ការ​ចាកចេញ​របស់​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​បង្ហាញ​ពី​ការ​ស្លាប់​សន្សឹមៗ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ

រូបឯកសារ៖ លោក សុន ឆ័យ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី ស្ថានការណ៍​នយោបាយបច្ចុប្បន្ន​​នៅ​កម្ពុជា នៅ​ទី​ស្នាក់ការគណបក្ស​សង្រ្គោះ​ជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃទី​១២​ ខែ កញ្ញា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)

អ្នកស្រី មូរ សុខហួរ អនុប្រធាន​បក្ស​ប្រឆាំង​បាន​ចេញ​ពី​កម្ពុជា ​បន្ទាប់​ពី​លោក​ ហ៊ុន សែន​ ​ប្រកាស​ថា ​នឹង​ចាប់​ខ្លួន​មនុស្ស​បន្ថែម​ទៀត​ពាក់ព័ន្ធ​នឹង​ទង្វើ​របស់​លោក ​កឹម សុខា ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ក្បត់ជាតិ។

អ្នកស្រី មូរ សុខហួរ អនុប្រធាន​បក្ស​ប្រឆាំង​បានចេញ​ពី​កម្ពុជា ​ក្រោមមូលហេតុ​បារម្ភ​ថា​ នឹង​មាន​ការ​ចាប់​ខ្លួន​អ្នកស្រី។ ​ការ​ចាក​ចេញ​យ៉ាង​ប្រញាប់​ប្រញាល់​នេះ​កើត​មាន​ឡើង​បន្ទាប់​ពីលោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​បាន​ប្រកាស​ថា​នឹង​ចាប់​ខ្លួន​មនុស្ស​បន្ថែម​ទៀត​ ពាក់ព័ន្ធ​នឹង​ទង្វើ​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក កឹម សុខា ដែល​ត្រូវ​បានចោទ​ប្រកាន់ពីបទក្បត់ជាតិ។

អ្នក​តាមដាន​ស្ថាន​ការណ៍​នយោបាយ និង​សិទ្ធិមនុស្ស​លើក​ឡើង​ថា ​ការ​ចាកចេញ​របស់​ក្រុមមន្រ្តី​បក្ស​ប្រឆាំង​គឺជា​សញ្ញាណ​នៃ​ការ​បែក​ខ្ញែក​របស់​គណបក្ស​ប្រឆាំង​កាន់តែខ្លាំង និង​បង្ហាញ​ពីការ​ស្លាប់​លទ្ធិ​ប្រជា​ធិបតេយ្យនៅ​កម្ពុជា។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​អ្នកស្រី ​មូរ សុខហួរ ​អះអាង​ថា ​អ្នក​ស្រី ​និង​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ផ្សេង​ទៀត​សម្រេច​ចាកចេញ​ពី​កម្ពុជា​ដើម្បី​សង្គ្រោះ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ ជា​ជាង​ចាំ​ឲ្យ​សមត្ថកិច្ចរបស់​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ ​ប្រើ​ច្បាប់​មិន​ត្រឹមត្រូវ​មក​ចាប់​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ។​

អ្នកស្រី ​មូរ សុខហួរ ​ថ្លែង​បែប​នេះ ​ក្រោយ​ការ​ចាកចេញ​ពី​កម្ពុជា​នៅព្រឹក​ថ្ងៃអង្គារ​ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​កាលពី​ថ្ងៃ​ទី២ ​ខែ​តុលា ​ប្រកាស​ថា​ ​នឹង​បន្ត​ចាប់​ខ្លួន​មនុស្ស​បន្ថែម​ទៀត​ដែល​លោក​បញ្ជាក់​ថា ​ជា​អ្នក​ដែល​គាំទ្រ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។​ ការ​ប្រកាស​របស់​លោក​ ហ៊ុន សែន​ ធ្វើ​ឡើង​ ក្រោយ​ពេលលោក ​កឹម សុខា ​ប្រធានគណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ តាម​ការ​ចោទ​ពី​បទ​ក្បត់ជាតិ។

ថ្លែង​ប្រាប់​ VOA នា​យប់​ថ្ងៃអង្គារ​តាមរយៈ​ទូរស័ព្ទ​ពី​ក្រៅ​ប្រទេស​ អ្នកស្រី ​មូរ សុខហួរ ​លើក​ឡើង​ថា អ្នកស្រី​បាន​សម្រេច​ចាកចេញ​ពី​កម្ពុជា ​ក្រោយ​ពី​លោក​នាយក​រដ្ឋមន្រ្តី​បាន​ព្រមាន​ចាប់​ខ្លួន​មនុស្ស​បន្ថែម​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​លោក​ កឹម សុខា។ ​អ្នកស្រី​បន្ថែម​ថា ​រដ្ឋាភិបាល​បាន​រៀបចំ​រួច​ជាស្រេច​ដើម្បី​ចាប់​ខ្លួន​តំណាង​រាស្រ្ត ​រួមទាំង​មន្រ្តី​ជាន់ខ្ពស់​ផ្សេង​ទៀត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដូច្នេះ​អ្នក​ស្រី​ថា ​អ្នកស្រី ​និង​ក្រុម​តំណាង​រាស្រ្ត​ ព្រមទាំង​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេង​ទៀត ​នឹង​នៅ​ក្រៅ​ប្រទេស​ដើម្បី​តស៊ូ​មតិ ​ទាមទារ​លទ្ធិ​ប្រជា​ធិបយ្យ​នៅ​កម្ពុជា​ ជាជាង​បណ្តោយ​ឲ្យ​គេ​ចាប់​ខ្លួន​ទៅ​ឃុំឃាំង​ដោយ​មិន​ស្រប​តាម​ច្បាប់។​

រូបឯកសារ៖ លោកស្រី មូរ សុខហួរ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ពិធី​ជួបជុំ​បេក្ខនារី​សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ទីស្នាក់ការ​គណបក្ស​ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៧​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

អ្នក​តំណាង​រាស្រ្ត​មាន​សញ្ជាតិ​អាមេរិកាំង​រូបនេះ​បញ្ជាក់​ថា៖​

«យើង​ដឹង​ហើយ ​ការ​ចាប់​ចង​នេះ​គឺជា​សេណារីយ៉ូ ​នៅ​ក្នុង​ការ​ធ្វើ​ដូច​ម្តេច​ដើម្បី​ឲ្យ​អ្នក​កាន់​អំណាច​បាន​កាន់​អំណាច​បន្ត​ទៀត។​ បើសិន​ជា​គ្មាន​ប្រជា​ធិបតេយ្យ​ បើសិន​មាន​តែ​ការ​គំរាម​កំហែង​ ឮ​សូរ​តែ​ចាប់​ចង ​ចាប់​ហើយ​និង​ចង ដូច្នេះ​ខ្ញុំ​យល់​ថា​ យើ​ង​ត្រូវ​តែ​រក​វិធី​សាស្រ្ត​ផ្សេង​ដើម្បី​ជំរុញ ​ដើម្បី​លើក​ស្ទួយ ​ដើម្បី​សង្គ្រោះ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​យើង»។

កាល​ពី​ថ្ងៃទី២​ ខែ​តុលា ​លោក​ ហ៊ុន សែន ​នាយក​រដ្ឋមន្រ្តី​ដែល​កាន់​អំណាច​ជាង​ ៣០​ឆ្នាំ​ថ្លែង​ថា ​លោក​នឹង​មិន​បញ្ចប់សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ​ ដោយ​ចាប់​ខ្លួន​មនុស្ស​តែ​ម្នាក់​នោះទេ។​ លោក​ទំនង​ជា​ថ្លែង​សំដៅ​លើ​លោក ​កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​និង​មន្រ្តី​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត។​ លោក​បន្ថែម​ថា ​មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រឆាំង​មួយ​ចំនួន​បាន​ធ្វើ​ការ​អធិប្បាយ​ដោយ​ព្រហើន​រួច​មក​ហើយ​ ​ក្នុង​ខេត្ត​កំពង់​ធំ​ ព្រះវិហារ​ និង​សៀមរាប​ ដែល​ខេត្ត​ទាំងនោះ​ជា​ខេត្ត​ដែល​អ្នកស្រី​ មូរ សុខហួរ​ បាន​ចុះ​ទៅ​ពង្រឹង​សតិ​អារម្មណ៍ ​និង​ផ្សព្វផ្សាយ​ពី​ស្ថាន​ការណ៍​នយោបាយ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​រមណីយដ្ឋាន​របស់​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ខេត្ត​សៀមរាប​ លោក ​ហ៊ុន សែន ​បញ្ជាក់​ថា៖​

«យើង​បាន ​និង​កំពុង​ធ្វើ​សកម្មភាព​បន្ត​ទៅ​ទៀត ​មិនមែន​បញ្ចប់​ត្រឹម​ចាប់​មនុស្ស​ម្នាក់​ទេ។​ សូម​ផ្តាំ​ឲ្យ​ហើយ!​ មិនមែន​បញ្ចប់​ត្រឹម​ចាប់​ខ្លួន​មនុស្ស​ម្នាក់​ទេ ​ព្រោះ​នេះ​ជា​ការរៀបចំ​ និង​ធ្វើ​សកម្ម​ភាព​ជា​ប្រព័ន្ធ​តែម្តង។ ​ដូច្នេះ​ខ្ញុំ​និយាយ​ប៉ុណ្ណេះ​ អ្នក​ដទៃ​អាច​យល់​បាន ​ហើយ​កំពុង​ប្រើ​ភាព​ជម្លើយ​ នៅ​តំបន់​បី​ខេត្ត​រួច​ហើយ»។​

ចាប់​តាំង​ពី​ពេល​ដែលលោក ​កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បានចាប់​ខ្លួន ​និង​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ កាលពី​ដើម​ខែ​កញ្ញា​នេះ ​គេ​ឃើញ​មន្រ្តី​ជាន់​ខ្ពស់ ​និង​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​ជាច្រើន​រូប ​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់។

លោក​ សុន ឆ័យ ​ប្រធាន​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ ​ប្រាប់​ VOA ​កាល​ពី​សប្តាហ៍​មុន​ថា ​អ្នក​តំណាង​រាស្រ្ត​ចំនួន​២២​រូប ​រួមទាំង​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត​ បាន​ចាកចេញ​ពី​កម្ពុជាទៅ​កាន់​ប្រទេស​ផ្សេងៗ​គ្នា ​ដើម្បី​ពន្យល់​អំពី​ស្ថាន​ភាព​នយោបាយ​នៅ​កម្ពុជា​ប្រាប់​អ្នកគាំទ្រ​គណបក្ស​ខ្លួន​នៅ​តាម​បណ្តា​ប្រទេស​ទាំង​នោះ។​ លោក​បាន​បន្ថែម​ថា ​អ្នក​ទាំង​នោះ​នឹងត្រឡប់​មក​កម្ពុជា​វិញ​នា​ដើម​ខែ​តុលា​នេះ។​

ទោះជា​យ៉ាង​ណា ​រហូត​មក​ដល់​ពេល​នេះ ​មិន​ទាន់​មាន​តំណាង​រាស្រ្ត​ ឬ​មន្រ្តី​ជាន់​ខ្ពស់​រូបណា​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ឡើយ ​ក្នុង​នោះ​រួម​មាន​លោក​ អេង ឆៃអ៊ាង លោក យឹម សុវណ្ណ លោក​ គង់ សភា លោក ញ៉យ ចំរើន ជា​ដើម​ដែល​ជា​អ្នក​តំណាង​រាស្រ្ត។ ​ចំណែក​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​មាន​ដូចជា​ ​លោក ​ហ៊ីង សុខសាន្ត ​ប្រធាន​ក្រុម​យុវជន​គណបក្ស​ប្រឆាំង ​កូន​ស្រី​ទាំង​ពីរ​របស់​លោក​ កឹម សុខា​ គឺ​កញ្ញា ​កឹម មនោវិទ្យា ​និង​កញ្ញា កឹម សម្មាធីតា ​ព្រមទាំង​មន្រ្តី​ជាច្រើន​រូប​ទៀត។​

យ៉ាង​ណាក៏​ដោយ ​អ្នកស្រី ​មូរ សុខហួរ ​បាន​ប្រាប់ ​VOA ​បន្ថែម​ថា ​មន្រ្តី​ និង​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​ទាំង​នោះ ​នឹង​ត្រឡប់​មក​កម្ពុជា​វិញ​ លុះត្រា​តែមាន​ការធានាឲ្យ​គណបក្ស​ប្រឆាំង​អាច​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌។ ​អ្នកស្រី​ក៏​បាន​អំពាវ​នាវ​ឲ្យ​មន្រ្តី​ ព្រម​ទាំង​ប្រជា​ពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​ទាំងអស់​ កុំ​អស់​សង្ឃឹម​ ដោយ​ថា​ អ្នកស្រី ​និង​តំណាង​រាស្រ្ត​ដែល​កំពុង​នៅ​ក្រៅ​ប្រទេស​ផ្សេង​ទៀត ​កំពុង​ស្វែង​រក​ដំណោះ​ស្រាយ​ពី​សហគមន៍អន្តរជាតិ។​

កន្លង​មក​គេ​សង្កេត​ឃើញ​ថា ​រាល់​ពេល​ដែល​លោក​នាយក​រដ្ឋមន្រ្តី​ប្រកាស​ថា ​នឹង​ចាប់​ខ្លួន​នរណា​ម្នាក់ ​ឬ​ក្រុម​ណាមួយ ​គេ​តែង​ឃើញ​ជន​នោះ​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ ​តួយ៉ាង​ដូចជាការ​ប្រកាស​ឲ្យ​ចាប់​ខ្លួន​លោក ​ហុង សុខហួរ ​សមាជិក​ព្រឹទ្ធ​សភា​ និង​លោក ​អ៊ុំ សំអាន ​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ជាដើម។ ​អ្នក​ទាំងពីរ​សុទ្ធ​តែ​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​រឿង​ផែនទី​ព្រំដែន​កម្ពុជា-វៀតណាម ​ដែល​ការ​ចាប់​ខ្លួន​នោះ​កើត​ឡើង​ ក្រោយការ​ប្រកាស​របស់​លោក ហ៊ុន សែន ​បាន​បន្តិច។​

អ្នក​គាំទ្រ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​ឈរ​កាន់​បដារូប​លោក​ កឹម សុខា នៅ​ខាង​ក្រៅ​តុលាការ​ឧទ្ធរណ៍ នៅរាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧។

លោក ​ខៀវ សុភ័គ ​អ្នកនាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ ​ប្រាប់​ VOA​ នាព្រឹក​ថ្ងៃ​ពុធ​នេះ​ថា​ រហូត​មក​ដល់​ពេល​នេះ​មិនទាន់​មាន​ដីកា​ពី​តុលាការ​ ឬ​ការ​ប្រកាស​ឲ្យ​ចាប់​ខ្លួន​អ្នកស្រី​ មូរ សុខហួរ ​ឬ​ជនណា​ម្នាក់​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​របស់​លោក ​កឹម សុខា ​នោះ​ទេ។ ​ទោះ​យ៉ាង​ណា​ ​លោក​ថា ​ទង្វើ​របស់​អ្នកស្រី ​មូរ សុខហួរ ​កន្លង​មក ​ដូចជា​ការ​លើក​ស្លាក​ទាមទារ​ឲ្យ​ដោះ​លែង​លោក ​កឹម សុខា ​ជាដើម​នោះ​ គឺ​ជា​សកម្មភាព​ខុស​ច្បាប់។​

លោក​មាន​ប្រសាសន៍​ថា៖​

«ជា​ការ​លើក​ផ្លាក ជា​ការ​ដើរ​បំផុស​បំផុល​តាម​ស្នាក់ការ​របស់​គាត់​ កន្លង​មក​ឃើញ​មាន​នៅ​សៀមរាម ​មាន​នៅ​ព្រះ​វិហារ ​មាន​នៅ​កំពង់ធំ ​និង​មាន​បន្ត​ទៅ​ទៀត​តាម​ខេត្ត។​ ដូច្នេះ​ពេល​ដែល​មាន​ប្រសាសន៍​របស់​សម្តេច​នាយក​នៅ​ខេត្ត​សៀមរាប​កាល​ពី​ម្សិលម្ង៉ៃ ​ជំទាវ ​មូរ សុខហួរ ​គាត់​គោ​ដំបៅ​ខ្នង ​ស្មាទោស​តាម​ពាក្យ​ខ្មែរ​ ក៏​រំសាយ​កន្ទុយ​ ក៏​រត់​ទៅ។​ អត់​ទាន់​មាន​ផែនការ​ ឬ​អត់​ទាន់​មាន​ការ​ចោទ​ប្រកាន់​ណា​មួយ​ពី​តុលាការ​ថា ​ត្រូវ​ចាប់​ខ្លួន​ទេ»។​

ការ​ចាក​ចេញ​ជា​បន្តបន្ទាប់​របស់​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​នឹង​មិន​បង្អាក់​ដល់​សកម្មភាព​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្នាក់​មូលដ្ឋាន​ ក៏ដូច​ជា​ក្នុង​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ផ្ទៃ​ក្នុង​គណបក្ស​ទេ។ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក​ ម៉ៅ មុនីវណ្ណ​ តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កំពង់​ចាម​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​ ម៉ៅ​ មុនីវណ្ណ​ បានប្រាប់​ VOA ​នៅថ្ងៃ​ពុធ​នេះ​ថា​ ការ​ចាកចេញទៅ​ក្រៅ​ប្រទេសជា​បន្តបន្ទាប់​របស់​ក្រុម​តំណាង​រាស្ត្រ​នោះ​គឺ​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ឯកជន​ ហើយ​ពួកគេ​មួយ​ចំនួន​បាន​ចេញ​ទៅ​ មុនការ​ចាប់​ខ្លួន​លោក​ កឹម សុខា​ មេ​ដឹកនាំ​គណបក្ស​ប្រឆាំង។​ លោក​បញ្ជាក់​ថា​ ការ​ចាកចេញ​របស់​អ្នកស្រី​ មូរ សុខហួរ​ កាល​ពី​ពេល​ថ្មីៗ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​អ្នកស្រី​ទទួល​បាន​សារ​ព្រមាន​អំពី​លទ្ធភាព​ដែល​អាច​នាំ​ទៅ​រក​ការ​ចាប់​ខ្លួន។​ យ៉ាងណាក្តី​ លោក​និយាយ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​រឹងមាំ ​ទោះបី​សមាសភាព​ថ្នាក់​ដឹកនាំ​គណបក្ស​បាន​ចេញ​ពី​ប្រទេស​ក្តី។​

សម្រាប់​ជំហរ​លោក​ផ្ទាល់​ លោក​ ម៉ៅ​ មុនីវណ្ណ​ អះអាង​ថា​ លោក​នឹង​បន្ត​ស្ថិត​ក្នុង​ប្រទេស​ ដើម្បី​រួម​ចំណែក​ការងារ​ជាមួយ​ក្រុម​សកម្មជន​ មន្ត្រី​ និង​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​ នៅ​គ្រា​ដែល​ស្ថាន​ការណ៍​នយោបាយ​ មិន​ទាន់​មាន​ភាព​ធូរស្រាល​វិញ​នោះ។​

លោក​បញ្ជាក់​ថា៖​

«ចំពោះ​ខ្ញុំ​ ខ្ញុំ​បាន​សម្រេច​ចិត្ត​ហើយ​ថា​ ខ្ញុំ​នៅ​ជាមួយ​នឹង​សកម្មជន​ សកម្ម​នារី​គណបក្ស​ ជា​ពិសេស​គឺ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​៥០០៧​នាក់​ និង​ថ្នាក់​ដឹកនាំ​ដទៃ​ទៀត។ ជាពិសេស​ ​ប្រធាន​គណបក្ស​លោក​ត្រូវ​ជាប់​នៅ​ក្នុង​មន្ទីរឃុំ​ឃាំង​ ដូច្នេះ​ខ្ញុំ​នៅ​បន្ត​ ការ​ដឹកនាំ​ និរន្តរភាព​គណបក្ស​បន្ត​ទៅ​ទៀត»។​

លោក​ ប៉ុល ហំម​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​ស្ថិត​ក្នុង​ប្រទេស​ ​បាន​បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​ទេ។​

អ្នកស្រី​ មូរ សុខហួរ​ តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​បាត់​ដំបង​ ត្រូវ​គេ​ដឹង​ថា​ បាន​ធ្វើ​កិច្ចការ​នយោបាយ​ជាច្រើន​នៅ​ថ្នាក់​មូលដ្ឋាន​ ហើយ​ចុងក្រោយ​នេះ​ អ្នកស្រី​បាន​ប្រកាស​ឲ្យ​សកម្មជន​គណបក្ស​ប្រឆាំង​លើក​ស្លាក​ទាម​ទារ​ឲ្យ​ដោះលែង​លោក​ កឹម សុខា ​ពី​ពន្ធនាគារ។ ​ក្រោយ​ការ​ប្រកាស​នេះ​តែ​ប៉ុន្មាន​ថ្ងៃ​ ​អាជ្ញាធរ​កម្ពុជា​ បាន​ចោទ​ប្រកាន់​ថា​ សកម្មភាព​នេះ​ជាផ្នែក​មួយ​នៃ​ចលនា​បដិវត្តន៍​ពណ៌។​

លោក​ ម៉ៅ មុនីវណ្ណ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ការ​ប្រកូក​ប្រកាស​ឲ្យ​លើក​ស្លាក​ទាម​ទារ​ឲ្យដោះលែង​លោក​ កឹម សុខា ​នោះ​ មិន​ទាក់ទង​នឹង​ការ​ចាកចេញ​របស់​អ្នក​ស្រី​ មូរ សុខហួរ​ នោះ​ឡើយ។ ​លោក​បន្ថែម​ថា​ សម្ពាធ​នយោបាយ​ក្នុង​ប្រទេស​បាន​បង្ខំឲ្យ​អ្នកស្រី ​ក៏ដូចជា​តំណាង​រាស្ត្រ​ផ្សេង​ទៀត​ ចាក​ចេញ​ពី​ប្រទេស។​ លោក​អះអាង​ផង​ដែរ​ថា​ ទោះបី​ជា​ស្ថានភាព​នយោបាយ​កម្ពុជា​តានតឹង​បែបណា​ក៏​ដោយ​ ការ​សម្រប​សម្រួល​គ្នា​នឹង​អាច​ធ្វើ​ឡើង​ ហើយ​ថា​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ​ប៉ុណ្ណោះ។​

អ្នកស្រី​ មូរ សុខហួរ​ ​ស្ថិត​ក្នុង​ចំណោម​តំណាង​រាស្ត្រ​យ៉ាង​ហោច​ណាស់​៧​រូប​ ដែល​នៅ​រង​បណ្តឹង​អាជ្ញា​ ពាក់​ព័ន្ធ​នឹង​បាតុកម្ម​ហិង្សាកាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៤​ ត្រង់​ម្តុំ​ស្ពាន​នាគ​ ជាប់ទីលាន​ប្រជា​ធិបតេយ្យ​ចាស់។​

ក្រុម​អ្នក​វិភាគ​យល់​ឃើញ​ផ្សេងៗ​គ្នា​អំពី​ការ​ចាកចេញ​របស់​អ្នកស្រី មូរ សុខហួរ​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​តំណាងរាស្ត្រ​ផ្សេង​ទៀត។​

លោក ​មាស នី ​អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម ​ថ្លែង​ថា​ ​ការ​ចាកចេញ​របស់​ក្រុម​មន្រ្តី​គណបក្ស​ប្រឆាំង​គឺ​ជា​ជម្រើស​ត្រឹមត្រូវ ​ប្រសិន​បើ​ពួកគេ​ទៅស្វែង​រក​ដំណោះ​ស្រាយ​ពីក្រៅ​ប្រទេស។​ ប៉ុន្តែ​លោក​ថា ​ប្រសិនបើ​ពួក​គេ​ចាក​ចេញ​ដោយ​គ្រាន់តែ​សម្ងំ​លាក់​ខ្លួន​មិន​ធ្វើអ្វី​សោះ​នោះ​ វា​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​គាំទ្រ​គណបក្ស​ប្រឆាំង។​

លោក​បញ្ជាក់​ថា៖​

«បើសិនជា​គ្រាន់​តែ​ចេញ​ទៅ​ហើយ​បាត់​ស្ងាត់​ឈឹង​ទៅ ​អាហ្នឹង​បាន​ន័យ​ថា​ ការ​រត់​ហ្នឹង​ជា​ការ​ភ័យ​ខ្លាច ​ជាជាង​ការ​ទៅ​ធ្វើ​ការទូត។​ ផល​ប៉ះពាល់​វា​អាច​ធ្វើ​ឲ្យ​គណបក្ស​កាន់អំណាច​គេ​សប្បាយ​ចិត្ត។​ អាហ្នឹង​បើ​យើង​និយាយ​ថា​គ្រាន់​តែ​ទូង​ស្គរ​មួយ​ នាំ​គ្នា​រត់​ចែក​ផ្លូវ​គ្នា​អស់។ ​ដល់​អីចឹង​ទៅ​វាធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​កាន់​តែ​មាន​ឱកាស​វាយ​ប្រហារ​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ ជា​គណបក្ស​កំសាក​ ជា​អ្នក​កំសាក​អីអីចឹង»។​

លោក​ Sebastian Strangio​ ​អ្នក​និពន្ធ​សៀវភៅ​ ​Hun Sen’s Cambodia​ បាន​ប្រាប់​ VOA ​តាម​សារ​អេឡិច​ត្រូនិក​ ឬ ​Email ​ថា ​ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង​នឹង​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​ពី​ក្រៅ​ប្រទេស​ គ្រា​ដែល​មេ​ដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​មួយ​ចំនួនកំពុង​រស់​នៅ​និរទេស​ខ្លួន​ក្រៅ​ប្រទេស​ លាក់​ខ្លួន​ និង​ជាប់​ក្នុង​ពន្ធនាគារ។ ​លោក​បន្ថែម​ថា​ គណបក្ស​ប្រឆាំង​អាច​ពិបាក​ទាញ​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​បរទេស​មក ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន​ ​ដែល​ពួក​គេ​ ជារឿយៗ​ បាន​ធ្វើ​កាល​ពី​ពេលមុន​ ព្រោះ​ថា​បញ្ហា​មនុស្ស​ធម៌​ជាច្រើន​បាន​កើតឡើង​ក្នុង​តំបន់ ​ដូចជា​បញ្ហា​ជនជាតិ​ Rohingya ​នៅ​ក្នុង​ប្រទេស​ភូមា​ជា​ដើម។​

លោក​ Sebastian ​បាន​សរសេរ​តាម​សារ​អេឡិចត្រូនិក​ ឬ ​Email ​ក្នុង​ន័យដើម​ថា៖​

«រដ្ឋាភិបាល​បរទេស​ជាច្រើន​នឹង​ថ្កោល​ទោស​លោក​ ហ៊ុន សែន​ ដោយ​ប្រើ​ពាក្យ​សម្តី​ តែ​ការ​ចាត់​វិធាន​ការ​ដែល​មាន​ប្រសិទ្ធភាព​ណាមួយ​នោះ​ ទំនង​ជា​មិន​អាច​កើត​មាន​នោះ​ទេ»។​

រូបឯកសារ៖ កម្លាំងប៉ូលិស​ចុះ​បង្ក្រាប​ក្រុម​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដែលកំពុង​តវ៉ា​នៅមុខ​រដ្ឋសភាប្រឆាំងនឹង​ច្បាប់ស្តីពីសមាគម និង​អង្គការមិនមែនរដ្ឋាភិបាល កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥។

លោក​ថ្លែង​បន្ត​ថា​ ជា​ការ​ប្រសើរ​សម្រាប់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​យុទ្ធនាការ​ពី​ក្នុង​ប្រទេស។​ ប៉ុន្តែ​ការ​សង្កត់​សង្កិន​របស់​រដ្ឋាភិបាល​បានធ្វើ​ឲ្យ​ពួក​គេ​សឹង​តែ​គ្មាន​លទ្ធភាព​ធ្វើ​យុទ្ធនាការ​ទេ។ ​លោក​សង្កត់​ធ្ងន់​ថា​ បើគិត​ដល់​ព្រឹត្តិ​ការណ៍​ថ្មីៗ​នេះ​ វា​មិន​ប្រាកដ​ថា​ គណបក្ស​ប្រឆាំង​អាច​នឹង​រស់រាន​មាន​ជីវិត​នៅ​មុន​ការ​បោះឆ្នោត​នោះ​ឡើយ។​

លោក​ អ៊ា សុផល​ ជាអ្នក​និពន្ធ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា​ «ការ​ពឹង​ផ្អែក​ជំនួយ​ក្នុង​ប្រទេស​កម្ពុជា៖ ​តើ​ជំនួយ​បរទេស​ធ្វើ​ឲ្យ​អន្តរាយ​លទ្ធិ​ប្រជា​ធិបតេយ្យ​យ៉ាង​ដូច​ម្តេច‍?»។ លោកបាន​ប្រាប់​ VOA​ តាម​រយៈ​សារ​អេឡិច​ត្រូនិចថា​ ការ​ចាក​ចេញ​របស់​ក្រុម​តំណាងរាស្ត្រ​ និង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​ គឺជា​រឿង​អាក្រក់​សម្រាប់​គណបក្ស​នេះ។ ​លោក​បញ្ជាក់​ថា​ ការភ័យខ្លាច​ការ​ចាប់​ និង​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត​គឺជាដើម​ចម​នៃការ​ចាកចេញ​របស់​ពួក​គេ។​

អ្នក​វិភាគ​នយោបាយ​កម្ពុជា​រូប​នេះ​មើល​ឃើញ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​រង​ការ​ប្រេះស្រាំ​ គ្រា​ដែល​ក្រុម​មន្ត្រី​ និង​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​នេះ​សម្រុក​ចេញ​ទៅ​ក្រៅ​ប្រទេស​នោះ។​

លោក​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​

«កិច្ចការ​មួយ​ចំនួន​អាច​ធ្វើ​បាន​ពី​ចម្ងាយ​ ប៉ុន្តែ​មិនមែន​ទាំងអស់​នោះ​ទេ។​ វា​អាច​ធ្វើ​ឲ្យ​គណបក្ស​បែក​បាក់។​ វា​អាច​ធ្វើ​ឲ្យ​បុគ្គល​ ដែល​គេ​មិន​សូវ​ស្គាល់​ ចូល​មក​ពាក់​ព័ន្ធ​ ហើយ​បង្កើន​បញ្ហា»។​

លោក​បាន​បន្ថែម​ថា​ ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ជា​គណបក្ស​មួយ​ដ៏ធំ​ ដូច​ជា​នាវា​មួយ​ ដូច្នេះ​មេក្រុម​ដឹក​នាំ​កប៉ាល់​នេះ​មិន​ត្រូវ​បោះបង់​កប៉ាល់​នេះ​ចោល​នោះ​ឡើយ។ ​យ៉ាងណា​ក៏​ដោយ ​លោក​ថា​ គណបក្ស​ប្រឆាំង​នៅ​មាន​ពេល​ច្រើន​ ដើម្បី​កែប្រែ​ស្ថាន​ការណ៍ ​ដែល​នឹង​មិន​ធ្វើ​ឲ្យ​កប៉ាល់​នេះ​លិច​នោះ​ទេ។​

ដោយ​ឡែក​ លោក​ Phil Robertson​ នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ Human Rights Watch ​ប្រចាំ​តំបន់​អាស៊ី ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​នា​រសៀល​ថ្ងៃ​ពុធ​នេះ ​ដោយ​និយាយ​ថា​ ការ​គេច​ចេញ​របស់​អ្នកស្រី​ មូរ​ សុខហួរ​ មិន​មាន​រឿង​ត្រូវ​ភ្ញាក់​ផ្អើល​ទេ​ ដោយសារ​មាន​ការ​គំរាម​កំហែង​នានា​ពី​លោក​ ហ៊ុន សែន ដែល​ជន​ផ្តាច់​ការ​សម្បូរ​ទ្រព្យ​សម្បតិ្ត​នោះ។​

អ្នក​តាម​ដាន​ស្ថានភាព​សិទ្ធិ​មនុស្ស​រូបនេះ​បានលើក​ឡើង​ថា​ គ្រប់ៗគ្នា​ពិត​ជា​សង្ស័យ​ថា​ លោក​ ហ៊ុន សែន​ អាច​នឹង​បញ្ជាឲ្យ​មាន​ការ​បង្ក​អំពើ​ហិង្សា​ដោយ​ទាហាន​ និង​ប៉ូលិស​ ហើយថា​ ​លោក​គ្រប់​គ្រង​តុលាការ​ ដែលជា​អាយ៉ងរបស់​លោក​ពេញ​ទី​នៅកម្ពុជា។ ​លោក​ Phil Robertson​ បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ក្នុង​ន័យ​ដើម​ថា៖​

«ប្រសិន​បើ​រាល់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​សំខាន់ៗ​ត្រូវបាន​បង្ខំ​ឲ្យ​ចេញពី​ប្រទេស​ ដោយសារ​ការចោទ​ប្រកាន់​ក្លែងក្លាយ​ថា​ ពួកគេ​មាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​ធ្វើ​បដិវត្តន៍​ដ៏​ស្រមើស្រម៉ៃ​ប្រឆាំង​នឹង​រដ្ឋាភិបាល​នោះ នោះ​វា​នឹង​បញ្ជាក់​ពី​ការ​ស្លាប់​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា»។​

លោក​ Phil Robertson បាន​បញ្ជាក់​បន្ថែម​ថា​ លោក​ ហ៊ុន សែន​ ទំនងជា​មាន​ផែនការ​ប្រើប្រាស់​ការ​បំភិត​បំភ័យ​ និង​ការ​បន្លាច​ ដើម្បី​យក​ឈ្នះ​ នៅមុន​ពេល​ដែល​សន្លឹកឆ្នោត​មិន​ទាន់​ទាំង​ត្រូវ​បាន​គេ​បោះ​ផង​នោះ៕​

រាយការណ៍​បន្ថែមដោយ​លោក ​ហ៊ុល រស្មី VOA