ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ​កឹម សុខា​ អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ជួយ​សង្គ្រោះ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា


អ្នក​គាំទ្រ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​ឈរ​កាន់​បដារូប​លោក​ កឹម សុខា នៅ​ខាង​ក្រៅ​តុលាការ​ឧទ្ធរណ៍ នៅរាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧។
អ្នក​គាំទ្រ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​ឈរ​កាន់​បដារូប​លោក​ កឹម សុខា នៅ​ខាង​ក្រៅ​តុលាការ​ឧទ្ធរណ៍ នៅរាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧។

លោក​ ​កឹម សុខា​ បាន​សរសេរ​លិខិត​ពី​ក្នុង​ពន្ធនាគារ​ ​ដោយ​អំពាវ​នាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​សង្គ្រោះ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ​និង​ស្នើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​ក្នុង​ឆាក​នយោបាយ​ដោយ​មិន​ត្រូវ​តក់​ស្លុត។

លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ចេញ​ពី​ក្នុង​ពន្ធនាគារ​ ​ដោយ​អំពាវ​នាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​សង្គ្រោះ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ ​និង​ស្នើ​ឲ្យ​ពល​រដ្ឋ​ខ្មែរ​ចូលរួម​ក្នុង​ឆាក​នយោបាយ​ដោយ​មិន​ត្រូវ​តក់​ស្លុត។​

លិខិត​នោះ​ ដែល​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​របស់​លោក​ ​កឹម សុខា​ ​ផ្ទាល់ ​និង​លើ​បណ្តាញ​សង្គម​របស់​មន្រ្តី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត​ ​នា​ល្ងាច​ថ្ងៃ​ចន្ទ​នេះ​ បាន​ផ្ញើ​ជូន​រួម​ជាតិ​ខ្មែរ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ ហើយ​នឹង​សហគមន៍​អន្តរជាតិ​ ​សមត្ថកិច្ច​ ​និង​ស្ថាប័ន​ជាតិ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។

លោក​ ​កឹម សុខា​ ​សរសេរ​បន្ថែម​ក្នុង​លិខិត​នោះ​តាម​ន័យ​ដើម​ថា៖​

«ខ្ញុំ​ ​កឹម សុខា​ ​ពុំ​ដែល​បាន​ និង​ក៏​មិន​មាន​ផែនការ​ណាមួយ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ស្លាប់​ ​ឬធ្វើ​ឲ្យ​បាត់​បង់​អធិបតេយ្យ​ ​បូរណភាព​ទឹក​ដី ​និង​ធនធាន​ធម្មជាតិ​ខ្មែរ​ឡើយ។​ ​ផ្ទុយ​ទៅ​វិញ ខ្ញុំ​តែង​តែ​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​ដោយ​អហិង្សា​ ​តាម​រយៈការ​បោះឆ្នោត​ ​ដោយ​សេរី​ ​ត្រឹមត្រូវ​ ​និង​យុត្តិធម៌»។​

លោក​ ​កឹម សុខា​ ​ក៏​បាន​អំពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ឆាក​នយោបាយ​ ហើយ​មិនត្រូវ​មាន​ភាព​ភ័យ​ខ្លាច​ ​ដើម្បី​ធ្វើការ​ផ្លាស់​ប្តូរ​មួយ​ដែល​ខ្មែរ​ចង់​បាន។​ ​លោក​ក៏​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ចាត់​វិធានការ​ សកម្មភាព​ជាក់​ស្តែង​ដើម្បី​ជួយ​សង្គ្រោះ​កម្ពុជា​ឲ្យ​ទាន់ពេល​ ​ដោយ​លោក​លើក​ឡើង​ថា ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​បាន​ធ្លាក់​នៅ​ដង្ហើម​ចុង​ក្រោយ។​

ក្នុង​លិខិត​ដដែល​នោះ​ ​ លោក កឹម សុខា​ ក៏​បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច ​រាជ​រដ្ឋាភិបាល ​និង​តុលាការ ​ពិចារណា​ឡើង​វិញ​នូវ​ការ​ចោទ​ប្រកាន់​លើ​រូប​លោក ដោយ​ថា​ នេះ​មិនមែន​ជា​យុទ្ធសាស្រ្ត​ដែល​ធ្វើ​ឲ្យ​ខ្មែរ​ណាម្នាក់​បាន​ទទួល​ប្រយោជន៍​យូរ​អង្វែង​ឡើយ។​

លោក​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​

«សូម​កុំ​សម្លាប់​សេដ្ឋកិច្ច​ខ្មែរ​ ​ដោយ​ការ​សម្លាប់​លទ្ធិ​ប្រជា​ធិបតេយ្យ។ ​បើ​ជាតិ​យើង​រស់ ​កូនចៅ​យើង​មិន​ថា​ គណបក្ស​ណា ​នឹង​រស់​ទាំងអស់​គ្នា។​ ​បើ​ជាតិ​យើង​ស្លាប់​ មិន​ថា​ អ្នក​មាន​លុយ ​ឬ​អំណាច​យ៉ាង​ណា​ឡើយ ​គឺ​នឹង​អស់​អ្វីៗ​គ្រប់បែប​យ៉ាង​ទាំងអស់​គ្នា»។​

លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ត្រូវ​បាន​អាជ្ញាធរ​សម្រុក​ចូល​ចាប់​ខ្លួន​ចេញ​ពី​ក្នុង​ផ្ទះ​របស់​លោក​នៅ​រាជធានី​ភ្នំពេញ​ទាំង​កណ្ដាល​យប់​រំលង​អធ្រាត្រ​ ​ចូល​ថ្ងៃ​ទី​៣ ​ខែ​កញ្ញា​ ​ដោយ​ចោទ​ថា​ លោក​បាន​រៀបចំ​ផែន​ការ​សម្ងាត់​ ​ដោយ​មាន​សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ​ ​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​បច្ចុប្បន្ន​ ​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន។​ ​ការ​ចោទ​ប្រកាន់​ និង​ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ​មាន​អភ័យ​ឯក​សិទ្ធិ​ដូច្នោះ បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ ​អន្តរ​ជាតិ​ ​និង​សហគមន៍​អន្តរជាតិ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG