លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានជួបជាមួយយុវជនអាមេរិកាំង៣នាក់ដែលបានទប់ស្កាត់ខ្មាន់កាំភ្លើងម្នាក់ដែលបានរងការចោទប្រកាន់ថា មានចំណងទាក់ទងជាមួយពួកឥស្លាមជ្រុលនិយមនៅលើរទេះភ្លើងដែលធ្វើដំណើរចេញទៅទីក្រុងប៉ារីសនៃប្រទេសបារាំងកាលពីខែមុន។
លោកប្រធានាធិបតី អូបាម៉ា បានទទួលលោក Alek Skarlotos លោក Spencer Stoneនិងលោក Anthony Sadler នៅឯការិយាល័យរាងពងក្រពើនៅសេតវិមាន។លោកប្រធានាធិបតី បានសរសើរបុរសទាំង៣នាក់នេះចំពោះសេចក្តីអង់អាចក្លាហាន ការគិតរហ័សរហួន ហើយនិងការធ្វើការជាក្រុមដែលបានបញ្ចៀសអ្វីដែលលោកប្រធានាធិបតី បានហៅថា «ព្រឹត្តិការណ៍គួរឲ្យភ័យខ្លាចពិតប្រាកដ»។
លោកប្រធានាធិបតី អូបាម៉ា បានមានប្រសាសន៍ថា វាជាការត្រឹមត្រូវហើយដែលយើងគួរនិយាយថា មនុស្សជាច្រើនបានត្រូវជួយសងគ្រោះជីវិតដោយសារសកម្មភាពរបស់ជនជាតិអាមេរិកាំង៣រូបនេះ។
លោកប្រធានាធិបតី បានមានប្រសាសន៍ថា៖ «អ្នកទាំង៣នាក់នោះ តំណាងឲ្យប្រជាជនអាមេរិកដ៏ល្អ គឺជាអត្តចរិករបស់អាមេរិក។ ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកទាំង៣នាក់នេះ ហើយខ្ញុំសូមជូនពរឲ្យអ្នកទាំង៣មានសុខភាពល្អ»។
នៅល្ងាចថ្ងៃព្រហស្បតិ៍ បុរសទាំង៣នាក់នេះដែលជាមិត្តភ័ក្រ្តនឹងគ្នា បានទៅពិធីមួយទៀតនៅឯមន្ទីរបច្ចកោណ។ លោក Skarlatosជាសមាជិកឆ្មាំការពារជាតិរដ្ឋ Oregon បានទទួលមេដៃយុទ្ធជន។
ជនជាតិអាមេរិកាំង៣នាក់នេះ រួមជាមួយជនជាតិអង់គ្លេសម្នាក់ បានប្រឈមជាមួយបុរសម្នាក់ប្រដាប់ទៅដោយអាវុធធន់ធ្ងន់នៅលើរទេះភ្លើងល្បឿនលឿនដែលបានបើកបរចេញពីទីក្រុង Amsterdam នៃប្រទេសហុល្លង់ឆ្ពោះទៅកាន់ទីក្រុងប៉ារីស។ បុរសប្រដាប់អាវុធនោះ ជាជនជាតិម៉ារ៉ុកដែលត្រូវបានគេជឿជាក់ថា បានរៀបចំផែនការវាយប្រហារនៅលើរទេះភ្លើងនោះ៕