តុលាការ​សម្រច​ដាក់​ពន្ធនាគារ​មន្ត្រី ​និង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ

លោក មាជ សុវណ្ណារ៉ា (កណ្តាល) ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ អម​ដោយ​ប៉ូលិស​នៅ​ឯតុលាការ​ក្រុង​ភ្នំពេញនៅ​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥។

តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់​ទោស​មន្ត្រី​និងសកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន​១១នាក់​នៅ​ថ្ងៃ​អង្គារ​នេះ ឱ្យ​ជាប់​ពន្ធនាគារ​ពី​៧​ដល់​២០​ឆ្នាំ​ទាក់​ទង​នឹង​សំណុំរឿង​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដែល​បាន​ប្រព្រឹត្ត​ឡើង​កាលពី​ឆ្នាំ​២០១៤។

លោក មា​ជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​គណបក្សឆាំង ​លោក ឃិន​ជំរឿន​ និង​លោក​អឿ ណារិ​ទ្ធ ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​២០​ឆ្នាំ​ រីឯ​អ្នក​ដទៃ​ទៀតត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នាគារ​ចំនួន​៧ឆ្នាំ​ក្នុង​ម្នាក់ៗ។

លោក​មាជ សុវណ្ណារ៉ា ​បានចាត់​ទុក​ថា​នេះ​ជា«រឿង​នយោបាយ‍»ហើយ​វា​គួរ​តែ បញ្ចប់​នៅ​ពេល​ដែល​មាន​ដំណោះស្រាយ​នយោបាយមុន​ពេល​ដែល​គណបក្ស​ប្រឆាំង​ព្រម​ចូល​ប្រជុំ​សភា​កាលពីឆ្នាំ២០១៤។​

លោក​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មានថា៖

«រឿងនេះ​ជារឿង​នយោបាយ។ នយោបាយ​ដោះចប់​ហើយ​គួរ​បញ្ចប់ទៅ‍»។

គណបក្ស​សង្គ្រោះជាតិ​បានដឹកនាំ​ធ្វើ​បាតុកម្ម​មួយ​កាលពីថ្ងៃទី​១៥​ខែ​កក្កដា​ឆ្នាំ​២០១៤​ដើម្បី​ទាម​ទារ​ឱ្យ​បើក​ទីលាន​ប្រជាធិបតេយ្យ​ហើយ​ក៏​ឈាន​ដល់​មាន​អំពើ​ហិង្សា​រវាង​បាតុករ​និង​កងសន្តិសុខ​។ មាន​មនុស្ស​ជាច្រើន​បាន​រងរបួស​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​នោះ។

ប៉ូលិស​បាន​ដាក់​ខ្នោះ​ហើយ​បណ្តើ​រ​អ្នក​ទាំងនោះ​ទៅដាក់​ពន្ធ​នាគារ​ភ្លាមៗ​ក្រោយ​ពី​ការ​សម្រេច​របស់​ចៅ​ក្រម។

អង្គកា​រ​សិទ្ធិ​មនុស្ស​បាន​រិះគន់​ដល់​ការ​សម្រេច​ដាក់​ទោស​ទណ្ឌ​យ៉ាង​ឆាប់​រហ័ស​ដោយ​គ្មាន​វត្តមានមេធាវីជន​ជាប់​ចោទ​។​

លោកស្រី​ Naly Pilorge ​នាយក​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​បញ្ជាក់​ថា៖

«ការកាត់​ទោស​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា​វា​គឺ​ជា​ការ​កាត់ទោស​ដែល​មាន​ការ​កំណត់​ពេល​បញ្ចប់​ជាមុន ដែល​រៀបចំ ឡើង​ដើម្បី​បំភិតបំភ័យ​គណបក្ស​សង្គ្រោះជាតិ​‍»។​

​ចំណែក​លោក​អំ សំអាត​ប្រធាន​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការសិទ្ធិ​មនុស្ស​លីកាដូ​ក៏​បាន​ភ្ជាប់​ហេតុការណ៍​នេះ​ទៅ​នឹង​ការធ្វើ​ពហិការ​របស់​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ចំនួន​៥៥​នាក់​ដែល​មិន​ចូល​រួម​អនុម័ត​សេចក្តី ព្រាងច្បាប់​អង្គការ​ក្នុង​ពេល​ថ្មីៗ នេះ។​

តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​លើ​សំណុំ​រឿងក្តី​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ចាប់តាំងពី​ថ្ងៃទី​២០ ​ខែកក្កដា​ ឆ្នាំ​២០១៥។​ រហូតដល់​រសៀល​ថ្ងៃទី២១​កក្កដា​នេះ ចៅក្រម​បាន​ប្រកាស​សាល​ក្រម ​ផ្តន្ទាទោស​ និង​បង្គាប់​ឲ្យ​ចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ១១ រូបនោះ​ ដាក់​ពន្ធនាគារ៕