មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ត្រូវបានចាប់ខ្លួន នៅរំលងអធ្រាត្រឈានចូលព្រឹកថ្ងៃអាទិត្យ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោក និងបក្ខពួក បានប្រព្រឹត្ត«អំពើក្បត់ជាតិ» ដោយយោងតាមវីដេអូឃ្លីបមួយ ដែលត្រូវបានផ្សព្វផ្សាយជាង៣ឆ្នាំមកហើយ នៅលើបណ្តាញសង្គមហ្វេសប៊ុក។ ករណីនេះ គណបក្សសង្រ្គោះជាតិ អ្នកច្បាប់ និងអ្នកតាមដាន បានចោទជាសំណួរអំពីភាពធ្ងន់ធ្ងរនៃការចោទប្រកាន់។
កាលពីខែឧសភា ឆ្នាំ២០១៦ អាជ្ញាធរកម្ពុជាបានប៉ុនប៉ងចាប់ខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ នៅទីស្នាក់ការគណបក្សនៅក្នុងសង្កាត់ចាក់អង្រែលើ នៃរាជធានីភ្នំពេញ។
ទោះជាយ៉ាងណា ការប៉ុនប៉ងចាប់ខ្លួននោះមិនបានសម្រេចទេ ហើយត្រូវបានមើលឃើញថា ជាការគំរាមមួយដល់លោក កឹម សុខា ក៏ដូចជាគណបក្សប្រឆាំង ដែលកំពុងក្លាយជាដៃគូប្រកួតប្រជែងដ៏ស្រួចស្រាលមួយសម្រាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានកាន់អំណាចជាង៣០ឆ្នាំមកហើយ។
កាលនោះ លោក កឹម សុខា ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៥ខែ ពីបទបដិសេធបង្ហាញខ្លួននៅតុលាការ ទាក់ទងនឹងសំណុំរឿងការប្តឹងផ្តល់រឿងអាស្រូវផ្លូវភេទ។ ក្រោយមក លោកក៏ត្រូវបានព្រះមហាក្សត្រព្រះរាជទានការលើកលែងទោស តាមសំណើរបស់លោក ហ៊ុន សែន។
អស់រយៈពេលជាងមួយឆ្នាំ មេដឹកនាំបក្សប្រឆាំង ដែលជាអតីតប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក កឹម សុខា ត្រូវចាប់ខ្លួន នៅឯផ្ទះរបស់លោក នៅទួលគោក កាលពីពាក់កណ្តាល់យប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យទី៣ខែកញ្ញា ទាក់ទងនឹងការចោទប្រកាន់លោកថា បានប្រព្រឹត្តអំពើ«ក្បត់ជាតិ»។
ការចាប់ខ្លួនលោក កឹម សុខា ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយលោកត្រឡប់មកពីចូលរួមក្នុងកិច្ចប្រជុំនៅក្នុងទីក្រុងបាងកក នៃប្រទេសថៃ។ ការចាប់ខ្លួននេះត្រូវបានមើលឃើញថា ជាយុទ្ធសាស្រ្តមួយដើម្បីបំផ្លាញគណបក្សប្រឆាំងមុនការបោះឆ្នោតសាកលឆ្នាំ២០១៨។
ការចោទប្រកាន់លោក កឹម សុខា ថា «ក្បត់ជាតិ» នៅតែជាសំណួរសម្រាប់គណបក្សសង្រ្គោះជាតិ អ្នកច្បាប់ អ្នកតាមដានសង្គម និងសាធារណជន។
មុនពេលនៃការចាប់ខ្លួននេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាននិយាយថា ក្រសួងកំពុងស៊ើបអង្កេតគណបក្សសង្រ្គោះជាតិ ហើយព្រមានថា នឹងអាចរំលាយគណបក្ស ប្រសិនបើរកកំហុសឃើញ ទាក់ទងនឹងការចោទប្រកាន់ថា មានគម្រោងផ្តួលរំលំរដ្ឋាភិបាល ឬ បង្កើតបដិវត្តន៍ពណ៌។
សារព័ត៌មានក្នុងស្រុកដែលស្និទ្ធិនឹងរដ្ឋាភិបាល Fresh News បានចុះផ្សាយជាបន្តបន្ទាប់ ដោយចោទប្រកាន់លោក កឹម សុខា និងកូនស្រីរបស់លោក ថាមានការឃុបឃិតគ្នា ជាមួយចារកម្មបរទេស។
ក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលដែលត្រូវបានផ្សព្វផ្សាយក្រោយការចាប់ខ្លួន លោក កឹម សុខា រដ្ឋាភិបាលបានបញ្ជាក់ថា ការចាប់ខ្លួននេះ គឺធ្វើឡើងដោយស្របនឹងច្បាប់ ហើយជាការប្រព្រឹត្តបទល្មើសជាក់ស្តែង។ រដ្ឋាភិបាលបានបញ្ជាក់ថា វីដេអូដែលត្រូវបានបង្ហោះតាមបណ្តាញCBN (Cambodian Broadcasting Network) ដែលមានទីតាំងនៅអូស្រ្តាលី និងភស្តុតាងដែលប្រមូលបានដទៃទៀត បង្ហាញឲ្យឃើញច្បាស់ពី«ផែនការសម្ងាត់នៃការឃុបឃិតគ្នា រវាងឈ្មោះ កឹម សុខា និងបក្ខពួក ជាមួយបរទេសដែលធ្វើឲ្យប៉ះពាល់ដល់ព្រះរាជាណាចក្រកម្ពុជា»។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «អំពើនៃការឃុបឃិតគ្នាជាសម្ងាត់ខាងលើនេះ គឺជាអំពើក្បត់ជាតិ»។រដ្ឋាភិបាលបានយោងទៅដល់វីដេអូឃ្លីបមួយដែលត្រូវបានបង្ហោះកាលពីជាង៣ឆ្នាំមុន ពេលលោក កឹម សុខា បានថ្លែងទៅអ្នកគាំទ្រនៅក្នុងទីក្រុងMelbourne ប្រទេសអូស្រ្តាលី កាលពីឆ្នាំ២០១៤។
ក្នុងវីដេអូដែលត្រូវបានផ្សព្វផ្សាយដោយអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានការបកប្រែជាភាសាអង់គ្លេសផងនោះ លោក កឹម សុខា ថ្លែងថា យុទ្ធសាស្រ្តរបស់លោក មានការគាំទ្រដោយសហរដ្ឋអាមេរិក។ យុទ្ធសាស្រ្តនោះ លោកថា គឺ«ដើម្បីផ្លាស់ប្តូរមេដឹកនាំផ្តាច់ការ»។
លោក កឹម សុខា បន្តថាអង្គការអាមេរិកបានហៅរូបលោកទៅសហរដ្ឋអាមេរិក ដើម្បីសិក្សា និងបានផ្តល់យោបល់ឲ្យលោកឈប់ធ្វើនយោបាយមួយរយៈ និងបង្កើតអង្គការមួយកាលពីឆ្នាំ២០០២។
លោក កឹម សុខា បានថ្លែងថា៖ «ចុងក្រោយនេះ ក៏គេបានសម្រេចថា ដើម្បីឲ្យប្រទេសកម្ពុជាមានការផ្លាស់ប្តូរនោះ គេត្រូវឲ្យខ្ញុំដកខ្លួនចេញអំពីនយោបាយមួយដំណាក់សិន ។ ខ្ញុំក៏លាឈប់ពីនយោបាយ ពីគណបក្សនយោបាយដែលខ្ញុំធ្លាប់នៅនោះ នៅឆ្នាំ២០០២ ដើម្បីបង្កើតអង្គការមួយ ឈ្មោះហៅថាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា»។
លោកបញ្ជាក់បន្ថែមថា៖ «តើគេឲ្យបង្កើតដើម្បីអី? គេថាបើចង់ប្តូរមេដឹកនាំផ្តាច់ការ យើងមិនអាចទៅជល់ខាងលើទេ។ មុននឹងដូរខាងលើបាន ទាល់តែគាស់អាក្រោមសិន ទាល់ដូរពីក្រោមសិន។ ជាយុទ្ធសាស្រ្តនយោបាយរបស់ប្រជាធិបតេយ្យគេធ្វើ»។
រដ្ឋាភិបាលបានយកការថ្លែងនេះ ជាចំណុចចោទប្រកាន់ដ៏សំខាន់មួយ ទាក់ទងនឹង«អំពើក្បត់ជាតិ»។
ប្រសិនបើរកឃើញកំហុស លោក កឹម សុខា អាចប្រឈមនឹងការជាប់ពន្ធនាគារពីចន្លោះ១៥ទៅ៣០ឆ្នាំ។
គណបក្សសង្រ្គោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការចាប់ខ្លួននេះ។ គណបក្សបញ្ជាក់ថា ការចាប់ខ្លួន លោក កឹម សុខា ដោយតក់ក្រហល់នេះ គឺធ្វើឡើងដោយហេតុផលនយោបាយ និងជាទង្វើរំលោភបំពានច្បាប់ និងរដ្ឋធម្មនុញ្ញ ដោយសារថាការចាប់ខ្លួននេះ ធ្វើឡើងទាំងកណ្តាលយប់អធ្រាត្រ និងខណៈពេលដែលលោក កឹម សុខា គឺជាអ្នកតំណាងរាស្រ្តដែលមានអភ័យឯកសិទ្ធិសភា។
គណបក្សអំពាវនាវឲ្យមានការដោះលែងជាបន្ទាន់ និងគ្មានលក្ខខណ្ឌ និងអំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យជួយអន្តរាគមន៍ និងឲ្យមានការដោះលែង។
អនុប្រធានគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ បានបដិសេធការចោទប្រកាន់របស់រដ្ឋាភិបាលមកលើលោក កឹម សុខា និងគណបក្ស ដោយចាត់ទុកថា នេះជាការរៀបចំមួយ។
លោកស្រីបានថ្លែងប្រាប់VOAថា៖ «ខ្ញុំយល់ឃើញថា ជាសេណារីយ៉ូមួយដែលមានការរៀបចំទាំងអស់។ នៅក្នុងសេណារីយ៉ូនោះ គឺជាសេណារីយ៉ូមួយដែលយើងមិនអាចទទួលយកបាន ហើយជាសេណារីយ៉ូមួយដែលធ្វើឲ្យខាតបង់ទៅដល់ប្រទេសជាតិ ខាតបង់ដល់លទ្ធិប្រជាធិបតេយ្យ»។
លោកស្រី មូរ សុខហួរ បានបង្ហាញក្តីបារម្ភអំពីការរំលាយគណបក្សសង្រ្គោះជាតិ ដែលលោកស្រីថាប្រសិនបើមានការរំលាយមែននោះ ជាការបាត់បង់ប្រជាប្រិយភាពនៃគណបក្សប្រឆាំង ដែលមានសំឡេងអ្នកគាំទ្រទៅដល់ជាង៣លាននាក់។
ការចាប់ខ្លួនលោក កឹម សុខា ធ្វើឡើងបន្ទាប់ពីលោកបានវិលត្រឡប់ពីប្រទេសថៃវិញ ដោយលោកបានជួបជាមួយតំណាងបេសកកម្មកាទូតសំខាន់ៗចំនួន១០ ដែលមានស្ថានទូតនៅទីក្រុងបាងកក។
លោក កឹម សុខា បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា អង្គទូតទាំងនោះបានសម្ដែងនូវសេចក្ដីព្រួយបារម្ភ ហើយបានសន្យាថា នឹងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍នយោបាយតានតឹងនៅកម្ពុជាចុងក្រោយនេះ។
លោក ហុង គឹមសួន នាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានកត់សម្គាល់ថា បើតាមវីដេអូឃ្លីបនោះ លោកមិនបានឃើញការថ្លែងរបស់លោក កឹម សុខា ដែលមានចរិក«ផ្តួលរំលំរដ្ឋាភិបាល»នោះទេ។
លោកបានថ្លែងថា៖ «ខ្ញុំបានមើលឃើញវីដេអូលោក កឹម សុខា គាត់និយាយហ្នឹង គឺនិយាយអំពីគោលនយោបាយនៃការដើរតាម បែបប្រជាធិបតេយ្យក្នុងការផ្លាស់ប្តូរអ្នកដឹកនាំប្រទេស មិនឃើញមានប្រើពាក្យ អំពីរឿងប៉ុនប៉ង ឬក៏សកម្មភាពឈានទៅ រកការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នោះទេ។ អាហ្នឹងសម្តីដែលយើងស្តាប់មើលឃើញហ្នឹងណា»។
លោក មាស នី អ្នកវិភាគនយោបាយ និងការអភិវឌ្ឍសង្គម ប្រាប់VOAថាលោកបានប្រមើលមើលឃើញរួចមកហើយថា អាចនឹងមានការធ្វើព្យុះភ្លៀងចំពោះគណបក្សសង្រ្គោះជាតិ ដែលលោកហៅថានេះជា«អន្ទ្រាក់មួយ»។ លោកថាអាចនឹងមានរឿងរ៉ាវច្រើនទៀត ប្រសិនបើមានការចេញមុខ ជួយលោក កឹម សុខា ក្នុងនោះមានដូចជាការធ្វើបាតុកម្មផងដែរ។
លោកមានប្រសាសន៍ថា៖ «រង់ចាំមើល ថាតើនឹងមានការរំលាយគណបក្សឬយ៉ាងណា ហើយនេះនាំឲ្យមានការព្រួយបារម្ភមួយ»។
ទាក់ទងនឹងការផ្សព្វផ្សាយវីដេអូចាស់ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងប្រាប់VOAថា ការផ្សព្វផ្សាយជាប់ៗគ្នានៃព័ត៌មាន ទៅជាបច្ចុប្បន្ននៃព័ត៌មាន។ លោកបន្តថា និរន្តរភាពនៃការថ្លែងរបស់លោក កឹម សុខា មានចរិកធ្ងន់ធ្ងរ ដែលលោកថា ប៉ះពាល់ដល់សន្តិសុខ ការបែកបាក់ជាតិ និងការផ្សះផ្សាជាតិ។
លោកមានប្រសាសន៍ថា៖ «អញ្ចឹងទេ បទក្បត់ជាតិនេះ វាកាន់តែធ្ងន់ជាងបទឧក្រិដ្ឋទៅទៀត។ អញ្ចឹងមិនថាបទល្មើសហ្នឹង វាហូសហើយ ឬមិនយូរហើយទេ»។
លោក សុខ ឥសាន បញ្ជាក់ថាការចាប់ខ្លួននេះ គឺសមត្ថកិច្ចមានភស្តុតាងគ្រប់គ្រាន់។
លោកមានប្រសាសន៍ថា៖ «ខ្ញុំយល់ថា សមត្ថកិច្ច គេមានលក្ខណៈគ្រប់គ្រាន់ក្នុងការប្រមូលឯកសាររួចហើយ ទាំងសម្តីរបស់លោក កឹម សុខា ផ្ទាល់ ទាំងឯកសារជាលាយលក្ខអក្សរ។ អញ្ចឹងទេ បើសិនជាគ្មានគ្រប់គ្រាន់ទេ គេមិនចាប់គាត់ទេ។ អានេះ គឺថាវាមានលក្ខណៈគ្រប់ជ្រុងជ្រោយអស់ហើយ បានគេដោះស្រាយបញ្ហាហ្នឹង»។
ក្នុងពេលជួបសំណេះសំណាលជាមួយកម្មកររោងចក្រកាត់ដេរនៅថ្ងៃអាទិត្យ លោក ហ៊ុន សែន មានប្រសាសន៍ថា ការថ្លែងរបស់លោក កឹម សុខា គឺធ្ងន់ធ្ងរដែលទាមទារឲ្យមានការចាប់ខ្លួនភ្លាមៗ។ លោកចាត់ទុកករណីនេះ មានអាមេរិកជាបាតដៃទីបីនៅពីក្រោយ។
លោកមានប្រសាសន៍ថា៖ «ដូច្នេះការចាប់ខ្លួននៅពេលនេះ គឺជាការទូទាត់បញ្ជី ពីដើមដល់ចប់។ ហើយបាតដៃពីក្រោយគឺនៅតែដដែលគឺអាមេរិកកាំង។ យើងអត់មានជម្រើសទេ តើយកជម្រើសចាប់ខ្លួនតែម្នាក់ ឬត្រូវជម្រើសបញ្ជូនកងទ័ពចូលបង្រ្កាបនៅស្នាក់ការគណបក្សទាំងអស់»។
លោកបានព្រមានទៅបក្សប្រឆាំងថា៖ «ហើយបើសិនជាគណបក្សហ៊ានចេញការពារ គណបក្សនោះក៏នឹងត្រូវជួបជោគវាសនានៃការរំលាយចោលគណបក្ស»។
លោកបណ្ឌិត អ៊ា សុផល សាស្ត្រាចារ្យនៃសាកលវិទ្យាល័យOccidental College នៃទីក្រុងLos Angeles សហរដ្ឋអាមេរិក បានចោទជាសំណួរពីឥទ្ធិពលរបស់លោក កឹម សុខា ក្នុងការផ្តួលរំលំរដ្ឋាភិបាល។
លោកបានថ្លែងប្រាប់ VOA តាមរយៈអ៊ីម៉េលឬសារអេឡិចត្រូនិកថា៖«ធ្វើដូច្នេះដើម្បី ប្រព្រឹត្តអំពើក្បត់ជាតិ?ពិតជាមិនមែនទេ។ គណបក្សប្រឆាំងដើរតាមរបៀបនៃការរាំដែលរៀបចំឡើងដោយគណបក្សកាន់អំណាច។ នៅពេលណាមួយ វានឹងឈានទៅដល់ការនិយាយថាវាល្មមហើយជាមួយរឿងនេះ។ យើងធុញទ្រាន់ ហើយយើងនឹងយកគ្រាប់បាល់ ហើយទៅផ្ទះ»។
លោកបានបន្តថា៖ «គេនិយាយថាប្រសិនបើអ្នកមិនអាចផ្តួលពួកគេទេ ចូលរួមជាមួយពួកគេ។ នៅកម្ពុជា វាហាក់ដូចជា ប្រសិនបើអ្នកមិនអាចផ្តួលគេទេ ចាប់ពួកគេ ដាក់ពន្ធនាគារពួកគេ និងបណ្តេញពួកគេចេញ»។
អ្នកស្រាវជ្រាវនយោបាយជាជនជាតិអូស្ត្រាលី លោក Lee Morgenbesser ប្រាប់VOAថាកម្ពុជានឹងជួបការបោះឆ្នោតមួយដ៏អាក្រក់បំផុត។
លោកបានមានប្រសាសន៍ថា៖ «ការបោះឆ្នោតឆ្នាំ២០១៨ នឹងអាក្រក់បំផុតនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៨១។ វានឹងមិនមានសេរីភាព ភាពត្រឹមត្រូវ និងការប្រកួតប្រជែង»។
ការចាប់ខ្លួន លោក កឹម សុខា នាំឲ្យមានការទស្សន៍ទាយថា អាចនឹងមានការរំលាយគណបក្សសង្រ្គោះជាតិនាពេលខាងមុខ តាមរយៈច្បាប់គណបក្សនយោបាយថ្មីដែលត្រូវបានធ្វើវិសោធនកម្មពីរដង ដោយតំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា។ ច្បាប់នេះត្រូវបានរិះគន់ដោយសង្គមស៊ីវិលជាតិ និងអន្តរជាតិ។
បើតាមច្បាប់ស្តីពីគណបក្សនយោបាយ គ្រប់គណបក្សមិនត្រូវធ្វើសកម្មភាពណាមួយ ដែលធ្វើការញុះញង់ អាចនាំឲ្យមានការបែកបាក់ជាតិ និងគាំទ្រឬរៀបចំផែនការឬឃុបឃិត ជាមួយរាល់បុគ្គលដែលធ្វើសកម្មភាពក្នុងគោលបំណងប្រឆាំងនឹងផលប្រយោជន៍របស់កម្ពុជា។ ទង្វើទាំងនេះ តុលាការអាចសម្រេចផ្អាកសកម្មភាពគណបក្សនយោបាយមិនលើសពី៥ឆ្នាំ និងអាចរំលាយគណបក្សនោះចោល។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញក្តីបារម្ភអំពីការចាប់ខ្លួនលោក កឹម សុខា និងការគាបសង្កត់ទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសង្គមស៊ីវិលជាដើម។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert បានចោទជាសំណួរអំពីលទ្ធភាពរបស់រដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំការបោះឆ្នោតដែលអាចទុកចិត្ត។
លោកស្រីបានថ្លែងថា៖ «វិធានការទាំងនោះបានធ្វើឲ្យអន់ថយនៃការវិវត្តកម្ពុជាក្នុងទសវត្សរ៍ថ្មីៗនេះ ហើយធ្វើឲ្យមានសំណួរម៉ត់ចត់មួយអំពីលទ្ធភាពរដ្ឋាភិបាល ដើម្បីរៀបចំការបោះឆ្នោតថ្នាក់ជាតិ២០១៨ ដែលអាចទុកចិត្តបាន ដែលអាចបង្កើតជាលទ្ធផលដែលបង្ហាញពីភាពស្របច្បាប់នៃលទ្ធិប្រជាធិបតេយ្យ»៕