ភ្នំពេញ —
គណបក្សសង្គ្រោះជាតិបានប្រកាសជំហរដាច់ខាតរបស់ខ្លួនថា នឹងមិនបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចយូរនោះទេ។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សជំទាស់មានប្រសាសន៍ថា ជំហរនេះត្រូវបានសម្រេចក្នុងរយៈពេលចុងក្រោយនេះ។
«គណបក្សសង្គ្រោះជាតិមិនចូលរួមធ្វើរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនទេ។ នេះជាជំហរមកទល់ថ្ងៃនេះរបស់គណបក្សសង្គ្រោះជាតិ»។
លោកយឹម សុវណ្ណថ្លែងយ៉ាងដូច្នេះក្នុងកម្មវិធីហេឡូវីអូអេ កាលពីរាត្រីថ្ងៃច័ន្ទ។
មន្ត្រីអ្នកនាំពាក្យគណបក្សជំទាស់ដដែលបានផ្តោតលើអំពើពុករលួយ និងនិទណ្ឌភាព ដែលទំនងជាមូលហេតុនៃការប្រកាន់ជំហរនេះ។
«យើងអត់មានវប្បធម៌គ្មានទោសពៃរ៍ក្នុងគណបក្សទេ។ បុគ្គលណាប្រព្រឹត្តអំពើពុករលួយ បុគ្គលនោះត្រូវតែទទួលទោសទោះ ជាបុគ្គលនោះទៅដល់ថ្នាក់នាយករដ្ឋមន្ត្រីក៏ដោយ។ ហើយយើងនឹងធ្វើវិសោធនកម្មច្បាប់ប្រឆាំងអំពើពុករលួយនាពេលបច្ចុប្បន្ននេះ ដែលមិនមានប្រសិទ្ធិភាពក្នុងការអនុវត្តទេ ជាពិសេសពាក់ព័ន្ធនឹងមាត្រាដែលតម្រូវឲ្យប្រកាសទ្រព្យសម្បត្តិជាសាធារណៈ»។
ការបង្ហាញជំហររបស់គណបក្សជំទាស់ធ្វើឡើងស្របពេលដែលគណបក្សនេះបន្តប្រកាសប្រឆាំងនឹងភាពមិនប្រក្រតីក្នុងការបោះឆ្នោតកាលពីចុងខែកក្កដាកន្លងទៅនេះ ហើយបានព្រមានថា នឹងដឹកនាំមហាបាតុកម្មមួយ នៅមុនការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ ប្រសិនបើភាពមិនប្រក្រតីទាំងនោះមិនត្រូវបានដោះស្រាយទេនោះ។ ការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការគ្រោងធ្វើយ៉ាងយូរបំផុតនៅថ្ងៃទី៨ខែកញ្ញា ខាងមុខនេះ។
គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សជាប់ឆ្នោត បានប្រកាសពីជ័យជម្នះរៀងៗខ្លួនគឺគណបក្សប្រជាជនកម្ពុជាប្រកាសថា ខ្លួនឈ្នះបាន៦៨អាសនៈក្នុងរដ្ឋសភាដែលមាន១២៣អាសនៈ និងគណបក្សសង្គ្រោះជាតិប្រកាសថា ខ្លួនឈ្នះបាន៦៣អាសនៈ។ ហើយបើយោងតាមលទ្ធផលបែបនេះ គណបក្សនិមួយៗអាចនឹងបង្កើតរដ្ឋាភិបាលដោយខ្លួនឯងបាន។
លោកជាម យៀប សមាជិកគណៈកម្មការអចិន្ត្រៃគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍នៅថ្ងៃអង្គារនេះថា ទំនងជាមិនមានលទ្ធភាពបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សសង្គ្រោះជាតិនោះទេប៉ុន្តែទំនងជាមានលទ្ធភាពចរចារវាងគណបក្សទាំងពីរទាក់ទងនឹងរចនាសម្ព័ន្ធរបស់រដ្ឋសភា។
«នៅក្នុងរដ្ឋសភាមិនទាន់គិតគូថា យ៉ាងម៉េចៗទេ។ ប៉ុន្តែឲ្យតែខាង(គណបក្សសង្គ្រោះជាតិ)ឲ្យដឹងថាខ្លួនចូលរួម ឬមិនចូលរួម គណបក្សប្រជាជនចាំតែចរចាគ្នាទេ។ ចំណែកឯរាជរដ្ឋាភិបាលគេប្រកាសខ្លួនគេហើយថា គេជាគណបក្សប្រឆាំង អញ្ចឹងបើចូលរួមគ្នាទៅជាគណបក្សរួមគ្នា ហើយមិនអាចទៅប្រឆាំងក្នុងរាជរដ្ឋាភិបាលបានទេ»។
លោកបណ្ឌិតឡៅ ម៉ុងហៃគិតថា ប្រហែលជាអាចមានដំណោះស្រាយនយោបាយមុននឹងរដ្ឋសភាថ្មីអាចនឹងចាប់ផ្តើមដំណើរការបាន។
លោកលើកឡើងថា គណបក្សសង្គ្រោះជាតិអាចដាក់លក្ខខណ្ឌមួយចំនួនមុននឹងខ្លួនសម្រេចចូលរួមបង្កើតរដ្ឋសភាថ្មី។ លក្ខខណ្ឌទាំងនោះគឺសំដៅឲ្យមានការកែទម្រង់ក្នុងរដ្ឋាភិបាល ហើយរដ្ឋសភាត្រូវដើរតួជាអ្នកត្រួតពិនិត្យរដ្ឋាភិបាលដោយប្រសិទ្ធិភាព។
«បើសិនជាយើងចង់កែប្រែ ចង់ដូរ ហើយមិនអាចដូរមនុស្សបាន យើងអាចដូរគោលនយោបាយ សកម្មភាពរបស់រដ្ឋាភិបាលដើម្បីបម្រើផលប្រយោជន៍ប្រជាជាតិទាំងមូលបាន។ ដូចជាធ្វើការកែទម្រង់ ដូចជាអាជ្ញាធរមូលដ្ឋាន ទុកប្រជាពលរដ្ឋជាម្ចាស់ ឯមន្ត្រីរាជការជាអ្នកបម្រើផ្តល់នូវសេវាឲ្យគេ ឲ្យមានការងាយស្រួលដល់ប្រជាពលរដ្ឋ។ នេះក៏ជាការកែទម្រង់ដែរ»។
គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ដែលមិនចុះសម្រុងគ្នាលើលទ្ធផលបោះឆ្នោត បានជួបប្រជុំគ្នាទ្វេភាគីចំនួនពីរលើកមកហើយ តែមិនបានសម្រេចផលអ្វីមួយដើម្បីបង្កើតគណៈកម្មការចម្រុះដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោតនោះទេ។
នៅថ្ងៃពុធស្អែកនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)នឹងបើកកញ្ចប់សុវត្ថិភាព«ក»ដើម្បីផ្ទៀងផ្ទាត់លើភាពមិនប្រក្រតីក្នុងមណ្ឌលបោះឆ្នោតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។ កាលពីថ្ងៃអាទិត្យ ការបើកកញ្ចប់សុវត្ថិភាព«ក»របស់ឃុំស្វាយជ្រះ ខេត្តក្រចេះ បង្ហាញថា ការិយាល័យទាំង១៣ក្នុងឃុំនេះមានភាពមិនប្រក្រតីទាំងអស់។ ប៉ុន្តែមន្ត្រីផ្លូវការនៃគ.ជ.ប.អះអាងថា នេះជាបញ្ហាបច្ចេកទេស និងមិនអាចធ្វើឲ្យប៉ះពាល់ដល់លទ្ធផលបោះឆ្នោតទេ៕