ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកជំនាញ៖ លទ្ធិប្រជាធិបតេយ្យ​កំពុង​បរាជ័យ​នៅ​អាហ្វ្រិក​ ដោយសារ​អភិបាលកិច្ច​អន់ខ្សោយ


រូបឯកសារ៖ ក្នុងរូបដែលថតចេញពីវីដេអូដែល AFPTV ទទួលបានពី​បណ្តាញ​ទូរទស្សន៍ Gabon 24 នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បង្ហាញពី​លោកវរសេនីយ៍ឯក Ulrich Manfoumbi Manfoumbi (កណ្តាល) អ្នកនាំពាក្យ​គណៈកម្មាធិការ​អន្តរកាល និងការស្ដារឡើងវិញ​នូវ​ស្ថាប័ន​ធ្វើ​សេចក្តីថ្លែងការណ៍​មួយ​លើកញ្ចក់​ទូរទស្សន៍។
រូបឯកសារ៖ ក្នុងរូបដែលថតចេញពីវីដេអូដែល AFPTV ទទួលបានពី​បណ្តាញ​ទូរទស្សន៍ Gabon 24 នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បង្ហាញពី​លោកវរសេនីយ៍ឯក Ulrich Manfoumbi Manfoumbi (កណ្តាល) អ្នកនាំពាក្យ​គណៈកម្មាធិការ​អន្តរកាល និងការស្ដារឡើងវិញ​នូវ​ស្ថាប័ន​ធ្វើ​សេចក្តីថ្លែងការណ៍​មួយ​លើកញ្ចក់​ទូរទស្សន៍។

អ្នក​នាំពាក្យ​ប្រធានាធិបតី​នីហ្សេរីយ៉ា​លោក Ajuri Ngelale និយាយ​ថា ប្រធានាធិបតី​លោក Bola Tinubu កំពុង​តាមដាន​ស្ថានកាណ៍​វិវត្ត​នៅ​ហ្គាបុង​យ៉ាង​ដិតដល់ និង​ដោយ​មាន​ការព្រួយបារម្ភ​យ៉ាង​ខ្លាំង។

លោក Ngelale បន្ត​ថា លោក​ Tinubu ក៏​បារម្ភ​ពី​អ្វី​ដែល​មើល​ទៅ​ដូច​ជា «ការ​រីក​សាយភាយ​នូវ​របប​ផ្តាច់ការ» នៅ​ទ្វីប​អាហ្វ្រិក ហើយ​លោក​កំពុង​ធ្វើការ​ជាមួយ​នឹង​មេដឹកនាំ​បណ្តា​ប្រទេស​នៅ​អាហ្វ្រិក​ដទៃ​ទៀត​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ​ក្រុម​មេ​បញ្ជាការ​យោធា​ជាន់ខ្ពស់បាន​បណ្តេញ​មេដឹកនាំ​ហ្គាបុង​លោក Ali Bongo Ondimba ចេញ​ពី​អំណាច​ភ្លាមៗ បន្ទាប់​ពី​លោក​ត្រូវ​បាន​ប្រកាស​ថា​ជាអ្នក​ទទួល​បាន​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ដ៏​ចម្រូងចម្រាសមួយ​កាល​ពី​ពេល​កន្លង​ទៅ។ ឥឡូវ​នេះ លោក​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​នៅ​ផ្ទះ។ នៅ​ក្នុង​វីដេអូ​មួយ​បង្ហោះ​តាម​បណ្តាញ​សង្គម​ លោក​ Bongo បាន​ស្នើ​ឱ្យ​សម្ព័ន្ធមិត្ត​របស់​លោក​ «បញ្ចេញ​សំឡេង» អំពី​ការ​ទម្លាក់​រូប​លោក​ចេញ​ពី​តំណែង។

របប​សឹក​បាន​ធ្វើ​មោឃភាពការ​បោះឆ្នោត រំសាយ​ស្ថាប័ន​រដ្ឋ និង​បិទ​ព្រំដែនប្រទេស។ លោក Ngelale បាន​ថ្លែង​ដូច្នេះ​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​រដ្ឋធានី​អាប៊ូហ្សា។

«អំណាច​ស្ថិត​នៅ​ក្នុង​ដៃ​ពលរដ្ឋ​អាហ្វ្រិក​ ​មិនមែន​នៅ​ក្នុងកាណុង​កាំភ្លើងដែល​បញ្ចូល​គ្រាប់​ហើយ​នោះ​ទេ។ លោក​ប្រធានាធិបតី​បញ្ជាក់​ថា នីតិរដ្ឋ និង​ការ​វិលត្រឡប់​ដោយ​ភាព​ស្មោះស្ម័គ្រ​ទៅ​កាន់​ដំណោះស្រាយ​តាម​រដ្ឋធម្មនុញ្ញ និង​ដំណោះស្រាយ​វិវាទ​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត មិន​ត្រូវ​អនុញ្ញាត​ឱ្យ​បាត់បង់​ពី​ទ្វីប​ដ៏​អស្ចារ្យ​របស់​យើង​ទេ»។

រដ្ឋប្រហារ​នៅប្រទេស​ហ្គាបុង​គឺ​ជា​រដ្ឋប្រហារ​ទី​ប្រាំ​បី​នៅ​ទ្វីប​អាហ្រិ្វក​ចាប់តាំង​ពី​ខែ​សីហា ឆ្នាំ​២០២០​មក ហើយបាន​កើត​ឡើង​មួយ​ខែ បន្ទាប់​ពី​រដ្ឋប្រហារ​ដោយ​យោធា​នៅ​នីហ្សេ ដែល​ប្លុក​ ECOWAS ដឹកនាំ​ដោយ​លោក Tinubu កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​ដោះស្រាយ។

រដ្ឋប្រហារ​ចុងក្រោយ​បង្អស់ ដែល​សហភាព​អាហ្រ្វិក​ក៏​បាន​ថ្កោលទោស​ផង​ដែរ​នោះ បាន​បង្ក​ឱ្យ​មាន​ការ​ព្រួយបារម្ភ​អំពី​ការ​សាប​រលាបនីតិរដ្ឋ​នៅ​អាហ្វ្រិក។​

លោក Rotimi Olawale អ្នកវិភាគ​កិច្ចការ​នយោបាយ​មាន​មូលដ្ឋាន​នៅ​ក្រុង​អាប៊ូហ្សា បាន​និយាយ​ថា រដ្ឋប្រហារ​កើតមាន​កាន់​តែ​ច្រើន​ ដោយសារ​មេដឹកនាំ​អាហ្រ្វិក​ខកខាន​ក្នុង​ការ​បង្ហាញ​ភាពជា​អ្នក​ដឹក​នាំ​តាម​លទ្ធិប្រជាធិបតេយ្យ​ប្រកប​ដោយ​គុណភាព។

«ខណៈ​ប្លុក​ ECOWAS និង​សហភាព​អាហ្រ្វិក​បង្ហាញ​ប្រតិកម្ម​ចំពោះរដ្ឋប្រហារ​នៅទ្វីប​អាហ្រ្វិក អ្វី​ដែល​អង្គភាព​ទាំង​ពីរ​នេះ​ត្រូវ​ការ​សម្រេច ​ក្រៅ​ពី​ការ​ឆ្លើយតប​ទៅ​នឹង​រដ្ឋប្រហារ​គឺ​ ពិនិត្យ​និង​សិក្សា​ពី​សុក្រិត្យភាព​ផ្នែក​លទ្ធិ​ប្រជាធិបតេយ្យ​របស់​សមាជិក​របស់​ខ្លួន។ ប្រសិន​បើ​លទ្ធិប្រជាធិបតេយ្យ​មិន​ដំណើរការ​សម្រាប់​ពលរដ្ឋ​នោះ​ទេ ពួកគេត្រូវ​ស្វះស្វែង​រក​មធ្យោបាយ​អភិបាល​កិច្ចដទៃ​ទៀត​ ដែល​ពួកគេ​អាច​សម្រេច​បាន។ ប៉ុន្តែ​មធ្យោបាយ​មួយ​ចំនួន​មិនអំណោយផល​នោះ​ទេ»។

​លោក Emmanuel Njoku នាយក​ផ្នែក​លទ្ធិប្រជាធិបតេយ្យ​និង​អភិបាល​កិច្ច​នៃ​អង្គការ Connected Development ដែល​ជា​អង្គការ​សង្គម​ស៊ីវិល​មិន​ស្វែង​រក​ប្រាក់​ចំណេញ​មួយ​មាន​មូលដ្ឋាន​នៅ​ក្រុង​អាប៊ូហ្សា និយាយ​ថា អាច​នឹង​មាន​រដ្ឋប្រហារ​បន្ថែម​ទៀត​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ។

លោក​ថ្លែង​ថា៖ «លទ្ធិប្រជាធិបតេយ្យ​នៅ​លើ​សាកលលោក​កំពុង​រង​ការ​គំរាមកំហែង។ ប៉ុន្តែ​សម្រាប់​អាហ្វ្រិក​ ជា​ពិសេស​ចំពោះ​ទម្រង់​លទ្ធិប្រជាធិបតេយ្យ​ដែល​យើង​បាន​ឃើញ ក៏ដូចជា ករណី​នានា​ដែល​យើង​ឃើញ​អ្នក​នយោបាយ​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យនិយម ប៉ុន្តែចូលកាន់​អំណាច​បែប​ផ្តាច់ការ ខ្ញុំ​មិន​មាន​ការ​ភ្ញាក់ផ្អើល​នោះ​ទេ ដែល​រឿង​ទាំង​នេះ​កំពុង​តែ​កើត​ឡើង។ ខ្ញុំ​គិត​ថា វា​មិន​ទាន់​ចប់​ទេ។ យើង​គួរ​រំពឹង​ថា នឹង​មាន​រដ្ឋប្រហារ​បន្ថែម​ទៀត»។

កាល​ពី​ឆ្នាំ ២០០៩ លោក Ali Bongo បាន​ចូល​កាន់​តំណែង​បន្ត​ពី​ឪពុក​របស់​លោក ដែល​បាន​ដឹកនាំ​ប្រទេស​អស់​រយៈពេល​៤២​ឆ្នាំ មុន​ទទួល​មរណភាព។

​លោក Bongo ក៏​បាន​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ដើម្បី​អនុញ្ញាត​ឱ្យរូប​លោក​ចូល​កាន់​តំណែង​សម្រាប់​អាណត្តិ​ទី​បី​ផងដែរ។

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា មនុស្ស​រាប់​រយ​នាក់​បាន​ដើរ​ហែរ​ក្បួន​នៅ​រដ្ឋធានី​លីប្រីវីល​នៃ​ប្រទេស​ហ្គាបុង ដោយ​អបអរសាទរ​ការ​ធ្វើ​រដ្ឋប្រហារ និង​ថា​ពួកគេ​ត្រូវ​បាន​រំដោះ​ចេញ​ពី​ការ​ដឹកនាំ​ត​វង្ស​ត្រកូល​ Bongo។

​លោក Emmanuel Njoku នាយក​ផ្នែក​លទ្ធិប្រជាធិបតេយ្យ​និង​អភិបាល​កិច្ច​នៃ​អង្គការ Connected Development បាន​ធ្វើ​ការ​ឆ្លើយតប​យ៉ាង​ដូច្នេះ​ថា៖

«​នេះ​ជា​ប្រទេស​ផលិត​ប្រេង ប៉ុន្តែ​ពលរដ្ឋ​មាន​ភាព​ក្រីក្រ​ខ្លាំង។ ​បើ​អ្នក​មើល​តាម​ស្ថានភាព​ពិត នេះ​ពិត​ជា​ការ​រំដោះ​ពលរដ្ឋ​ហ្គាបុង បន្ទាប់​ពី​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​ត្រកូល​តែ​មួយ​អស់​ពេល​ជា​យូរ​មក​នេះ។ ហើយ​យើង​ដឹង​ថា ប្រធានាធិបតី​រូប​នេះត្រៀម​រៀប​ចំ​ឱ្យ​កូន​ប្រុស​បន្ត​តំណែង​ពី​រូប​លោក នៅ​ពេល​លោក​ចូល​វ័យ​ជរា»។

ខណៈ​មាន​ការ​ថ្កោល​ទោស​ជា​សាកល របប​សឹក​យោធា​នៅ​ហ្គាបុង​បាន​ចាត់​តាំង​នាយ​ឧត្តមសេនីយ៍​លោក Brice Nguema ជា​មេដឹកនាំ​អន្តរកាល​នៃ​ប្រទេស​នេះ៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

វីដេអូថ្មីៗបំផុត

ពាក្យក្នុងសារព័ត៌មាន៖ Ignite
សូម​រង់ចាំ

No media source currently available

0:00 0:01:32 0:00
XS
SM
MD
LG