មេដឹកនាំនៅទូទាំងពិភពលោកថ្កោលទោសការវាយប្រហារក្នុងទិវា Bastille នៅក្នុងក្រុង Nice ប្រទេសបារាំង ហើយបានសម្តែងមរណទុក្ខរបស់ពួកគេដល់ជនរងគ្រោះផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ លោកអគ្គលេខាធិការអ.ស.ប. បាន គីមូន បានថ្កោលទោសការវាយប្រហារនេះ ហើយបានអំពាវនាវឱ្យមានការបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីប្រឈមមុខនឹងភេរវកម្ម និងភាពជ្រុលនិយមឃោរឃៅ។
សេចក្តីថ្លែងការណ៍នេះរបស់អ.ស.ប. បាននិយាយថា «លោក បាន គីមូន ឈរមាំទាំនៅជិតរដ្ឋាភិបាល និងប្រជារាស្ត្របារាំងនៅពេលពួកគេប្រឈមមុខនឹងការគំរាមកំហែងនេះ ហើយលោកគូសបញ្ជាក់អំពីសេចក្តីត្រូវការបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ និងការខិតខំប្រឹងប្រែងអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងភាពជ្រុលនិយមប្រកបដោយហិង្សា»។
លោកបានសម្តែងសមានចិត្តនិងមរណទុក្ខជ្រាលជ្រៅបំផុតដល់គ្រួសារជនរងគ្រោះដោយសារ«សកម្មភាពអាក្រក់អាក្រីនេះ» ហើយលោកបានជូនពរដល់មនុស្សច្រើននាក់ដែលរងរបួសសូមឱ្យបានជាសះស្បើយឆាប់រហ័ស។
លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានផ្សព្វផ្សាយសេចក្តីថ្លែងការណ៍មួយតាម Twitter កាលពីយប់ថ្ងៃព្រហស្បតិ៍ដោយបញ្ជូន«ការនឹកគិតរបស់លោកនិងការបួងសួង»ដល់គ្រួសារនៃពួកជនដែលបានត្រូវសម្លាប់នៅក្នុងការវាយប្រហារនោះ ហើយលោកបាននិយាយយោងដល់ប្រទេសបារាំងថាជា«សម្ព័ន្ធយូរយាបំផុត»របស់ស.រ.អា.។
លោក អូបាម៉ា បានមានប្រសាសន៍ថា៖ «នៅក្នុងទិវា Bastille លើកនេះ យើងបានត្រូវរំឭកអំពីភាពមិនទ្រុឌទ្រោមដ៏អាស្ចារ្យនិងសេចក្តីថ្លៃថ្នូរបែបប្រជាធិបតេយ្យដែលបានធ្វើឱ្យប្រទេសបារាំងក្លាយទៅជាការបំផុសគំនិតមួយដល់ពិភពលោកទាំងមូល ហើយយើងដឹងថា លក្ខណៈរបស់សាធារណរដ្ឋបារាំងនឹងឋិតថេរក្នុងរយៈពេលយូរនៅក្រោយការបាត់បង់ជីវិតនៃពួកជនទាំងនេះ»។
លោករដ្ឋមន្ត្រីការបរទេសស.រ.អា. John Kerry ដែលបានឋិតក្នុងប្រទេសបារាំងដើម្បីប្រារព្ធទិវា Bastille បានហៅការវាយប្រហារនេះថា «អាក្រក់ណាស!» ហើយលោកបានមានប្រសាសន៍ថា ស.រ.អា.នឹងបន្តឈរមាំទាំជាមួយប្រជារាស្ត្របារាំងនៅពេលមានសោកនាដកម្មនេះ។
លោក Donald Tusk ប្រធានក្រុមប្រឹក្សាអឺរ៉ុបបានកត់សម្គាល់អំពីសារៈសំខាន់នៃការកំណត់ពេលវេលាសម្រាប់ធ្វើការវាយប្រហារនោះ ហើយលោកបានអំពាវនាវដល់មនុស្សទាំងអស់ឱ្យឈរជាមួយប្រទេសបារាំងនៅពេលមានសោកនាដកម្មនេះ៕