មន្រ្តីអតីតគណបក្សសង្រ្គោះជាតិនៅក្នុងខេត្តកំពង់ធំគឺលោក ស៊ុន ធន់ ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃច័ន្ទរួចបញ្ជូនមករាជធានីភ្នំពេញខណៈក្រុមគ្រួសារមិនដឹងថាពាក់ព័ន្ធនឹងមូលហេតុអ្វី។
លោកគ្រី សារិទ្ធ មេបុស្តិ៍រដ្ឋបាលឃុំទ្រាលថ្លែងប្រាប់ VOA នៅថ្ងៃច័ន្ទនេះថាសមត្ថកិច្ចបានអនុវត្តដីកាចាប់ខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ។ លោកបញ្ជាក់ថា លោកស៊ុន ធន់ត្រូវបានបញ្ជូនមកភ្នំពេញ។លោកបង្វែរសំណួរនេះមកតុលាការភ្នំពេញវិញដោយបដិសេធមិនអត្ថាធិប្បាយបន្ថែមលើបញ្ហានេះ។
លោកធន់ ធានី អាយុ២៨ឆ្នាំកូនប្រុសរបស់លោក ស៊ុន ធន់ មានប្រសាសន៍ថា ឪពុករបស់លោកត្រូវបានចាប់ខ្លួននៅផ្ទះក្នុងភូមិថ្មីឃុំទ្រាល ស្រុកតាំងគោកខេត្តកំពង់ធំ វេលាម៉ោងជាង១០ព្រឹក។លោកមិនបានដឹងអំពីមូលហេតុនៃការឃាត់ខ្លួននោះទេ។ លោកបន្តថា ក្រុមគ្រួសារបានព្យាយាមសាកសួរនគរបាលនៅក្នុងខេត្តកំពង់ធំ តែមិនទាន់ទទួលព័ត៌មានអ្វីនោះទេ។
លោកធន់ ធានីចាត់ទុកការចាប់ខ្លួននេះពាក់ព័ន្ធនឹងរឿងនយោបាយដោយសារឪពុករបស់លោកជាមនុស្សសកម្មម្នាក់របស់គណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការកំពូលរំលាយចោល។
VOAមិនអាចសុំការឆ្លើយតបពីលោកគុជ គឹមឡុងអ្នកនាំពាក្យរបស់សាលាដំបូងរាជធានីភ្នំពេញបាននៅឡើយទេ។
លោកស៊ុន ធន់ជាអតីតសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំរបស់គណបក្សសង្រ្គោះជាតិ។កន្លងទៅ លោកធ្លាប់អះអាងថាលោកត្រូវបានតាមដាននិងឃាត់ខ្លួនសាកសួរជាបន្តបន្ទាប់។
មន្រ្តីគណបក្សសង្រ្គោះជាតិឲ្យដឹងនៅថ្ងៃច័ន្ទនេះថា កាលពីសប្តាហ៍មុនអាជ្ញាធរខេត្តសៀមរាបក៏បានចាប់ខ្លួនលោកពៀត ម៉ាប់អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្រ្គោះជាតិខេត្តសៀមរាបនិងជាអតីតសមាជិកក្រុមប្រឹក្សាខេត្តសៀមរាបផងដែរ។ លោកត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៧ខែឧសភា ក្នុងឃុំដំដែកស្រុកសូទ្រនិគម ហើយបច្ចុប្បន្នត្រូវឃុំខ្លួននៅពន្ធនាគារព្រៃស។
លោកសំ សុគង់មេធាវីការពារក្តីឲ្យមន្រ្តីគណបក្សប្រឆាំងដែលត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់អះអាងថា ចាប់តាំងពីការរំលាយគណបក្សសង្រ្គោះជាតិលោកបានការពារក្តីឲ្យមន្រ្តីគណបក្សប្រមាណ១០០នាក់ដែលក្នុងនោះមានការចាប់ខ្លួនដោយមានដីកាខ្លះនិងមិនមានដីកាខ្លះ។លោកបន្តថា បច្ចុប្បន្ននេះលោកកំពុងការពារក្តីឲ្យសកម្មជនគណបក្សសង្រ្គោះជាតិចំនួន១៦នាក់ទៀតដែលកំពុងជាប់ពន្ធនាគារហើយពួកគេត្រូវបានចោទប្រកាន់ថា រួមគំនិតក្បត់ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍និងញុះញង់មិនឲ្យយោធាស្តាប់បង្គាប់៕