ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតនៃអង្គការសហប្រតិបត្តិការនិងសន្តិសុខក្នុងទ្វីបអឺរ៉ុប OSCE ដែលជាអង្គការអន្តររដ្ឋាភិបាលខាងផ្នែកសន្តិសុខ បានគូសបញ្ជាក់ថា ខ្លួនមិនបានរកឃើញនូវបញ្ហាជាប្រព័ន្ធណាមួយ ដែលបានកើតមានឡើងនៅក្នុងដំណើរការបោះឆ្នោតសហរដ្ឋអាមេរិក ដែលបានធ្វើឡើងក្នុងសប្តាហ៍នេះទេ។
ខណៈពេលដែលលទ្ធផលបោះឆ្នោតនៅកំពុងត្រូវបានគេរាប់នៅឡើយនៅថ្ងៃពុធ លោក Michael Georg Link ប្រធានបេសកកម្មអ្នកសង្កេតការណ៍រយៈពេលខ្លីនេះ ដែលបានមកសហរដ្ឋអាមេរិក ដើម្បីត្រួតពិនិត្យមើលការបោះឆ្នោតអស់រយៈពេល១៨ឆ្នាំមកហើយនោះ បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដោយបានកោតសរសើរដល់រដ្ឋាភិបាលអាមេរិក ដែលបានអញ្ជើញក្រុមបេសកកម្មត្រួតពិនិត្យ មកមើលការបោះឆ្នោតនេះ ដែលនេះបង្ហាញពីកត្តាដែលថា «គ្មាននរណាម្នាក់ល្អអត់ខ្ជោះនោះទេ»។
លោកបន្ថែមថា៖ «គ្រប់របបប្រជាធិបតេយ្យទាំងអស់ នឹងទទួលប្រយោជន៍ពីការផ្លាស់ប្តូរគ្នាអំពីគោលការណ៍អនុវត្តល្អៗ ដែលអាចជួយធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធបោះឆ្នោតក្នុងករណីចាំបាច់»។
សហរដ្ឋអាមេរិក មានកាតព្វកិច្ចជាសមាជិកអង្គការ OSCE ក្នុងការអញ្ជើញក្រុមអ្នកសង្កេតការណ៍ពីទ្វីបអឺរ៉ុបនេះ ដើម្បីត្រួតពិនិត្យមើលការបោះឆ្នោតរបស់ខ្លួន។
ក្នុងរយៈពេល១៨ឆ្នាំដែលអង្គការមួយនេះ បានមកសង្កេតការណ៍ការបោះឆ្នោតក្នុងសហរដ្ឋអាមេរិក អង្គការនេះ បានផ្តល់អនុសាសន៍មួយចំនួន ដែលរួមមានធ្វើឲ្យការរៃអង្គាសថវិកាសម្រាប់យុទ្ធនាការបោះឆ្នោតមានតម្លាភាពជាងមុន និងស្តារសិទ្ធិបោះឆ្នោតដល់ជនប្រព្រឹត្តបទឧក្រិដ្ឋ ដែលបានបញ្ចប់ការជាប់ទោសរបស់ខ្លួនជាដើម។
ខណៈពេលដែលការរាប់សន្លឹកឆ្នោតនៅបន្តធ្វើនៅឡើយនោះ ការងាររបស់ក្រុមអ្នកសង្កេតការណ៍នេះ ក៏នៅមិនទាន់ចប់ដែរ។ សមាជិករបស់ក្រុមនេះ នឹងចំណាយពេល២-៣ សបា្តហ៍ទៀតក្នុងសហរដ្ឋអាមេរិក ដើម្បីសិក្សាពីទិន្នន័យបោះឆ្នោត និងផ្តល់អនុសាសន៍សម្រាប់ការបោះឆ្នោតលើកនេះ៕