សមាជិក​ព្រឹទ្ធសភា​អាមេរិក​៣​រូប​គាំទ្រ​សេចក្តី​ស្នើ​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា ខណៈ​បក្ស​ប្រឆាំង​មាន​​សង្ឃឹម​​​នឹង​មាន​គំនាប​លើ​រដ្ឋាភិបាល

សមាជិកព្រឹទ្ធសភាអាមេរិកលោក Dick Durbin និងលោក Edward J. Markey ខាងគណបក្សប្រជាធិបតេយ្យ និងលោក Marco Rubio ខាងគណបក្សសាធារណរដ្ឋ បានគាំទ្រសេចក្តីព្រាងច្បាប់ស្តីពី«លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» ដែលនឹងអនុញ្ញាតឲ្យមានការបង្កកទ្រព្យសម្បត្តិ និងការមិនផ្តល់ទិដ្ឋាការ។

ថ្នាក់​ដឹក​នាំ​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​និរទេ​ស​ខ្លួន​នៅ​ក្រៅ​ប្រទេស​បាន​អះអាង​ថា​សេចក្តី​ស្នើ​ច្បាប់​ស្តីពី«លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា» នឹង​មិន​ជាប់​គាំង​នៅ​ព្រឹទ្ធសភា​អាមេរិក​នោះ​ទេ ហើយ​សហរដ្ឋ​អាមេរិក​នឹង​ចាត់​វិធាន​ការ​ខ្លាំង​ក្លា​នៅ​ពេល​នេះ។

ការ​លើក​ឡើង​បែប​នេះ ខណៈ​សមាជិក​សភា​និង​ព្រឹទ្ធ​សភា​អាមេរិក​មួយ​ចំនួន​បាន​បង្ហាញ​ការ​គាំទ្រ​លើ​សេចក្តី​ស្នើ​ច្បាប់​នេះ ដែល​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​បង្កក​ទ្រព្យ​សម្បត្តិ​ដល់​មន្ត្រី​កម្ពុជា​ដែល​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​សិទ្ធិមនុស្ស​និង​ការ​មិន​ផ្តល់​ទិដ្ឋាការ​ឬ​វីហ្សា​ចូល​ទឹក​ដី​សហរដ្ឋ​អាមេរិក ប្រសិន​បើ​សេចក្តី​ស្នើ​ច្បាប់​នេះ​ក្លាយ​ជា​ច្បាប់។

សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​«លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា» (Cambodia Democracy Act) ដែល​សំដៅ​លើ​ការ​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ត្រូវ​បាន​អនុម័ត​ជា​ឯកច្ឆន្ទ ដោយ​គណៈ​កម្មាធិការ​កិច្ចការ​បរទេស​នៃ​សភា​អាមេរិក កាល​ពី​ចុង​ខែ​កក្កដា។ ចំណែក​កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ​សមាជិក​ព្រឹទ្ធសភា​៣​រូប រួម​មាន លោក Edward J. Markey លោក Marco Rubio និង​លោក​ Dick Durbin បាន​បង្ហាញ​ការ​គាំទ្រ​លើ​សេចក្តី​ស្នើ​ច្បាប់​នេះ និង​ថា​នឹង​ណែនាំ​ទៅ​ព្រឹទ្ធសភា​អាមេរិក។

អ្នកស្រី​មូរ សុខហួរ ​អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ បាន​ថ្លែង​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថាជំហរ​របស់​អាមេរិក​មិន​ផ្លាស់​ប្តូរ​នោះ​ទេ គឺ​ចង់​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ រស់​ឡើង​វិញ។ អ្នកស្រី​បញ្ជាក់​ថា​ចំណាត់​ការ​របស់​សមាជិក​សភា និង​ព្រឹទ្ធសភា​អាមេរិក មាន​«ល្បឿន​លឿន» ហើយ​អ្នកស្រី​សង្ឃឹម​ថា​នឹង​ឈាន​ដល់​ការ​ចុះ​ហត្ថលេខា​របស់​ប្រធានាធិបតី​អាមេរិក​លើ​សេចក្តី​ស្នើ​ច្បាប់​នេះ។

រូបឯកសារ៖ អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយចោល ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយនឹងទីភ្នាក់ងារព័ត៌មាន AP ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

អ្នកស្រី ​មូរ សុខហួរ ​បន្ថែម​ថា​ការ​ស្នើ​ច្បាប់​លើក​នេះ មើល​ទៅ ​«មិន​គាំង»​ នៅ​ព្រឹទ្ធសភា​នោះ​ទេ។ អ្នកស្រី​បញ្ជាក់​ថា៖ «បើ​សិន​ជា​គេ​មាន​ការ​ផ្លាស់​ប្តូរ គឺ​ទីមួយ ក៏​គេ​មិន​ដាក់​សំណុំ​រឿង​ហ្នឹង​ពង្រាង​ច្បាប់​ហ្នឹង​សារ​ឡើង​វិញ​ដែរ។ ហើយ​ក៏​មិន​មាន​ល្បឿន​ខ្លាំង​ដល់​ប៉ុណ្ណឹង​ដែរ»។

អ្នកស្រី​បន្ថែម​ថា​ដោយ​សារ​ការ​បន្ត​ធ្លាក់​ចុះ​លទ្ធិប្រជាធិប​តេយ្យ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា ចំណាត់​ការ​បន្ត​បន្ទាប់​របស់​អាមេរិក ក៏​នឹង​អាច​ប៉ះ​ពាល់​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ដោយ​មិន​បង់​ពន្ធ ហៅ​ថា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ GSP (Generalized System of Preferences)។

នៅ​លើ​គេហ​ទំព័រ​របស់​សមាជិក​ព្រឹទ្ធសភា​ Edward J. Markey លោក​បាន​សរសេរ​បង្ហាញ​ការ​គាំទ្រ​លើ​សេចក្តី​ស្នើ​ច្បាប់​នេះ។

លោក​បញ្ជាក់​ថា៖ «ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ប្រទេស​បាន​រក្សា​ការ​គ្រប់គ្រង​រដ្ឋាភិបាល​ឯកបក្ស រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ​កម្ពុជា តាម​រយៈ​អំពើ​ពុក​រលួយ ការ​ហាម​ឃាត់​គណបក្ស​ប្រឆាំង ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​នយោបាយ​ការ​បង្កើត​ច្បាប់​ដែល​មាន​លក្ខណៈ​គាប​សង្កត់ និង​ការ​បង្រ្កាប​លើ​ការ​បញ្ចេញ​មតិ​ដោយ​សេរី និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សេរី»។

លោក​ Edward ដែល​ជា​ប្រធាន​អនុគណៈ​កម្មាធិការ​កិច្ចការ​បរទេស​ប្រចាំ​តំបន់​អាស៊ី​ខាង​កើត​បាន​បញ្ជាក់​ថា​ប្រជាជន​កម្ពុជា​គួរ​ទទួល​បាន​នូវ​«ការ​សន្យា​សម្រាប់​ពួកគេ​ក្នុង​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១» ដែល​ធានា​ប្រជាធិបតេយ្យ​មួយ​ដែល​តំណាង​ដោយ​ពលរដ្ឋ។

រូប​ឯកសារ៖ កងសន្ដិសុខ​រឹបអូស​ឧបករណ៍​បំពង​សំឡេង​ពី​បាតុករ​ម្នាក់ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​ប្រារព្ធ​ខួប​ទី​២៩ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក រាជធានី​ភ្នំពេញ ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

លោក​បញ្ជាក់​ថា​សេចក្តី​ស្នើ​ច្បាប់​នេះ គឺ​ច្បាស់​ណាស់​ថា​សហរដ្ឋ​អាមេរិក​«នឹង​មិន​ឈរ​ទៅ​ខាង​លោក ហ៊ុន សែន និង​បក្ស​ពួក​របស់​លោក»​ឡើយ។

សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ហត្ថលេខី​មួយ​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ ក្នុង​ចំណោម​១៨​ប្រទេស​ហត្ថលេខី។ កិច្ច​ព្រម​ព្រៀង​នេះបាន​ភ្ជាប់​ការ​សន្យា​របស់​កម្ពុជា​ថា​នឹង​ធានា​ការ​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស។

កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា​ លោក ​សម រង្ស៊ី​មេដឹកនាំ​បក្ស​ប្រឆាំង​បាន​សរសេរ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​ថា​សហរដ្ឋ​អាមេរិក​«ឈាន​ទៅ​ដាក់​ទណ្ឌកម្ម​កាន់​តែ​ខ្លាំង​មក​លើ​បក្ខ​ពួក ​លោក​ហ៊ុន សែន» តាម​រយៈ​ការ​ផ្តួច​ផ្តើម​របស់​សភា​សហរដ្ឋ​អាមេរិក​ពី​តំណាងរាស្ត្រ​លោក Steve Chabot ​មក​ពី​គណបក្ស​សាធារណរដ្ឋ និង​លោក Alan Lowenthal មក​ពី​គណ​បក្ស​ប្រជាធិប​តេយ្យ។

លោក​ សម រង្ស៊ី ​បញ្ជាក់​ថា៖ «ដំណឹង​នេះ ធ្វើ​ឲ្យ​មាន​ការ​ជ្រួល​ច្របល់​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​ពី​ព្រោះ​មាន​មន្ត្រី​គណបក្ស​នេះ​ជា​ច្រើន​ដែល​មាន​ក្រុម​គ្រួសារ​រស់​នៅ​សហរដ្ឋ​អាមេរិក​ហើយ​បាន​យក​ទ្រព្យ​សម្បត្តិ​ជាច្រើន​របស់​ខ្លួន​ទៅ​លាក់​នៅ​សហរដ្ឋ​អាមេរិក។ ទណ្ឌកម្ម​ថ្មី​របស់​សហរដ្ឋ​អាមេរិក​មក​លើ​បក្ខ​ពួក ហ៊ុន សែន នឹង​រាល​ដាល​ទៅ​ដល់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ផល​ប្រយោជន៍​ជា​ច្រើន​នៅ​សហរដ្ឋ​អាមេរិក»។

កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា លោកនា​យករដ្ឋមន្រ្តី​ហ៊ុន សែន បាន​ថ្លែង​ថា​លោក​មិន​ចង់​អត្ថាធិប្បាយ​ចំពោះ​ការ​តាក់​តែង​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​«ប្រជាធិបតេយ្យ​កម្ពុជា»​របស់​តំណាងរាស្រ្ត​អាមេរិក​នោះ​ទេ នៅ​ពេល​លោក​ត្រូវ​បាន​សួរ​ដោយ​អ្នក​សារព័ត៌​មាន​ក្នុង​ស្រុក Freshnews ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល។

លោក​ថ្លែង​ថា៖ «ព្រោះ​អាហ្នឹង​អាមេរិក​អ្នក​ធ្វើ អាមេរិក​ឆ្លើយ​ខ្លួន​ឯង ទៅ​សួរ​ទៅ។ ប៉ុន្តែ​កុំ​ចាត់​ទុក​ថា​ជា​រដ្ឋាភិបាល​អាមេរិក។ គឺជា​តំណាង​រាស្រ្ត​ប៉ុន្មាន​នាក់។ ហើយ​សូម​ទៅ​សួរ​ទៅ ខ្ញុំ​មិន​មាន​សិទ្ធិ​ឆ្លើយ​ជំនួសពួកអាមេរិក​ទេ។ គេ​ចង់​ធ្វើ​ក្បាល​អី គេ​ធ្វើ​ស្រេច​តែ​គេ ប៉ុន្តែ​សម្រាប់​កម្ពុជា គឺ​កម្ពុជា។ រឿង​អី​ដែល​ជា​របស់​កម្ពុជា ខ្ញុំ​ឆ្លើយ​បាន។ តែ​រឿង​របស់​គេ ខ្ញុំ​ឆ្លើយ​អត់​បាន​ទេ ទៅ​សួរ​គេ​ចុះ»។

លោក​ សុខ ឥសាន ​អ្នកនាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​ព្រឹទ្ធសភា​មួយ​រូប បាន​ថ្លែង​ថា​ការ​ធ្វើ​សេចក្តី​ស្នើ​ច្បាប់​នេះ ជា​សិទ្ធិ​របស់​តំណាង​រាស្រ្ត​អាមេរិក​ដែល​លោក​ថា​អ្នក​ធ្វើ«ប៉ុន​ប៉ង​យូរ​ហើយ តែ​មិន​ទាន់​បាន​សម្រេច»។ លោក​ចាត់​ទុក​ថា​ការ​ធ្វើ​សេចក្តី​ស្នើ​ច្បាប់​នេះ មាន​«ចរិត​នយោបាយ»គាំទ្រ​បក្ស​ប្រឆាំង និង​មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត​នៅ​កម្ពុជា​ឡើយ។

លោក​ថ្លែង​ថា៖ «យើង​នៅ​តែ​មាន​ទំនាក់​ទំនង​ដដែល។ ត្រង់​ថា​ភាគី​ដៃ​គូ គាត់​មាន​គោល​បំណង​យ៉ាងណា គាត់​មាន​នយោ​បាយ​យ៉ាងណា អាហ្នឹង​ជា​រឿង​របស់​គាត់។ ក៏​ប៉ុន្តែ​កម្ពុជា​អត់​មាន​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​មិត្តភាព​ទេ ពីព្រោះ​កម្ពុជា​មិន​មែន​អ្នក​ធ្វើ​អ្នក​បង្ក​ហេតុ​ទេ។ អ្នក​ផ្សេង​ជា​អ្នក​បង្ក​ហេតុ»។

លោក ​Chad Roedemeier អ្នកនាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ធ្លាប់​បាន​ប្រាប់វីអូអេកាល​ពី​កន្លង​ទៅ​ថា៖ «សហរដ្ឋ​អាមេរិក​នៅ​តែ​ព្រួយ​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​សិទ្ធិ​មនុស្ស និង​ការ​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​ស្ថាប័ន​គាំទ្រ​លទ្ធិប្រជាធិប​តេយ្យ​នានា​នៅ​កម្ពុជា»។

គួរ​បញ្ជាក់​ថា​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​«លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»​នេះ ត្រូវ​ឆ្លង​ការ​បោះ​ឆ្នោត​គាំទ្រ​ពី​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ​មុន​ត្រូវ​បញ្ជូន​បន្ត​ទៅ​ព្រឹទ្ធសភា ដើម្បី​ពិភាក្សា​និង​អនុម័ត។ ហើយ​ចុង​ក្រោយ​ដាក់​ទៅ​ការិយាល័យ​របស់​ប្រធានាធិបតី​អាមេរិក ដើម្បី​ចុះ​ហត្ថលេខា​ប្រកាស​ឲ្យ​ប្រើ​ប្រាស់៕