អង្គការសិទ្ធិមនុស្សមួយចំនួនបានឲ្យដឹងថា កុមារអាចក្លាយជាជនរងគ្រោះខ្លាំងបំផុតដោយសារជំងឺកូវីដ១៩ បើទោះបីជាជាក់ស្តែងជំងឺនេះ ភាគច្រើនប៉ះពាល់ខ្លាំងដល់មនុស្សវ័យចំណាស់ក៏ដោយ។
គេប៉ាន់ប្រមាណថា មានកុមារចំនួន ១ ពាន់ ៥ រយលាននាក់នៅទូទាំងពិភពលោកកំពុងបាត់បង់ការសិក្សា។ ការរាតត្បាតនៃជំងឺកូវីដ១៩ នេះ កំពុងជះឥទ្ធិពលអាក្រក់ផ្សេងៗទៀតលើមនុស្សវ័យក្មេង ដោយវាធ្វើឲ្យកុមាររាប់សែននាក់ត្រូវក្លាយជាក្មេងកំព្រា។
អ្នកស្រី Jo Becker នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានថ្លែងក្នុងសម្តីដើមថា៖ «កុមារកាន់តែច្រើនឡើងៗ បានបាត់បង់ឪពុកម្តាយ។ យើងធ្លាប់បានឆ្លងកាត់វិបត្តិនានា ដូចជាវិបត្តិជំងឺអ៊ីបូឡា និងការរាតត្បាតនៃជំងឺអេសដ៍នៅក្នុងតំបន់ភាគខាងត្បូងវាលខ្សាច់សាហារ៉ានៃទ្វីបអាហ្វ្រិកជាដើម ហើយយើងបានឃើញថា នៅពេលកុមារក្លាយជាក្មេងកំព្រា ពួកគេកាន់តែងាយរងគ្រោះដោយការជួញដូរផ្លូវភេទ ពលកម្មកុមារ និងត្រូវបានគេកេងចំណេញក្នុងទម្រង់ផ្សេងៗទៀត»។
របាយការណ៍មួយដែលចេញផ្សាយដោយអង្គការពលកម្មអន្តរជាតិកាលពីពេលថ្មីៗនេះបានព្រមានថា មនុស្សចំនួន ២០០ លាននាក់ អាចនឹងបាត់បង់ការងារដោយសារតែជំងឺកូវីដ១៩ នេះ។
អ្នកស្រី Jo Becker បានថ្លែងបន្តក្នុងសម្តីដើមថា៖ «នៅពេលដែលឪពុកម្តាយបាត់បង់ការងារ ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ជាញឹកញាប់យើងឃើញកុមារកាន់តែច្រើនឡើងៗ ត្រូវបានបង្ខំឲ្យធ្វើការដើម្បីជួយគ្រួសារ ហើយនោះគឺគ្រាន់តែអាចបំពេញសេចក្តីត្រូវការជាមូលដ្ឋានរបស់ពួកគេប៉ុណ្ណោះ។ ស្របគ្នានេះដែរ ក៏នឹងមាននិន្នាការឆ្ពោះទៅរកការឆាប់រៀបការ និងអាពាហិពិពាហ៍កុមារ ដោយក្មេងស្រីៗ មានអារម្មណ៍ថាទទួលសម្ពាធឲ្យឆាប់រៀបការដើម្បីចេញពីផ្ទះ និងដើម្បីបន្ថយសម្ពាធដែលមានទៅលើឪពុកម្តាយរបស់ពួកគេ»។
អ្នកដែលងាយរងគ្រោះបំផុត រងប៉ះពាល់មុនគេ។ អង្គការសប្បុរសធម៌ជាច្រើនបានរាយការណ៍ថា កុមារដែលរស់នៅតាមដងផ្លូវ កំពុងតែជួបការលំបាកយ៉ាងខ្លាំងក្នុងការស្វែងរកម្ហូបអាហារបរិភោគ និងទីជម្រក នៅក្នុងពេលមានការរាតត្បាតនៃជំងឺកូវីដ១៩នេះ។
នៅក្នុងបណ្តាប្រទេសអ្នកមាន កុមារក្រីក្រលែងបានទទួលអាហារថ្ងៃត្រង់នៅតាមសាលារៀនទៀតហើយ ដែលភាគច្រើន នោះគឺជាអាហារដ៏សំខាន់មួយរបស់ពួកគេសម្រាប់មួយថ្ងៃៗ។
Raylyn Riviera ជាសិស្សវ័យ ១៧ ឆ្នាំម្នាក់ ដែលស្ថិតក្នុងចំណោមមនុស្សរាប់សិបនាក់ ដែលតម្រង់ជួរចាំទទួលអាហារឥតគិតថ្លៃនៅខាងក្រៅវិទ្យាល័យញូវយ៉ក កាលពីពេលថ្មីៗនេះ។
Raylyn Riviera បានថ្លែងក្នុងសម្តីដើមថា៖ «ឥឡូវនេះមានការពិបាកបន្តិច ដោយសារថា យើងមិនធ្វើការអ្វី ដើម្បីទទួលបានអាហារនោះទេ។ ដូច្នេះ យើងត្រូវតែធ្វើអ្វីៗទៅតាមហ្នឹងឯង»។
នៅប្រទេសផ្សេងទៀត ដូចជាប្រទេសរុស្សី សកម្មជននៅក្នុងប្រទេសនោះ រាយការណ៍ថា ដោយសារការអនុវត្តវិធានការមិនឲ្យប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន អំពើហិង្សាក្នុងគ្រួសារមានការកើនឡើង។ អ្នកស្រី Jo Becker ថ្លែងថា រឿងនេះ កើតមានឡើងនៅក្នុងប្រទេសជាច្រើន។
អ្នកស្រី Becker ថ្លែងបន្ថែមក្នុងសម្តីដើមថា៖ «នៅពេលឪពុកម្តាយមានការព្រួយបារម្ភអំពីសុខភាពរបស់ពួកគេ អំពីបញ្ហាហិរញ្ញវត្ថុក្នុងគ្រួសារ អំពីការងារ ហើយនឹងការកើនឡើងនូវភាពតានតឹងផ្លូវចិត្តដោយសារតែសមាជិកគ្រួសារត្រូវនៅក្នុងផ្ទះជាមួយគ្នារហូតគ្រប់ពេលវេលានោះ ហានិភ័យនៃអំពើហិង្សា គឺពិតជាកើនឡើង»។
រីឯការព្រួយបារម្ភផ្សេងទៀតនោះ មានដូចជាថា កុមារ នឹងខកខានមិនបានទទួលការចាក់ថ្នាំបង្ការរោគសំខាន់ៗ ពីព្រោះប្រព័ន្ធសុខាភិបាលផ្តល់អាទិភាពដល់អ្នកដែលឆ្លងជំងឺកូវីដ១៩។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watchកំពុងអំពាវនាវដល់រដ្ឋាភិបាលនានាឲ្យចាត់ទុកកុមារថាជារឿងសំខាន់នៅក្នុងគោលនយោបាយរបស់ពួកគេក្នុងការទប់ស្កាត់ការរាតត្បាតនៃវីរុសកូរ៉ូណា ដោយត្រូវមានកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងដើម្បីពង្រីកលទ្ធភាពផ្ដល់ការអប់រំ និងផ្តល់ជំនួយសេដ្ឋកិច្ចដល់គ្រួសារដែលងាយរងគ្រោះ៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់