លោកស្រី​ប្រធានាធិបតី Park Geun Hye បាន​ចាកចេញ​ពី​វិមាន​ប្រធានាធិបតី​នៅ​ថ្ងៃ​អាទិត្យ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ។

តុលាការ​ធម្មនុញ្ញ​កូរ៉េ​ខាង​ត្បូង​បាន​ដក​លោកស្រី Park ជា​ផ្លូវការ​ពី​តំណែង​ជា​ប្រធានាធិបតី​កាល​ពី​ថ្ងៃ​សុក្រ​ ដែល​នេះ​ជា​ការ​គាំទ្រ​ញត្តិ​របស់​សមាជិក​សភា​នានា ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន ក្នុង​ការ​ចោទ​ប្រកាន់​លោកស្រី Park ជា​សាធារណៈ ថា​បាន​ឃុបឃិត​ជាមួយ​នឹង​លោកស្រី Choi Soon Sil ដែល​ជា​មិត្តភក្ដិ​ជិតស្និទ្ធ​មួយ​រូប​របស់​លោកស្រី ដើម្បី​ជំរិត​យក​ប្រាក់​ពី​ក្រុមហ៊ុន​មួយ​ចំនួន និង​បាន​អនុញ្ញាត​ឲ្យ​លោកស្រី Choi Soon Sil គ្រប់គ្រង​កិច្ចការ​រដ្ឋ​ដោយ​សម្ងាត់​ទៅ​តាម​ចិត្ត​របស់​ខ្លួន។

លោកស្រី Park មិន​មាន​អភ័យ​ឯកសិទ្ធិ​ក្នុង​ការ​រួច​ពី​ការ​កាត់​ទោស​នោះ​ទេ ហើយ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ អាច​នឹង​ត្រូវ​គេ​ស៊ើបអង្កេត​លើ​ការ​សង្ស័យ​លើ​ការ​ជំរិត​ទារ​ប្រាក់ ការ​សូក​ប៉ាន់ ការ​ប្រើ​អំណាច​ក្នុង​ផ្លូវ​ខុស និង​បទ​ឧក្រិដ្ឋ​ផ្សេងៗ​ទៀត។

លោកស្រី​មិន​ទាន់​បាន​ថ្លែង​ជា​សាធារណៈ​ណា​មួយ​នៅ​ឡើយ​ទេ បន្ទាប់ពី​តុលាការ​ធម្មនុញ្ញ​សម្រេច​ដក​លោកស្រី​ពី​តំណែង​ជា​ប្រធានាធិបតី​កាល​ពី​ថ្ងៃ​សុក្រ​មក។ កាល​ពី​មុន លោកស្រី​ធ្លាប់​បាន​សុំ​ទោស​ថា លោកស្រី​ទុក​ចិត្ត​លើ​លោកស្រី Choi Soon Sil ពេក ប៉ុន្តែ​បាន​បដិសេធ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​ចោទ​ប្រកាន់​នានា៕