អាជ្ញាធរក្នុងរដ្ឋ Oregon បាននិយាយថា ជនប្រដាប់អាវុធម្នាក់ដែលបានបាញ់កាំភ្លើងសម្លាប់មនុស្សនៅក្នុងមហាវិទ្យាល័យសហគមន៍មួយបានបន្សល់កំណត់ហេតុពោរពេញទៅដោយភាពស្អបខ្ពើមមួយ នៅកន្លែងកើតហេតុ។
បណ្តាញទូរទស្សន៍អាមេរិកាំង NBC និង CBS បានដកស្រង់ពាក្យសម្តីពីប្រភពផ្លូវការមួយដែលបាននិយាយកាលពីរសៀលថ្ងៃសុក្រថា អ្នកបាញ់កាំភ្លើងនេះ «មានអារម្មណ៍ថាពិភពលោកប្រឆាំងនឹងគាត់»។ បុរសនេះបានសរសេរថា គាត់ «ឋិតក្នុងផ្លូវខុស» និងថាគាត់គ្មានសង្សារទេ ដោយបន្ថែមថាគាត់ «គ្មានជីវិតឡើយ»។
នៅក្នុងសារគាត់ដែលវាយតាមកុំព្យូទ័រមានច្រើនទំព័រ ឈ្មោះ Christopher Harper Mercer អាយុ២៦ឆ្នាំ ដែលបានបាញ់សម្លាប់និស្សិត៩នាក់ និងបានធ្វើឱ្យនិស្សិត៩នាក់ទៀតត្រូវរបួសនៅមុនពេលគាត់ត្រូវបានសម្លាប់នៅក្នុងការបាញ់កាំភ្លើងតគ្នាជាមួយក្រុមប៉ូលិសនៅក្នុងមហាវិទ្យាល័យសហគមន៍ Umpqua ក៏បានសរសេរដែរថាគាត់នឹង «ត្រូវស្វាគមន៍នៅក្នុងឋាននរក និងត្រូវឱបក្រសោបដោយបីសាច»។
ក្រុមអ្នកស៊ើបអង្កេតសហព័ន្ធបានរកឃើញអាវុធ១៣ដើមរបស់ជនប្រដាប់អាវុធតែម្នាក់ឯងនេះ ដោយកាំភ្លើង៦ដើមត្រូវបានរកឃើញនៅក្នុងមហាវិទ្យាល័យនោះ និង៧ដើមទៀតនៅក្នុងផ្ទះរបស់ជននេះ៕