គណបក្ស​ប្រឆាំង​បដិសេធ​សាលក្រម​តុលាការ​ពាក់ព័ន្ធនឹង​ការបោះឆ្នោត​ប្រធានាធិបតី​ក្នុង​ប្រទេស​នីហ្សេរីយ៉ា

មេធាវី​មកពី​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​ឯករាជ្យ​ចូលរួម​នៅសាលាក្តី​ជំនុំជម្រះ​លើរឿង​បោះឆ្នោត​ប្រធានាធិបតីនៅ​រដ្ឋធានី​អាប៊ូហ្សា ប្រទេសនីហ្សេរីយ៉ា ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។

ការ​ប្រឆាំង​ចម្បង​ទៅ​នឹង​ជ័យជម្នះ​របស់​លោក​ Bola Tinubu ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតីកាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា ត្រូវ​បាន​ធ្វើឡើង​ដោយ​គូ​ប្រជែង​របស់​លោក​ គឺ​ លោក Atiku Abubakar នៃ​គណបក្សប្រជាធិបតេយ្យ​ប្រជាជន ឬ​ PDP​ និង​លោក Peter Obi នៃ​គណបក្ស​ការងារ​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ដាច់ដោយ​ឡែក​ពី​គ្នា​កាល​ពី​ថ្ងៃ​ទី៦ ខែ​កញ្ញាកន្លង​ទៅ​ គណបក្ស​ទាំង​ពីរ​បាន​ច្រានចោល​សេចក្តីសម្រេច​របស់​តុលាការ​ដែល​បញ្ជាក់​ថា​ លោក​ Tinubu ​បាន​ទទួល​ជ័យជម្នះ​ក្នុង​ការបោះឆ្នោតនោះ។ គណបក្ស​ការងារលើកឡើង​ថា យុត្តិធម៌​មិន​ត្រូវ​បានផ្តល់​ឱ្យ ហើយថា ​ចៅ​ក្រម​បាន​ប្រើអំណាច​លើ​ច្បាប់​ដើម្បី​បង្អាក់​ឆន្ទៈ​របស់ពលរដ្ឋ​នីហ្សេរីយ៉ា។

គណបក្ស​ PDP បាន​រិះគន់​សេចក្តីសម្រេច​នេះនិង​បាននិយាយ​ថា សាលក្រមរបស់​តុលាការផ្ទុយ​ពី​ក្បួន​ច្បាប់​ជា​រួម​ និង​មិន​បានពិចារណា​លើ​អង្គហេតុ​ និង​ក្រឹត្យក្រម​ច្បាប់​នោះ​ឡើយ។

លោក Atiku និង​លោក Obi បាន​ស្វះស្វែង​ជំរុញ​ឱ្យ​មាន​ការ​ធ្វើ​មោឃភាព​លើ​ការ​ជាប់​ឆ្នោត​របស់​លោក​ Tinubu ដោយ​លើកឡើង​ពី​ការ​ក្លែងបន្លំ និង​ការ​ប្រើអំណាច​ដោយ​ចេតនា​ពីសំណាក់​គណៈកម្មាធិការរៀបចំ​ការ​បោះឆ្នោត ​ដើម្បី​ធ្វើឱ្យ​លទ្ធផល​លម្អៀង​ទៅ​កាន់​គណបក្ស​កាន់​អំណាច។

ប៉ុន្តែ​អង្គចៅក្រម​ដែល​មាន​ប្រាំរូប ​បាន​ច្រានចោល​បណ្តឹង​តវ៉ារបស់គណបក្ស​ប្រឆាំង​ ដោយ​ឈរ​លើ​មូលដ្ឋាន​ថា​ គណបក្ស​ប្រឆាំង​ខ្វះ​ភស្តុតាង​ដើម្បី​គាំទ្រ​អំណះអំណាង​របស់​ខ្លួន​ ដែល​ថា ​ភាព​មិន​ប្រក្រតី​បាន​ធ្វើ​ឱ្យ​លម្អៀងលទ្ធផល​ឆ្នោត និង​ថា​ ការ​ស្វះស្វែង​របស់​គណបក្ស​ប្រឆាំង​គឺជា​រឿងដែល​មិន​អាច​ទៅ​រួច។

បុរស​ម្នាក់​កាន់បដា​នៅ​រដ្ឋធានី​អាប៊ូហ្សា​ ប្រទេស​នីហ្សេរីយ៉ា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅពេលដែល​សាលាក្តី​ជំនុំជម្រះ​លើរឿង​បោះឆ្នោត​ប្រធានាធិបតីរបស់​ប្រទេសនីហ្សេរីយ៉ា​បានជួប​ប្រជុំគ្នា​ដើម្បី​ផ្តល់​ការវិនិច្ឆ័យ​លើ​ការបោះឆ្នោត​ប្រធានាធិបតី​ដែល​មាន​ជម្លោះ។

លោក​ Buchi Oneal ​ជា​ពលរដ្ឋនីហ្សេរីយ៉ា​ម្នាក់​ ដែល​រស់នៅក្នុង​រដ្ឋធានី​អាប៊ូហ្សា​ បាន​បង្ហាញ​ប្រតិកម្ម​ទៅ​នឹង​សាលក្រម​របស់​តុលការ​ដូច​នេះ​ថា៖ ​

«ខ្ញុំ​ពិត​ជាមានការ​ខកចិត្ត​ខ្លាំង​ណាស់​ ហើយ​មើល​តាម​អារម្មណ៍​ទូទៅ​ មនុស្ស​មួយ​ចំនួន​ក៏​ខកចិត្ត​ខ្លាំងណាស់​ដែរ។ អ្នក​អាច​មើល​តាម​ដងផ្លូវ​ តើ​អ្នក​ឃើញ​ភាព​សប្បាយរីករាយដែរ​ឬទេ? នេះ​គឺ​បង្ហាញ​ថា​ ពលរដ្ឋ​មាន​ការ​ខកចិត្ត​ខ្លាំង»។

លោក​ Atiku និង​លោក​ Obi ទទួល​បាន​ចំណាត់ថ្នាក់​ទី​ពីរ​និង​ទីបី​ រៀងៗ​ខ្លួន ក្នុងការ​បោះឆ្នោត​ប្រធានាធិបតីក្នុង​ប្រទេស​នីហ្សេរីយ៉ា​ ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ។

​តុលាការ​ក៏​បាន​ច្រានចោល​ពាក្យ​បណ្តឹង​ ជុំវិញការ​ផាកពិន័យរបស់​លោក​ Tinubu​ ចំនួន​ ៤សែន​៦ម៉ឺន​ដុល្លារ​អាមេរិកដល់​រដ្ឋាភិបាល​អាមេរិក​ ​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ព្រហ្មទណ្ឌ​ផង​ដែរ។

​តុលាការ​លើកឡើង​ថា​ គណៈកម្មាធិការបោះឆ្នោត​មិន​មាន​កាតព្វកិច្ច​ណា​មួយតាម​ផ្លូវ​ច្បាប់​ ក្នុង​ការ​បញ្ជូន​លទ្ធផល​ឆ្នោត​តាម​ប្រព័ន្ធ​អេត្រូនិច​ ដូច​ការ​អះអាង​តាម​ញ្ញត្តិ​តវ៉ារបស់​គណបក្ស​ប្រឆាំង​នោះ​ទេ។

លោក​ Tinubu​និង​គណបក្ស​កាន់​អំណាច​ All Progressives Congress (APC) បាន​ស្វាគមន៍​សេចក្តី​សម្រេច​របស់​តុលាការ​ និង​បាន​កោតសរសើរ​ចៅក្រម​ចំពោះ​ភាព​ម៉្មត់ចត់​របស់​គេ​ និង​បានអំពាវនាវ​ឱ្យ​មាន​ការ​គាំទ្រឱ្យ​បាន​ខ្លាំង​លើ​សេចក្តី​សម្រេចនេះ​។

លោក​ Felix Morka លេខា​ផ្សព្វផ្សាយ​សាធារណៈ​របស់​គណបក្ស​កាន់​អំណាច​ ថ្លែង​ដូច​នេះ​ថា៖​

«​វា​ច្បាស់​ណាស់​ដែល​ពួកគេ​នាំយក​ករណី​មិន​មាន​សង្ឃឹម​មួយ​ទៅ​កាន់​តុលាការ​។ អ្នក​ដែល​បានស្តាប់​សាលក្រម​ដឹង​ថា​ តុលាការ​មាន​ភាព​ប្រយ័ត្នប្រយែងក្នុង​ការ​ពិនិត្យ​ទឡ្ហីករណ៍​នានា​ និង​អង្គហេតុ​ដែល​បានដាក់​ជូន​តុលាការ​។ ប៉ុន្តែ​សា​ជា​ថ្មី​ម្តង​ទៀត​ យើង​ជា​ប្រទេស​ប្រជាធិបតេយ្យ​មួយ ហើយ​សិទ្ធិ​ក្នុង​ការ​តវ៉ាទៅ​នឹង​សេចក្តី​សម្រេចរបស់​តុលាការ​ គឺ​ជាសិទ្ធិ​តាម​រដ្ឋធម្មនុញ្ញ​។ ដូច្នេះ ភាគី​ពាក់ព័ន្ធ​គឺ​មាន​សេរីភាព​ក្នុង​ការ​ប្តឹង​បន្ត​ទៅ​កាន់​តុលាការ​កំពូលរបស់​ប្រទេស​»។

កាល​ពី​ថ្ងៃ​ទី៦ ខែ​កញ្ញា​កន្លង​ទៅ​ ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​បាន​ប្រមូលផ្តុំ​តវ៉ា​នៅ​ជិត​តុលាការ​ឧទ្ធរណ៍​ ដោយព្រមាន​ថាពួកគេ​នឹង​ធ្វើការ​តវ៉ា​តាម​ដងផ្លូវ​ ប្រសិន​បើ​សេចក្តីសម្រេច​មិនយុត្តិធម៌។

លោក​ James Mikel​ ជា អ្នក​តវ៉ា​ម្នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា​ជាច្រើន​បាន​ថ្លែង​ដូច​នេះ​ថា​។
«​យើង​ស្នើ​ឱ្យ​តុលាការ​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ។ ពួក​មិន​គួរ​សម្លាប់​លទ្ធិប្រជាធិបតេយ្យតូច​មួយ ដែល​យើង​មាន​នៅ​ក្នុង​ប្រទេស​នេះ​នោះ​ទេ។ បើ​មិន​ដូច្នេះ​ទេ​ វា​នឹង​មាន​ភាព​អនាធិបតេយ្យ។ ខ្ញុំ​ត្រៀម​ខ្លួន​សម្រាប់​ភាព​អនាធិបតេយ្យ ​ហើយ​ខ្ញុំ​មិន​ខ្លាច​ស្លាប់​នោះ​ទេ»។

គ្មាន​ការ​ប្រឆាំងតវ៉ា​លទ្ធផលបោះឆ្នោត​ប្រធានាធិបតី​ណាមួយ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ បាន​ទទួលជោគជ័យឡើយ ចាប់តាំង​ពី​ឆ្នាំ១៩៩៩​មក។

គណបក្សប្រឆាំង​និយាយ​ថា ពួកគេ​នឹង​ប្តឹង​សារទុក្ខ​នៃសាលក្រមនេះ​ ទៅ​កាន់​តុលាការ​កំពូល​ ហើយ​មនុស្សជា​ច្រើនកំពុងរង់ចាំ​មើល​ថា តើក្រុម​បក្ស​ប្រឆាំង​នឹងទទួល​បាន​ជោគជ័យ​ដែរ​ឬ​ទេ៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា